លោកស្រី Kandi Wiens នាយកនៃកម្មវិធីសិក្សា Master’s in Medical Education របស់សាកលវិទ្យាល័យ Pennsylvania មានប្រសាសន៍ថា Burnout មិនមែនគ្រាន់តែកើតឡើងពីម៉ោងច្រើន ឬបន្ទុកការងារធ្ងន់នោះទេ ប៉ុន្តែដោយសារការកំណត់ពេលវេលាដ៏តឹងរ៉ឹង ជាមួយការងារបន្តបន្ទាប់ក្នុងពេលតែមួយ។
យ៉ាងណាមិញតាមការស្រាវជ្រាវរបស់ LinkedIn ចុះផ្សាយដោយកាសែត CNBC បានឱ្យដឹងថាការងារ៥ប្រភេទនេះ ជាការងារដែលមានអត្រាស្រ្តេស ឆាប់បាក់ទឹកចិត្ត និង Burnout ខ្ពស់បំផុត៖
១. ជាអ្នកគ្រប់គ្រងគម្រោង៖ លោកស្រី Wiens បានពន្យល់ថា ការងារទាំងនេះច្រើនតែជួប កិច្ចការងារច្រើនជាបន្តបន្ទាប់ មាបពេលវេលាកំណត់ដ៏តឹងរ៉ឹងនិងត្រូវដើរតួជាអាជ្ញាកណ្តាលជានិច្ច រវាងបុគ្គលិកនិងអតិថិជន ដែលទាំងអស់នេះអាចនាំឱ្យមនុស្សដែលធ្វើការផ្នែកនេះស្រ្តេសខ្លាំង។
២. ធ្វើការនៅសេវាថែទាំសុខភាព៖ ដោយសារការធ្វើការងារ មានពេលវេលាមិនទៀងទាត់ និងមិនសូវមានឱកាសសម្រាកគ្រប់គ្រាន់ ធ្វើឱ្យបុគ្គលិកផ្នែកសេវាថែទាំសុខភាព មានកម្រិតថប់បារម្ភខ្ពស់។
៣. បម្រើសេវាកម្មសហគមន៍ និងសង្គម៖ ការទទួលរងពាក្យបណ្តឹងនិងតម្រូវឱ្យដោះស្រាយបញ្ហាជាប្រចាំ ទើបធ្វើឱ្យពួកគេមានបញ្ហាស្រ្តេសជាប្រចាំ។
៤. អ្នកលក់ធានារ៉ាប់រង៖ ការងារដែលមិនសូវមានភាពទូលំទូលាយ និងតែងត្រូវគណនាអំពីហានិភ័យរបស់អតិថិជនជានិច្ច ដូច្នេះហើយទើបធ្វើឱ្យអ្នកធ្វើការផ្នែកនេះជួបអារម្មណ៍តានតឹងច្រើន។
៥. ការងារផ្នែកអប់រំ៖ ជាការងារមួយដែលតម្រូវឱ្យមានភាពជាគំរូនិងត្រូវអត់ធ្មត់ច្រើន ហេតុនេះបុគ្គលដែលធ្វើការនៅផ្នែកអប់រំភាគច្រើនតែងតែ តានតឹងចំពោះខ្លួនឯង ជាហេតុផលដែលធ្វើឱ្យពួកគេស្រ្តេសខ្ពស់។
យ៉ាងណាមិញយោងតាមការស្រាវជ្រាវថ្មីៗនេះរបស់ LinkedIn ដែលបានស្ទង់មតិអ្នកជំនាញជាង ១៦០០០នាក់ នៅសហរដ្ឋអាមេរិកពីចន្លោះខែមីនាដល់ខែមិថុនា បានឱ្យដឹងថាបុគ្គលិក បួននាក់ក្នុងចំណោមដប់នាក់ បានរាយការណ៍ថាពួកគេមានអារម្មណ៍ ស្រ្តេស ជាប់គាំងនិងអស់ថាមពល ក្នុងការងាររបស់ពួកគេ។
ក្នុងនោះលោកស្រី Kandi Wiens ជាម្ចាស់ស្នាដៃសៀវភៅ “Burnout Immunity” បានចង្អុលបង្ហាញថាសម្រាប់តួនាទីដែលមានអត្រានៃភាពស្រ្តេសនិងអស់ថាមពលខ្ពស់បែបនេះ លោកស្រីលើកទឹកចិត្តឱ្យផ្នែកធនធានមនុស្ស គួប្បីរៀបចំច្បាប់ឱ្យ បុគ្គលិកអាចទទួលបានដើម្បីគាំទ្រផ្នែកសុខុមាលភាពពីក្រុមហ៊ុន ពីអ្នកគ្រប់គ្រង និងមានការកំណត់ពេលវេលាការងារដែលអាចបត់បែនបាន ឬផ្តល់អត្ថប្រយោជន៍សម្រាប់សុខភាពផ្លូវចិត្ត៕
អត្ថបទដោយ៖ ពីង ជូអេង