ជាការពិតណាស់ ដើម្បីអាចកសាងអនាគតគ្រួសារមួយដែលល្អ មានពេលវេលាដើរលេងកម្សាន្ត មានថវិកាចូលមន្ទីរពេទ្យ ថ្លៃៗ ឬអាចបញ្ចូនកូនទៅរៀននៅសាលាល្អៗបាននោះ លោកអ្នកចាំបាច់ត្រូវមានប្រភពចំណូលច្រើន ហើយដើម្បីមាន ប្រភពចំណូលច្រើន លោកអ្នកត្រូវយល់ដឹងអំពីការចាត់ចែងលុយកាក់ ដែលខ្លួនខំប្រឹងរកមកយ៉ាងលំបាករាល់ខែនោះ។ ប៉ុន្តែសំណួរសួរថា តើធ្វើម៉េចទើបលោកអ្នកអាចមានអនាគតគ្រួសារមួយបានល្អនោះ? ថ្ងៃនេះ Business Cambodia សូមលើកយកក្បួនចាត់ចែងលុយរបស់សេដ្ឋីអាមេរិកគឺលោក Robert Kiyosaki និងភរិយា Kim Kiyosaki ។
សម្រាប់លោកអ្នកដែលនិយមអានសៀវភៅហិរញ្ញវត្ថុ ឬសៀវភៅធ្វើជំនួញផ្សេងៗ លោកអ្នកប្រហែលជាបានស្គាល់រួចមក ហើយ នូវកេរ្តិ៍ឈ្មោះដ៏ល្បី របស់លោក Robert Kiyosaki ដែលជាអ្នកជំនួញអចលនទ្រព្យអាមេរិក និងជាអ្នកនិពន្ធ សៀវភៅដ៏ល្បីជាច្រើនឆ្នាំ មានចំណងជើងថា “Rich Dad Poor Dad” ឬជាភាសាខ្មែរយើងតែងនិយមហៅថា “ឪពុកអ្នកមាន បង្រៀនកូនអ្នកក្រ” ។ យោងតាមការចុះផ្សាយដោយ celebritynetworth គិតត្រឹមឆ្នាំ២០២១នេះ សេដ្ឋីវ័យ៧៤ឆ្នាំ Robert Kiyosaki មានទ្រព្យសម្បត្តិសរុបប្រមាណជាង ១០០លានដុល្លារសហរដ្ឋអាមេរិក។
ទន្ទឹមនឹងភាពជោគជ័យនេះដែរ លោក Robert និង ភរិយាអ្នកស្រី Kim បានចែករំលែកនូវក្បួនចាត់ចែងលុយមួយ ចំនួន ដែលពួកគាត់បានប្រើ នៅពេលចាប់ផ្តើមកសាងទ្រព្យជាមួយគ្នាដំបូងៗ។ ដោយអ្នកស្រី Kim មានប្រសាសន៍ថា “កំហុសធំបំផុតរបស់ពួកយើង និងមនុស្សជាច្រើនទៀតនៅសហរដ្ឋអាមេរិក គឺពួកយើងចាយប្រាក់ដែលរកបានមកទាំង អស់” ។ អ្នកស្រីបានពន្យល់ថា ការសន្សំប្រាក់នៅសហរដ្ឋអាមេរិក គឺមានចំនួនតិចមែនទែន ដូច្នេះហើយ អ្នកស្រី និងលោក Robert ក៏បានបង្កើតក្បួនសន្សំមួយ ដែលមានឈ្មោះថា 3 Piggy Banks ឬមានន័យថា សន្សំក្នុងកូនជ្រូកទាំង៣។
3 Piggy Banks ឬក្បួនសន្សំក្នុងកូនជ្រូកទាំង៣នោះ គឺជាការដកប្រាក់ដែលខ្លួនរកបាន ចំនួន៣០% មិនខ្វល់ថា ប្រាក់នោះតិចឬច្រើនឡើយ ដោយចំនួន ១០% សម្រាប់ទុកក្នងគណនីសន្សំ ១០% ទៀត សម្រាប់គណនីវិនិយោគ និង១០% ចុងក្រោយ សម្រាប់បរិច្ចាកក្នុងកម្មវិធីមនុស្សធម៌ផ្សេងៗ។ អ្នកស្រីរៀបរាប់ថា ការសន្សំនេះ អ្នកស្រីមិន បានសន្សំសម្រាប់រយៈពេលយូរទេ ប៉ុន្តែអ្នកស្រី និងស្វាមី ចាត់ទុកវាជាការសន្សំ សម្រាប់ការវិនិយោគថ្មីរបស់ខ្លួន ដូច្នេះរាល់ការសន្សំទាំងអស់ គឺសម្រាប់យកទៅវិនិយោគគម្រោងថ្មីៗ ដូចជាទិញផ្ទះ ទិញអចលនទ្រព្យជាដើម។
ដោយឡែក ប្រាក់៧០ភាគរយដែលនៅសល់ គឺអ្នកស្រី និងស្វាមី មិនមែនសម្រាប់ចាយហ៊ឺហាឡើយ ប៉ុន្តែអ្នកស្រីចាយវា ទៅលើរបស់ចាំបាច់បំផុត ដូចជាថ្លៃអាហារ ការស្នាក់នៅ ឬមធ្យោបាយធ្វើដំណើរ និងសម្រាប់ការអភិវឌ្ឍន៍ខ្លួនជាដើម។ អ្នកស្រីបានសង្កត់ធ្ងន់ថា នៅពេលដែលយើងមានទម្លាប់ដកប្រាក់ តាមក្បួន ៣ខាងលើនេះ វានឹងជួយឱ្យយើង អាចសន្សំប្រាក់បានលឿនជាងមុន ហើយវានឹងក្លាយជាទុនវិនិយោគដំបូងបំផុតរបស់យើង ផងដែរ។
សរុបមកវិញ សម្រាប់លោកអ្នកដែលទើបនឹងរៀបការហើយថ្មីថ្មោង លោកអ្នកត្រូវតែមានផែនការដកប្រាក់សន្សំ ដកប្រាក់សម្រាប់វិនិយោគ និងដកប្រាក់សម្រាប់ការអភិវឌ្ឍខ្លួនផ្សេងៗជាដើម ទើបលោកអ្នកអាចមានទ្រព្យកាន់តែ ច្រើនបាន។ ត្រូវចាំថា លុយដែលលោកអ្នករកបាន បើអ្នកមិនដកសន្សំទេ វាមិនមែនជាលុយរបស់អ្នកឡើយ ពោលគឺជាលុយដែលអ្នកខំរកមកដើម្បីតែបង់ថ្លៃអាហារ ការកម្សាន្ត និងការទិញរបស់ហ៊ឺហាដែលនឹងធ្លាក់ថ្លៃវិញ នៅក្នុងរយៈពេល ១ឆ្នាំ ឬ២ឆ្នាំខាងមុនតែប៉ុណ្ណោះ។ ហើយលុយដែលអ្នករកបាន គឺបានតាមរយៈចំណេះជំនាញ ដែលអ្នកមាន ដូច្នេះបើអ្នកចង់មានលុយកាន់តែច្រើន អ្នកត្រូវតែជាមនុស្សមានជំនាញថ្មីៗ ជាប្រចាំ ៕