មិនជឿចាស់ស្រឡះដៃធេង! សេដ្ឋីហិរញ្ញវត្ថុ Dave Ramsey ប្រាប់របស់៤ដែលធ្វើឲ្យអ្នកសល់ទ្រព្យច្រើន
Toeuy HongMAY 23 20231.8 K views

ភាពមានបានមិនមែនអាចកើតឡើងត្រឹមពេលមួយយប់នោះ ហើយក៏មិនមានលុយនិងទ្រព្យសម្បត្តិណាដែលរកបានស្រួលៗនោះដែរពោលគឺទាមទារឲ្យអ្នកខិតខំប្រឹងប្រែងរកលុយហើយចេះចាត់ចែងលុយនិងចេះប្រើលុយឲ្យកើតជាកូនពូនជាចៅទើបអាចកសាងទ្រព្យជាហូហែរបាន។

និយាយជុំវិញការកសាងទ្រព្យនេះដែរ លោក Dave Ramsey អ្នកជំនាញហិរញ្ញវត្ថុក៏ល្បីរបស់អាមេរិកបានចែករំលែកនូវរឿងចំនួន៤សំខាន់ បើធ្វើបានអ្នកអាចកសាងទ្រព្យ សល់លុយ សល់ទ្រព្យសម្រាប់អនាគត។

. ធ្វើផែនការចំណាយ

 ត្រង់នេះលោក Dave Ramsey បានសង្កត់ធ្ងន់ថាមនុស្សជាច្រើនច្ងល់មិនដឹងថាតើលុយដែលបានទៅណាអស់ដោយសារតែពួកគាត់មិនបានធ្វើផែនការចំណាយឲ្យបានច្បាស់លាស់។ ការធ្វើផែនការចំណាយគឺជាការធ្វើផែនការចំណាយប្រចាំខែដោយធ្វើការតាមដានទាំងលុយចេញនិងលុយចូល ហើយមានគោលបំណងច្បាស់លាស់នូវការចំណាយនៃលុយដែលអ្នករកបាន។

ជំហាននៃការធ្វើផែនការចំណាយគឺដំបូងអ្នកត្រូវបូកសរុបចំណូលប្រចាំខែទាំងអស់ដែលអ្នករកបានដូចជាប្រាក់ខែ ការប្រាក់ ការវិនិយោគនិងចំណូលផ្សេងៗទៀត។ បន្ទាប់ពីបូកចំណូលសុរបហើយ អ្នកត្រូវធ្វើការតាមដានចំណាយប្រចាំថ្ងៃរបស់អ្នកថាតើមួយថ្ងៃៗអ្នកចំណាយលើអ្វីខ្លះ។ ត្រូវធ្វើការកត់ត្រានូវរាល់ចំណាយប្រចាំថ្ងៃឲ្យច្បាស់លាស់ ដល់ពេលចុងខែ អ្នកអាចបូកសរុបចំណាយ។ ត្រង់នេះអ្នកអាចពិនិត្យមើលចំណាយណាដែលមិនចាំបាច់ហើយកាត់បន្ថយចំណាយដែលមិនចាំបាច់។

សារសំខាន់នៃការធ្វើផែនការចំណាយគឺដើម្បីឲ្យការចាយវាយរបស់អ្នកមានប្រសិទ្ធភាព មិនរងសម្ពាធនៃលុយកាក់។ ជាពិសេសពេលអ្នកធ្វើផែនការចំណាយអ្នកដឹងច្បស់ថាក្នុងការរស់នៅអ្នកចំណាយប៉ុន្មានលើតម្រូវការចំណាយ ជាពិសេសពេលអ្នកធ្វើផែនការអ្នកនឹងកាត់បន្ថយចំណាយមិនចាំបាច់បានច្រើនដែលធ្វើឲ្យអ្នកសល់លុយសម្រាប់ធ្វើរឿងដែលមានប្រយោជន៍ដូចជាសម្រាប់ធ្វើជាដើមទុនរកស៊ីនិងវិនិយោគបង្កើនទ្រព្យជាដើម។

. ដោះបំណុលឲ្យស្រលះខ្លួន

រឿងបំណុលនេះក្នុងជីវិតយើងពិបាកចៀសណាស់ ប៉ុន្ដែអ្នកត្រូវចេះប្រើបំណុលឲ្យមានប្រសិទ្ធភាពពោលគឺប្រើបំណុលដើម្បីបង្កើនទ្រព្យ។ យ៉ាងណាមិញការជំពាក់បំណុលគេច្រើនពេកលើសពីលទ្ធភាព និងជំពាក់គេយូរឆ្នាំក៏ជាកត្តាមួយរារំាងអ្នកមិនឲ្យកសាងភាពមានក្នុងជីវិត។ ឧទាហរណ៍អ្នកទិញផ្ទះបង់រំលស់ថ្លៃពេល មួយខែៗរកលុយបានសម្រាប់ចិញ្ចឹមតែផ្ទះ ដូច្នេះរស់នៅខ្វះខាតជាពិសេសមិនមានលុយសម្រាប់ចាប់ឱកាសវិនិយោគផ្សេងៗដើម្បីកសាងទ្រព្យសម្រាប់ជីវិត។ អ៊ីចឹងបើអ្នកកំពុងជំពាក់បំណុលគេសូមព្យាយាមដោះបំណុលឲ្យបានឆាប់ដើម្បីស្រាលខ្លួនហើយសល់លុយសម្រាប់យកទៅរកស៊ីនិងវិនិយោគ។

. រស់នៅចាយឲ្យតិចជាងចំណូល

ត្រង់នេះស្ដាប់ទៅសាមញ្ញប៉ុន្ដែបើយើងមើលមកសង្គមជាក់ស្ដែងយើងឃើញថាមនុស្សមួយចំនួនរស់នៅចាយលុយលើសពីលទ្ធភាពទៅទៀត។ ជាក់ស្ដែងការទិញសម្ភារនិយមបង់រំលស់ដូចជាទិញទូរស័ព្ទគឺបញ្ជាក់ថាអ្នកកំពុងតែចាយលុយលើសលទ្ធភាពបាត់ទៅហើយ។ ជាការពិតណាស់បើអ្នករស់នៅចាយតិចជាងចំណូលដែលរកបានគឺពិតជាល្អប្រសើរព្រោះអ្នកនឹងសល់លុយបន្ទាប់ពីចំណាយចាំបាច់ក្នុងការរស់នៅ ហើយលុយដែលសល់នេះទៀតសោត បើអ្នកចេះប្រើវាឲ្យចំណេញ ប្រើវាឲ្យកើតជាកូនពូនជាចៅ អ្នកនឹងសល់ទ្រព្យច្រើនជាមិនខាន។

. សន្សំនិងវិនិយោគ

សន្សំនិងវិនិយោគគឺតែងតែផ្សារភ្ជាប់គ្នាពោលគឺយើងអាចនិយាយបានថាបើគ្មានការសន្សំក៏គ្មានការវិនិយោគដែរ។ ការសន្សំមិនអាចឲ្យអ្នកក្លាយជាអ្នកមានបានទេ ប៉ុន្ដែអ្នកមានជាច្រើនលើពិភពលោកអាចកសាងភាពមានបានចេញពីការសន្សំនេះឯង។ តាមពិតទៅមនុស្សគ្រប់អាចឱកាសកសាងទ្រព្យនិងសលទ្រព្យច្រើនប្រសិនបើពួកគាត់ចេះសន្សំនិងវិនិយោគជាប្រចាំជាពិសេសបើចាប់ផ្ដើមកាន់តែឆាប់កាន់តែល្អ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia