គ្រប់គ្នាស្គាល់ Elon Musk ជាមនុស្សអស្ចារ្យ ក្តាប់ជំនួញគ្រាក់ៗខ្នាតយក្សក្នុងដៃ តែបើក្រឡេកមើលប្រវត្តិឪពុកមហាសេដ្ឋីលេខមួយលើលោករូបនេះវិញក៏មិនចាញ់កូនប្រុសប៉ុន្មានដែរ ដូចសុភាសិតខ្មែរពោលថា «ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់» ឬ ឪខ្លា កូនក៏ខ្លាដែរ។
បុរសផ្តល់តំណក់ឈាមឲ្យ Elon Musk មានឈ្មោះថា Errol Musk កើតក្នុងឆ្នាំ១៩៤៦ លើទឹកដីអាហ្វ្រិកខាងត្បូង ក្នុងគ្រួសារមួយដែលមានជីដូនជាអ្នកព្យាបាលរោគដំបូងគេរបស់ប្រទេសកាណាដា ខណៈម្តាយ និងឪពុកគឺជាមនុស្សពីរនាក់ដំបូងគេដែលបានហោះហើរពីអាហ្វ្រិកខាងត្បូងទៅកាន់ប្រទេសអូស្ត្រាលីក្នុងយន្តហោះដែលមានម៉ាស៊ីនតែមួយ នេះបើយោងតាមទស្សនាវដ្តី Forbes។
ធំធាត់ឡើងក្នុងក្រកូលអ្នកគ្រាន់បើ Errol Musk មានឱកាសទទួលបានការសិក្សាពេញលេញ។ លោកត្រូវបានគេស្គាល់ថាជា វិស្វករអគ្គិសនី អ្នកអភិវឌ្ឍន៍អចលនទ្រព្យ អ្នកតស៊ូមតិឥតសំចៃមាត់ក្នុងការលុបបំបាត់ការរើសអើងប្រកាន់ពូជសាសន៍ និងត្រូវបានបោះឆ្នោតជ្រើសរើសជាក្រុមប្រឹក្សាក្រុង Pretoria ក្នុងឆ្នាំ១៩៧២។ អ្វីដែលកាន់តែពិសេសយោងតាមកាសែត Daily Mail បានរាយការណ៍ថា Errol គឺជាមហាសេដ្ឋីមុនអាយុ៣០ឆ្នាំ រួមទាំងធ្លាប់លេចឮពាក្យចចាមអារ៉ាមថាលោកជាសហម្ចាស់អណ្តូងរ៉ែត្បូងមរកត Zambian ថែមទៀតផង។
ក្នុងឆ្នាំ២០១៧ លោក Elon Musk បានប្រាប់ទៅកាន់ទស្សនាវដ្តី Rolling Stone ថា៖ «ឪពុករបស់ខ្ញុំមាន IQខ្ពស់ ពូកែខាងវិស្វកម្ម និងជាមនុស្សវ័យក្មេងបំផុតដែលទទួលបានងារវិស្វករអាជីពនៅអាហ្វ្រិកខាងត្បូង»។ លោកបានបន្តទៀតថា៖ «ខ្ញុំពូកែខាងវិស្វកម្ម នោះគឺដោយសារខ្ញុំទទួលហ្សែន(សមត្ថភាពពិសេស)ពីឪពុកខ្ញុំ។ អ្វីដែលពិបាកសម្រាប់អ្នកដទៃ គឺងាយស្រួលសម្រាប់ខ្ញុំ»។
គួរជម្រាបផងដែរថា ទោះបីលោក Errol Musk មានទំនាក់ទំនងស្នេហាជាមួយស្រ្តីច្រើនរូបក៏ពិតមែន ប៉ុន្តែលោកបានរៀបការតែម្តងគត់ជាមួយតារាម៉ូដែល Maye Haldeman និងមានកូនបីនាក់ជាចំណងដៃគឺ Elon, Kimbal និង Tosca។ លុះដល់ឆ្នាំ១៩៧៩ ប្តីប្រពន្ធមួយគូនេះបានសម្រេចចិត្តលែងលះគ្នាជាផ្លូវការ ខណៈគ្រានោះ Elon ទើបតែមានវ័យ៨ឆ្នាំប៉ុណ្ណោះ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
កក់តាម https://t.me/hangchhengH24