បុគ្គលិកម្នាក់ក្នុងចំណោមបុគ្គលិកដែលស្មោះត្រង់បំផុតរបស់ Elon Musk ត្រូវបានបណ្តេញចេញពី Twitter ក្រោយខ្លួនធ្លាប់បានបង្ហោះរូបភាពជូរចត់នៅកន្លែងការងារ និងភ្ជាប់សារចាក់ដោតមួយចំនួន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Business Insider នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។
វិស្វករជាច្រើននាក់ និងសមាជិកក្រុមផលិតផលនៅ Twitter រួមទាំងនាយកគ្រប់គ្រងផលិតផល លោកស្រី Esther Crawford ត្រូវបានបណ្តេញចេញកាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ក្រោយចំណាយពេលជាង២ឆ្នាំនៅក្រុមហ៊ុន Twitter ខណៈការបញ្ឈប់នេះជះផលប៉ះពាល់ដល់ក្រុមជាច្រើននៅទូទាំងស្ថាប័ន រួមទាំងក្រុមផ្សាយពាណិជ្ជកម្ម និងផលិតផលផងដែរ។
ជាមួយគ្នានេះ កាលពីពេលកន្លងទៅស្ថិតក្នុងខែវិច្ឆិកាឆ្នាំមុន បន្ទាប់ពីការចេញផ្សាយវប្បធម៌ការងារដ៏លំបាករបស់នាយកប្រតិបត្តិ Elon Musk លោកស្រី Crawford បានបង្ហោះរូបភាពមួយសន្លឹកកំពុងដេកលើឥដ្ឋនៃការិយាល័យ Twitter HQ ដោយភ្ជាប់ជាមួយពាក្យសម្តីយ៉ាងដូច្នេះថា៖ «នៅពេលដែលក្រុមរបស់អ្នកកំពុងជំរុញឲ្យបញ្ចប់ការងារក្នុងពេលកំណត់ដ៏តក់ក្រហល់ ពេលខ្លះអ្នក #SleepWhereYouWork»។
កាលពីខែវិច្ឆិកា លោក Elon Musk បានចាប់ផ្តើមកាត់បន្ថយចំនួនបុគ្គលិកនៅ Twitter ពីបុគ្គលិក ៧,៥០០នាក់មកនៅត្រឹមប្រហែល ២,០០០នាក់ប៉ុណ្ណោះក្នុងថ្ងៃនេះ។ ក្នុងខែដដែលនោះ លោក Elon Musk បានសន្យាថានឹងលែងមានការបញ្ឈប់ការងារនៅក្នុងក្រុមហ៊ុនទៀតហើយ ប៉ុន្តែជាក់ស្តែងលោកធ្វើខុសពីពាក្យសម្តី។ លោកស្រី Crawford បានសរសេរនៅលើ Slack ថា៖ «ខ្ញុំមានអារម្មណ៍ក្រៀមក្រំដែលដំណើរការនេះតម្រូវឱ្យមនុស្សល្អជាច្រើនចាកចេញពី Twitter ប៉ុន្តែអាជីវកម្មនេះមិនមានផលចំណេញទេ ហើយការកាត់បន្ថយបុគ្គលិកយ៉ាងខ្លាំងនឹងត្រូវទាមទារដើម្បីរស់រានមានជីវិត មិនថានរណាជាម្ចាស់ក្រុមហ៊ុននោះឡើយ»។
យ៉ាងណាមិញ ក្នុងដំណើរបំពេញបេសកម្មរួមគ្នារយៈពេលពីរឆ្នាំជាមួយ Twitter លោកស្រី Crawford បានធ្វើការអភិវឌ្ឍយ៉ាងច្រើនទៅលើ Twitter Blue រួមទាំងការកំណត់ថ្ងៃនៃផ្លាកសញ្ញាដែលបានផ្ទៀងផ្ទាត់សម្រាប់តារាល្បីៗ និងបុគ្គលសាធារណៈ ប្រព័ន្ធផ្ទៀងផ្ទាត់ថ្មី ១,០០០ដុល្លារក្នុងមួយខែសម្រាប់អាជីវកម្ម និងដែនកំណត់ចំពោះអ្នកដែលអាចប្រើការផ្ទៀងផ្ទាត់ពីរកត្តាដើម្បីការពារគណនីរបស់ពួកគេ ខណៈបច្ចុប្បន្ន Twitter Blue មានអ្នកជាវប្រហែល ៣០០,០០០នាក់៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦