សេដ្ឋីលេខ១ Elon Musk ត្រូវបានគេស្គាល់ថាជាកំពូលមនុស្សដែលសម្បូរទៅដោយគំនិតថ្មីៗនិងប្លែកៗ បើទោះបីជាមួយរយៈនេះគាត់កំពុងជួបបញ្ហាជាច្រើននៅក្នុងមុខជំនួញក៏ដោយ គាត់ក៏បានរំលឹក ពីរឿងដែលធ្លាប់ប្រកាសនៅលើ Tweet របស់គាត់កាលពីឆ្នាំ២០១៨ ដែលថានឹងបើកភោជនីយដ្ឋាន Tesla 24ម៉ោង នៅរមណីយដ្ឋាន Hollywood នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Bloomberg។
បច្ចុប្បន្ននេះនាយកប្រតិបត្តិក្រុមហ៊ុន Tesla កំពុងតែបោះជំហានខិតទៅជិតការធ្វើឱ្យភោជនីយដ្ឋានមួយនោះចេញជារូបរាងឡើងហើយ។ នៅថ្ងៃទី 19 ខែឧសភា ក្រុមហ៊ុនរថយន្តអគ្គិសនីបានដាក់ឯកសារទៅទីក្រុង Los Angeles សម្រាប់ភោជនីយដ្ឋាន Tesla ដែលនឹងបើក 24 ម៉ោងក្នុងមួយថ្ងៃនៅលើរមណីយដ្ឋានហូលីវូដ។
លោក Elon Musk បានលើកឡើងថានៅក្នុងគម្រោងភោជនីយដ្ឋានមួយនោះ នឹងមានរោងកុន មានអាហារដ្ឋាន ហើយអ្វីដែលពីសេសគឺមាន Superchargers សម្រាប់ឡាន Tesla ដល់ទៅ២៨ ដូច្នេះភ្ញៀវដែលទៅនឹងអាចសាកភ្លើងឡានអគ្គិសនីរបស់ពួកគេ នៅពេលដែលកំពុងសម្រាកលំហែរបាន។ Musk បានបញ្ជាក់ផងដែថា សម្រាប់ភ្ញៀវដែលទៅប្រើសេវាកម្មក៏ដូចជាទៅកម្សាន្តនៅ ភោជនីដ្ឋានរបស់គាត់ គឺអាចចាយប្រាក់ Dogecoin សម្រាប់ការទូទាត់បាន។
ជាក់ស្ដែងក្រុមហ៊ុនធំៗរបស់ Elon Musk ពេលនេះកំពុងជួបបញ្ហាធ្លាក់ចុះដល់ទៅជាង ២០% បើគិតទៅវាមិនមែនជាពេលសមគួរសម្រាប់ការបង្កើតអាជីវកម្មថ្មីៗទេ ប៉ុន្តែដូចដែរដឹងស្រាប់ហើយថា សេដ្ឋីរូបនេះចូលចិត្តធ្វើអ្វីដែលគ្មានអ្នកណាស្មានដល់ស្រាប់ទៅហើយ។ មែនទែនទៅពេលនេះមិនទាន់មានអ្នកណាដឹងថា Musk នឹងសម្រេចចិត្តបែបណាបន្តឡើយសម្រាប់គម្រោងថ្មីរបស់គាត់ខាងលើ Musk គាត់គ្រាន់តែនិយាយថា «ពេលវេលានឹងបញ្ជាក់ចម្លើយប្រាប់អ្នក» ៕
អត្ថបទដោយ៖ សូ សុខលី