ទើបតែធ្លាក់ពីតំណែងមហាសេដ្ឋីលេខមួយក្តៅៗ ពេលនេះបុរសមានរហ័សនាមអេលាន Elon Musk បានក្លាយជាមនុស្សដំបូងគេក្នុងប្រវត្តិសាស្ត្រដែលបាត់បង់ទ្រព្យសម្បត្តិសុទ្ធច្រើនបំផុតមិនធ្លាប់មាន។ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។
បុរសវ័យ៥២ឆ្នាំ លោក Elon Musk ជើងឯកមហាសេដ្ឋីមានបំផុតលើលោកកាលពីឆ្នាំ២០២១ កាន់កាប់ទ្រព្យសម្បត្តិ ៣៤០ពាន់លានដុល្លារ ត្រូវបានគេរាយការណ៍ថា ជ្រុះបាត់លុយ ១៣៧ពាន់លានដុល្លារ ដោយសារភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះ ៦៥% នៅក្នុងឆ្នាំ២០២២ និងការចាយលុយទិញបណ្តាញសង្គមយក្ស Twitter ក្នុងតម្លៃដល់ទៅ ៤៤ពាន់លានដុល្លារ។
ការធ្លាក់ចុះនេះរួមបញ្ចូលទាំងការធ្លាក់ចុះតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ១១% កាលពីថ្ងៃអង្គារ៍សប្តាហ៍មុន បន្ទាប់ពីកាសែត Wall Street Journal បានរាយការណ៍ថា ការកើនឡើងនៃករណី COVID-19 យ៉ាងគំហុកបានបង្ខំឱ្យ Tesla បញ្ឈប់ការផលិតជាបណ្តោះអាសន្ននៅក្នុងទីក្រុងសៀងហៃ ដែលជាស្ថានភាពដ៏អាក្រក់បំផុតរបស់ក្រុមហ៊ុនរហូតមកដល់បច្ចុប្បន្ន។
ប្រភពដដែល បានឲ្យដឹងទៀតថា ទោះបីជាមានចំណែកតូចមួយនៃទីផ្សាររថយន្តអគ្គិសនីក៏ដោយ Tesla មានតម្លៃជាង មួយពាន់ពាន់លានដុល្លារត្រឹមខែតុលា ឆ្នាំ២០២១ ដោយចូលរួមជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សផ្សេងទៀតដូចជា Apple, Amazon និងក្រុមហ៊ុនមេរបស់ Google Alphabet។ ប៉ុន្តែខណៈដែលគូប្រជែងលើវិស័យតែមួយដំឡើងសាច់ដុំបញ្ជ្រាបខ្លួនដណ្តើមចំណែកទីផ្សារកាន់តែខ្លាំង Elon Musk បែបជាសម្រេចចិត្តលក់ភាគហ៊ុន Tesla ជាច្រើនរបស់ខ្លួនក្នុងឆ្នាំ២០២២ ជាថ្នូលនៃការទិញប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារទៅវិញ។
យ៉ាងណាមិញ ចាប់តាំងពីការកាន់កាប់ Twitter បុរសចិត្តសឿងរូបនេះ បានចាត់វិធានការក្តៅគគុកមួយចំនួន ដើម្បីកាត់បន្ថយការចំណាយក្នុងក្រុមហ៊ុន។ លោកបានកាត់បន្ថយប្រហែល ៧៥% នៃបុគ្គលិក ៧,៥០០ ហើយកំពុងបិទការិយាល័យរបស់ក្រុមហ៊ុន Seattle បន្ទាប់ពីត្រូវបានគេរាយការណ៍ថាបដិសេធមិនបង់ថ្លៃជួល។
គួរជម្រាបផងដែរថា យោងតាមសារព័ត៌មាន Bloomberg បានរាយការណ៍ថា ទ្រព្យសម្បត្តិរួមរបស់មហាសេដ្ឋីទាំង ៥០០នាក់របស់ពិភពលោកបានធ្លាក់ចុះចំនួន ១.៤ ពាន់ពាន់លានដុល្លារក្នុងឆ្នាំ២០២២។ ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីល្បីឈ្មោះ Elon Musk, Jeff Bezos, Changpeng Zhao, និង Mark Zuckerberg បូកបញ្ចូលគ្នាបានធ្លាក់ចុះរហូតដល់ ៣៩២ពាន់លានដុល្លារឯណោះ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦