ផ្តើមចេញពីគ្រូបង្រៀន និងជាបុគ្គលិកផ្នែកទីផ្សារនៅក្រុមហ៊ុនឯកជនមួយកន្លែង លោក ផាត សុខា បានប្តូរពីបុគ្គលិកបម្រើការងារឱ្យគេ មករកស៊ីខ្លួនឯងវិញដោយបើកអាជីវកម្ម "ប្រេងរឹតដូនតា" ដែលជាផលិតផល ជួយបំបាត់ភាពឈឺចាប់ ចុករោយ ឆ្អឹងឆ្អែង។
ជាក់ស្តែង ក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia លោក ផាត សុខា បានលើកឡើងថា លោកបានចាប់ផ្តើមអាជីវកម្មប្រេងរឹតដូនតានេះនៅអំឡុងឆ្នាំ ២០២២ ជាមួយនឹងដើមទុនប្រមាណជា ៦ពាន់ដុល្លារ។ចំពោះមូលហេតុដែលជម្រុញឱ្យលោកសម្រេចបោះទុនរកស៊ីរបរប្រេងរឹតនេះគឺដោយសារតែលោកមើលឃើញថា បច្ចុប្បន្នផលិតផលខ្មែរយើងមានគុណភាព ប្រសិទ្ធភាព មិនចាញ់ផលិតផលបរទេសឡើយ។ ម្យ៉ាងវិញទៀតលោកមើលឃើញថា ព្រះសង្ឃ លោកយាយ លោកតា អ៊ំំពូមីង ឧស្សាហ៍មានបញ្ហាជម្ងឺចុករោយតាមសន្លាក់ដៃជើង ឈឺសាច់ដុំ ខ្នង ចង្កេះ ក្បាល រោយក វិលមុខ ចុកពោះ កន្ទួលរមាស់និងបញ្ហារបួសផ្សេងៗ។ ហេតុនេះលោកក៏ចង់ផ្តល់អ្វីដែលល្អសម្រាប់ពួកគាត់ ទើបលោកសម្រេចជ្រើសរើសរកស៊ីរបរប្រេងរឹតដូនតានេះឡើងតែម្តង។
សហគ្រិនវ័យក្មេងរូបនេះបន្តថា ទន្ទឹមនឹងភាពរីកចម្រើនមកដល់សព្វថ្ងៃនេះ កន្លងមកលោកបានឆ្លងកាត់នៅបទពិសោធន៍ឈឺចាប់ជាច្រើន ដោយសារតែផលិតផលប្រេងរឹតដូនតាជាផលិតផលថ្មីមិនសូវមានអ្នកស្គាល់ និងកង្វះដើមទុនដើម្បីផ្សព្វផ្សាយ និងបញ្ហាផ្សេងៗជាច្រើនទៀត។ប៉ុន្តែថ្វីបើមានបញ្ហាកើតឡើងច្រើនក៏ពិតមែន តែសម្រាប់លោកសុខាមិនបានចុះញមនឹងបញ្ហានោះទេ ផ្ទុយទៅវិញពេលជួបបញ្ហាលោកបានព្យាយាមរកដំណោះស្រាយតាមរយៈការផ្សព្វផ្សាយតាមភូមិ ស្រុក ដើម្បីឱ្យផលិតផលបានដល់ដៃអតិថិជនបានប្រើប្រាស់សាកល្បងឱ្យបានស្គាល់នូវគុណភាពនិងប្រសិទ្ធភាពផលិតផលប្រេងរឹតដូនតានេះ រហូតមានអ្នកគាំទ្រមកដល់បច្ចុប្បន្ននេះ។
លោកបញ្ជាក់បន្ថែមថា ការចាប់ផ្ដើមដំបូងដើម្បីឱ្យគេស្គាល់ប្រេងរឹតដូនតានេះគឺទី១ លោកចុះផ្សព្វផ្សាយតាមភូមិ ស្រុក ខេត្តនានា ទី២ លោកព្យាយាមផ្សព្វផ្សាយតាមរយៈប្រព័ន្ធបណ្ដាញសង្គម FB page ប្រេងរឹតដូនតា Doun Ta Oil ទី៣ ការចូលរួមក្នុងកម្មវិធីតាំងពិព័រណ៍ដែលលើកទី១បានចូលរួមជាមួយកម្មវិធីពិព័រណ៍មុខរបរ ២០២២ ដែលបានរៀបចំឡើងដោយ Business Cambodia ផ្ទាល់។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នប្រេងរឹតដូនតា អាចលក់បានចន្លោះពី ១៥ ទៅ ២០ ឡូត៍/ខែ។ សម្រាប់ប្រេងរឹតដូនតា មាន២ប្រភេទ ១ជាប្រភេទប្រេងកូឡា និង២ជាប្រភេទប្រេងខ្យល់ ចំណែកតម្លៃក្នុងមួយប្រអប់ដបតូច ២ដុល្លា (ទាំងប្រេងកូឡា(ចំណុះ ១៥ ក្រាម) និងប្រេងខ្យល់មានចំណុះ ៥ មីលីលីត្រ) សម្រាប់ដបធំមានចំណុះ ៥០ក្រាម តម្លៃ ៥ ដុល្លា និងប្រេងខ្យល់ដបធំមានចំណុះ ៣០ មីលីលីត្រ តម្លៃ ៨ ដុល្លា។
ហេតុនេះសម្រាប់បងប្អូនចង់ធ្វើការកម្មង់ទិញដុំឬរាយសម្រាប់ចែកចាយបន្ត ឬប្រើប្រាស់ខ្លួនឯង អាចធ្វើការទំនាក់ទំនងទិញប្រេងរឹតដូនតាមរយៈ ផេក ប្រេងរឹតដូនតា Doun Ta Oil ឬតាមរយៈលេខទំនាក់ទំនង 097 522 8410 ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង