ថ្មីៗនេះ ក្រុមហ៊ុន Samsung Electronics បានប្រកាសពីការខាតបង់ប្រាក់ចំណេញប្រចាំត្រីមាសដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេល ១៤ឆ្នាំ មកនេះ ចំពោះមូលហេតុដែលធ្វើឱ្យក្រុមហ៊ុនមួយនេះខាតប្រាក់ចំណេញដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះដោយសារអតិថិជនចាប់ផ្តើមកាត់បន្ថយចំណាយការទិញគ្រឿងអេឡិចត្រូនិក ព្រមទាំងជួបបញ្ហាឈីបជាសកលដែលប៉ះពាល់ដល់អាជីវកម្មផងដែរ។
យោងតាមការចុះផ្សាយដោយកាសែតបាងកកប៉ុស្តិ៍ បានឱ្យដឹងថា ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូង ដែលជាក្រុមហ៊ុនផលិតបន្ទះឈីប និងស្មាតហ្វូនដ៏ធំបំផុតរបស់ពិភពលោក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនបានធ្លាក់ចុះប្រាក់ចំណេញរហូតដល់ទៅ ៦៤០ពាន់លានវ៉ុនដែលស្មើនឹង (៤៧៨.៦ លានដុល្លារ) ពោលគឺធ្លាក់ចុះប្រមាណ ៩៦% ឯណោះ។
ប្រភពដដែលបានបន្តឱ្យដឹងថា សូម្បីតែប្រាក់ចំណូលនៅត្រីមាសទីមួយរបស់ក្រុមហ៊ុនក៏បានធ្លាក់ចុះ៨៦.១% មកនៅត្រឹម ១.៥៧ ពាន់លានវ៉ុនសូម្បីតែការលក់ក៏ធ្លាក់ចុះរហូតដល់ទៅ១៨ភាគរយដែរ។ ក្រុមហ៊ុន Samsung ក៏បានបង្ហាញដែលថាការជួបបញ្ហាឈីបនេះដែលគឺបានធ្វើឱ្យក្រុមហ៊ុនបានខាតប្រាក់ចំណេញជាពាក់កណ្តាលបាត់ទៅហើយ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Samsung Electronics គឺជាក្រុមហ៊ុនមួយដែលមានបុត្រសម្ព័ន្ធជាមួយ Samsung Group ដែលមកដល់ពេលនេះជាក្រុមហ៊ុនធំជាងគេក្នុងចំណោមក្រុមហ៊ុនដែលគ្រប់គ្រង អាជីវកម្មនៅក្នុងសេដ្ឋកិច្ចធំទីបួនរបស់អាស៊ី។
អត្ថបទ៖ ធី ស្រីល័ក្ខ