ការនាំចេញផ្លែដូងស្រស់របស់វៀតណាមកំពុងតែមានកើនឡើងជាគំហុក រហូតធ្វើឱ្យប្រាក់ចំណូលនាំចេញផ្លែដូងស្រស់របស់វៀតណាមបានកើនឡើងដល់ទៅជាង ១ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំនេះ ពោលគឺមានការកើនឡើង ៩០០លានដុល្លារកាលពីឆ្នាំមុន។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម Vn Express បានឱ្យដឹងថា នៅក្នុងឆ្នាំនេះការនាំចេញផ្លែដូងរបស់វៀតណាមមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយអាចរកចំណូលបានដល់ទៅ១ពាន់លានដុល្លារ នឹងបានធ្វើឱ្យវៀតណាមបានក្លាយខ្លួនទៅជាប្រទេសធំជាងលំដាប់ទី៤ លើការនាំចេញផ្លែដូងនិងផលិតផលដូងធំជាងបំផុតនៅអាស៊ី ខណៈដែលទីផ្សារនាំចេញធំបំផុតរបស់វៀតណាគឺ សហរដ្ឋអាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង និងជប៉ុន។
ស្របពេលដែលកំណើននៃការនាំចេញកំពុងកើនឡើងបែបនេះ លោក Nguyen Van Thu ប្រធានក្រុមហ៊ុន GC Food Joint Stock Company ដែលជាម្ចាស់ចម្ការ និងជាម្ចាស់សហគ្រាសផលិតចាហួយដូងធំបំផុតរបស់ប្រទេសវៀតណាមបាននិយាយថា “ក្រោយឃើញកំណើននាំចេញផ្លែដូងកើនឡើង ខ្ញុំក៏មានផែនការបង្កើនការនាំចេញចាហួយទៅកាន់ទីផ្សារពិភពលោកដែរ មិនមែននាំចេញតែផ្លែដូងស្រស់នោះទេ”។លោកបានបន្ថែមថា ក្រុមហ៊ុន GC Food របស់យើងក៏នឹងពង្រីកការវិនិយោគបន្ថែមទៀតដើម្បីបង្កើនសមត្ថភាពការផលិតចាហួយដូងរបស់ខ្លួនឱ្យបានដល់ 20,000-30,000 តោនក្នុងមួយឆ្នាំដើម្បីធ្វើកាននាំចេញទៅកាន់ទីផ្សារប្រទេសចិន។
ជាមួយគ្នានេះដែរ បើតាមការលើកឡើងរបស់ លោក Nguyen Dinh Tung នាយកប្រតិបត្តិក្រុមហ៊ុន Vina T&T Import-Export Company ជាក្រុមហ៊ុននាំចេញនាំចូលផលិតផលកសិកម្មធំមួយប្រចាំនៅប្រទេសវៀតណាមបាននិយាយថា ក្រុមហ៊ុនរបស់លោកបាននាំចេញដូងស្រស់ចំនួន ១៥ កុងតឺន័រទៅកាន់សហរដ្ឋអាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង និងជប៉ុនជារៀងរាល់ខែហើយការនាំចេញនេះក៏កំពុងកើនឡើងពីមួយខែទៅមួយខែ។
គួរបញ្ជាក់ផងដែរថា យោងតាមស្ថិតិរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានឱ្យដឹងថា បច្ចុប្បន្នវៀតណាមមានផ្ទៃដីដាំដូងសរុបប្រមាណជា ១៨៨.000 ហិកតាហើយផលិតបាន ១.៩ លានតោនក្នុងមួយឆ្នាំ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង