ប្រុងប្រយ័ត្ន! ក្រសួងប្រកាសថា មានកុមារស្លា.ប់ ដោយសារផ្តាសាយបក្សី ខណៈនេះជារបៀបបង្ការជំងឺ
Ping Chou EngMAY 28 2025112 views

បើយោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា មានករណីកុមារាអាយុ១១ឆ្នាំម្នាក់បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី ប្រភេទH5N1 នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដែលមានទីលំនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោយនៅក្បែរផ្ទះកុមារមានមាន់ទាឈឺនិងងាប់ចាប់តាំងពីមួួយសប្តាហ៍មុនកុមារចាប់ផ្តើមឈឺ។

ក្នុងនោះក្រសួងសុខាភិបាលកំពុងធ្វើការយ៉ាងសកម្មដើម្បីស្វែងរកប្រភពចម្លង និងបន្តស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតនៅក្នុងភូមិដែលកើតហេតុខាងលើ។

តាមរយៈករណីខាងលើក្រសួងសុខាភិបាល បានក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្ត ទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច  ដោយក្រសួងបានណែនាំពីរបៀបដែលជំងឺចម្លង និងរបៀបបង្ការដូចខាងក្រោម៖

របៀបចម្លង៖ ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្តាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺឬងាប់។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួនអាចឆ្លង ដូចនឹងជំងឺផ្តាសាយតាមរដូវកាល ផងដែរ។

របៀបបង្ការ៖

  • កុំប៉ះពាល់ ឬទទួលទាន មាន់ទា ឈឺ ឬងាប់ និងពាក់ស្រោមដៃ និងម៉ាស ឬយកក្រមាចងបិតច្រមុះ មុនពេល ចាប់កាន់មាន់ទាធ្វើម្ហូបអាហារ រួចហើយស្រុះវាក្នុងទឹកពុះមុននឹងបោចសម្អាតរោម
  • ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ មុនចាប់កាន់ចំណីអាហារ ជា ពិសេសបន្ទាប់ពីការប៉ះពាល់សត្វ បោចសំអាតរោមសត្វបសុបក្សី ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ
  • ត្រូវចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អមុនបរិភោគ ជាពិសេសសាច់ សត្វបក្សី និងស៊ុត។ កុំទទួលទានពងមាន់ ឬពងទាជ័រព្នៅ និងទុកដាក់អាហារឆៅ និងឆ្អិនឱ្យនៅដាច់ដោយឡែកពីគ្នា សម្អាតសម្ភារប្រើប្រាស់ សម្រាប់ចម្អិនម្ហូបអាហារឱ្យបានត្រឹមត្រូវ។
  • ប្រសិនបើមានមាន់ទាឈឺឬងាប់ច្រើននៅផ្ទះឬក្នុងភូមិ ហើយមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម សូមប្រញាប់ស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃការ ស្លាប់ជាយថាហេតុ។

តាមរយៈសេចក្តីប្រកាសខាងលើ ក្រសួងក៏សំណូមពរឲ្យបងប្អូនថែរក្សាសុខភាព និងប្រញ៉ាប់ជូនដំណឹងទៅក្រសួងសុខាភិបាលក្នុងករណីដែលបងប្អូនសង្ស័យថាមានការចម្លងជំងឺផ្តាសាយបក្សីផងដែរ៕

អត្ថបទដោយ៖ ដារ៉ូ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia