កាលពីថ្ងៃចន្ទម្សិលមិញនេះ ក្រុមហ៊ុនយក្ស Swire Pacific Ltd ដែលបច្ចុប្បន្នមានមូលដ្ឋាននៅទីក្រុងហុងកុង បានប្រកាសពីការចង់ទិញយកប្រតិបត្តិការវេចខ្ចប់ និងចែកចាយរបស់ក្រុមហ៊ុន Coca-Cola នៅក្នុងប្រទេសកម្ពុជា និងវៀតណាម ខណៈដែលសព្វថ្ងៃក្រុមហ៊ុននេះ កំពុងគ្រប់គ្រងដោយក្រុមហ៊ុន Coca-Cola ជប៉ុន ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Coca- Cola អាមេរិក។
យោងតាមប្រភពពីសារព័ត៌មាន CNA បានឱ្យដឹងថា គម្រោងក្នុងទិញយកប្រតិបត្តិការនិងការវេចខ្ចប់របស់ក្រុមហ៊ុន Swire នៅក្នុងប្រទេសកម្ពុជា-វៀតណាមនេះ មានតម្លៃរហូត ១.២ពាន់លានដុល្លារអាមេរិក ដែលជាគោលដៅក្នុងពង្រីកទីផ្សារភេសជ្ជៈរបស់ក្រុមហ៊ុន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Swire បានគូសបញ្ជាក់ថា "កិច្ចព្រមព្រៀងនេះ នឹងធ្វើឱ្យក្រុមហ៊ុនកាន់តែរីកចម្រើនខ្លាំងនៅក្នុងវិស័យភេសជ្ជៈ ខណៈដែលទីផ្សារនេះ កំពុងរីកចម្រើនយ៉ាងខ្លាំង នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ"។
គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២នេះ ក្រុមហ៊ុន Swire មានអាយុកាល ២០៦ឆ្នាំហើយ ខណៈពេលដែលបច្ចុប្បន្នក្រុមហ៊ុនកំពុងផ្តោតលើការវិនិយោគ ក្នុងវិស័យសំខាន់ៗដូចជា អចលទ្រព្យ ភេសជ្ជៈ ការថែទាំសុខភាព និងជាម្ចាស់ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific Airways Ltd. ដែលជាក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីល្បាញមួយនៅអាស៊ីផងដែរ ៕