នៅខ្មែរក៏ធ្វើបាន! អ្នកស្រី Cindy ប្រើក្បួនZBB អាចដោះបំណុលអស់ជាង២១ម៉ឺន$ ប្រើពេលតែ៤ឆ្នាំ
SOKLY SOAPRIL 18 2023640 views

តាមរយៈការចុះផ្សាយរបស់សារព័ត៌មាន GMA បានឱ្យដឹងថា មេធាវីវ័យ៣០ឆ្នាំ អ្នកស្រី Cindy Zuniga ធ្លាប់ជាប់បំណុលសិស្សខ្ទង់ ២១៥,០០០ដុល្លារ បន្ទាប់ពីគាត់បញ្ចប់ការសិក្សាសាលាច្បាប់។ ក្រោយមកអ្នកស្រីបានសម្រេចចិត្តប្រើក្បួនពិសេស១គឺ ក្បួនZBB (Zero-Based Budget) ជួយឱ្យគាត់ដោះបំណុលអស់ដោយប្រើពេលត្រឹមតែ៤ឆ្នាំប៉ុណ្ណោះ។

ក្បួន ZBB បានមកពីពាក្យពេញថា Zero-Based Budget​ គឺជាវិធីសាស្រ្តនៃការរៀបចំបែងចែកកញ្ចប់លុយសម្រាប់ការចំណាយប្រចាំថ្ងៃដ៏វ័យឆា្លតមួយ ជួយឱ្យមនុស្សរស់នៅមានស្ថានភាពហិរញ្ញវត្ថុល្អប្រសើរជាងធម្មតា។​ ជាទូទៅគេតាមក្បួននេះ គឺតម្រូវឱ្យមនុស្សត្រៀមលុយសម្រាប់ការចំណាយឱ្យបានចាប់ពី១ខែឡើងទៅ។

ដំណាក់កាលទី១, ស្របតាមក្បួន ZBB អ្នកស្រី Cindy ត្រូវធ្វើការយកចិត្តទុកដាក់ទៅលើរឿងធំៗ ៣យ៉ាងខ្លាំងបំផុតគឺ តាមដានការចំណាយ បង្កើតការសន្សំដោយស្វ័យប្រវត្តិ ព្រមទាំងរកវិធីបង្កើនចំណូល។

អ្នកស្រី Cindy ពន្យល់ថា គាត់ចាប់ផ្ដើមពិនិត្យលើខ្ទង់ចំណាយប្រចាំថ្ងៃ ដោយការកត់ចំណាយរាល់ពេលចាយលុយរួច។ បន្ទាប់មកគាត់សរុបរៀងរាល់មួយសប្តាហ៍ម្ដង និងមួយខែម្ដង ដើម្បីរកឱ្យឃើញថា តើជាធម្មតាគាត់ត្រូវចំណាយប៉ុន្មានឱ្យប្រាកដ។

ការចំណាយទាំងនោះអ្នកស្រីទុកតែរឿងណាដែលចាំបាច់ ដូចជា ការបង់បំណុលប្រចាំខែ ការសន្សំ និងការចំណាយលើការរស់នៅផ្សេងៗ។ ក្រៅពីរបស់ចាំបាច់អ្នកស្រីកាត់ចេញពីខ្ទង់ចំណាយរបស់គាត់ទាំងអស់ បន្ទាប់មកអ្នកស្រីបានដកលុយមួយកញ្ចប់សម្រាប់ការចំណាយប្រចាំខែនេះ និងខែបន្ទាប់មួយទៀត។ ធ្វើបែបនេះអាចជួយឱ្យអ្នកស្រីប្រាកដចិត្តថា គាត់មិនចំណាយហួសកម្រិត ហើយសល់លុយសម្រាប់ដោះបំណុលបានកាន់តែច្រើន។

ដំណាក់កាលទី២, ជំហានបន្ទាប់អ្នកស្រី បានសម្រេចចិត្តទៅសិក្សាជាមួយខាងធនាគារ ដើម្បីស្នើសុំរៀបចំកម្ចីឡើងវិញ។ ជាលទ្ធផលនៃការចរចា អ្នកស្រីទទួលបានឱកាសបង់លុយប្រចាំខែបានច្រើនជាងមុន ជាហេតុនាំឱ្យគាត់ចំណេញអត្រាការប្រាក់ និងរយៈពេលច្រើនគួរសម។

ក្រោយពេលដែលអនុវត្តន៍តាមគោលការណ៍ខាងលើនេះមួយរយៈ អ្នកស្រី Cindy បានសង្កេតឃើញថា​ ស្ថានភាពហិរញ្ញវត្ថុរបស់គាត់ល្អប្រសើរឡើងច្រើន ហើយបំណុលក៏ថមថយជាលំដាប់នៅក្នុងរយៈពេលខ្លីគួរឱ្យកត់សម្គាល់។

បន្ទាប់ពីអស់បំណុល​ អ្នកស្រីក៏នៅតែបន្តដើរតាមក្បួន ZBB ដដែល នាំឱ្យគាត់ចេះត្រៀមខ្លួនមុនជានិច្ច ហើយមិនមានបញ្ហានៅក្នុងការចំណាយសោះឡើយ។ អ្វីដែលសំខាន់អ្នកស្រីប្រាកដចិត្តថាទោះជាបាត់បង់ចំណូល១ខែក៏គាត់មិនធ្លាក់ក្នុងបំណុលដែរ ព្រោះក្បួន ZBB ជួយឱ្យគាត់មានប្រាក់បម្រុងប្រចាំខែជានិច្ច។

ស្រ្តីវ័យ៣០ឆ្នាំរូបនេះ ក៏បានគូសបញ្ជាក់ផងដែរថា គាត់ជោគជ័យជាមួយនឹងហិរញ្ញវត្ថុផ្ទាល់ខ្លួនបែបនេះគឺដោយសារតែការ រៀនសូត្រតាមរយៈអ្នកជំនាញ និងអ្នកមានឥទ្ធិពលផ្នែកហិរញ្ញវត្ថុដូចជាលោក Dave Ramsey ជាដើម។ ដូច្នេះហើយអ្នកស្រីបានក្រើនរំលឹកថា មនុស្សគ្រប់រូប ជាពិសេសអ្នកជាប់បំណុល គួរតែយកចិត្តទុកដាក់ទាញយកចំណេះដឹងហិរញ្ញវត្ថុមកដាក់ខ្លួន ព្រោះបើគ្មានចំណេះដឹងអ្នកនឹងពិបាកគេចផុតពីបញ្ហាណាស់៕

អត្ថបទដោយ៖ សូ​ សុខលី (កូនស្មេរចល័តចរ)
លោកអ្នកអាចទំនាក់ទំនងផ្សព្វផ្សាយអាជីវកម្មរបស់អ្នកតាមរយៈទូរស័ព្ទលេខ៖ ០១៥២០២៥៤២

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia