ធនាគារកណ្ដាលរបស់ប្រទេសចិនបានរាយការណ៍ពីការបង្កើនចំនួនមាសស្ដុកទុកជាលើកដំបូងក្នុងរយៈពេល៣ឆ្នាំចុងក្រោយ ចាប់តាំងពីឆ្នាំ១០១៩មក ខណៈប្រទេសនេះត្រូវបានគេជឿថាជាអ្នកសម្ងំទិញមាសយ៉ាងអាថ៌កំបាំងនៅក្នុងទីផ្សារមាស។ នេះបើយោងតាមការចុះផ្សាយរបស់ Bloomberg។
ប្រភពខាងលើបានឲ្យដឹងទៀតថា ធនាគារកណ្ដាលរបស់ចិនបានបង្កើនការស្ដុកមាសរបស់ខ្លួនដោយទិញមាសបន្ថែមចំនួន៣២តោនតាំងពីខែវិច្ឆិកាឆ្នាំ២០២២ដែលធ្វើឲ្យចំនួនមាសស្តុកទុកសរុបឡើងដល់១,៩៨០តោន ក្លាយជាប្រទេសទី៦លើពិភពលោកដែលទិញមាសស្តុកទុកច្រើនបំផុត។
បើតាមការលើកឡើងរបស់លោក Giovanni Staunovo អ្នកវិភាគនៅក្រុមហ៊ុន UBS Group បានឲ្យដឹងថាចិនទិញមាសស្តុកទុកច្រើនបែបនេះគឺជាផ្នែកមួយនៃការធ្វើពិពិធកម្មទុនបម្រុងរបស់ខ្លួនជាជាងពឹងតែលើប្រាក់ដុល្លារធ្វើជាទុនបម្រុង។ ជាការពិតណាស់ ចិនតែងតែស្វែងរកមធ្យោបាយផ្សេងៗដើម្បីងាយចេញពីប្រាក់ដុល្លារអាមេរិក ខណៈភាពតានតឹងរវាងចិននិងអាមេរិកនៅតែមាន។
កាលពីខែវិច្ឆិកាឆ្នាំ២០២២នេះ បើយោងតាមបាយការណ៍របស់ក្រុមប្រឹក្សាទីផ្សារមាសពិភពលោក បានឲ្យដឹងថាតម្រូវការមាសដែលធនាគារកណ្ដាលពិភពលោកបានទិញស្ថិតក្នុងអត្រាដ៏ច្រើនពោលគឺក្បែរ៤០០តោនត្រឹមត្រីមាសទី៣នៃឆ្នាំ២០២២។ នៅក្នុងរបាយការណ៍ដដែលនោះបានឲ្យដឹងទៀតថាប្រទេសចិនគឺត្រូវបានគេសង្ស័យថាជាអ្នកដែលទិញមាសស្តុកទុកច្រើនបំផុតហើយគោលបំណងនៃការទិញមាសស្ដុកទុករបស់ចិនគឺដើម្បីធ្វើការកាត់ផ្ដាច់ការពឹងផ្អែកទៅលើប្រាក់ដុល្លាររបស់អាមេរិក។
គួរបញ្ជាក់ផងដែរថាគិតត្រឹមឆ្នាំ២០២២នេះ ប្រទេសដែលទិញមាសស្ដុកទុកច្រើនជាងគេបំផុតគឺសហរដ្ឋអាមេរិកដោយស្តុកមាសទុកចំនួន៨១៣៣តោន ហើយតាមពីក្រោយដោយប្រទេសអាល្លឺម៉ង់ដែលស្តុកមាសទុក៣៣៦២តោន។ ចំណែកប្រទេសចិនជាប់លំដាប់លេខ៦ជាប្រទេសដែលស្តុកមាសច្រើនបំផុតក្នុងលោកគឺ១៩៨០តោន៕