ផ្សារទំនើប អ៊ីអន មានជ័យ (AEON) ឬអ៊ីអនទី៣ ដែលមានទីតាំងស្ថិតនៅទីក្រុងរណបថ្មី ING City បច្ចុប្បន្នបានក្លាយជាចំណុចប្រសព្វនៃមហាវិថីធំៗចំនួន ២ ខណៈថ្មីៗនេះក្រុមហ៊ុនអាយអិនជី ហូលឌីង (ING Holdings) ទើបនឹងបើកការដ្ឋានសាងសង់មហាវិថីថ្មីមួយទៀតឆ្លងកាត់។ ដោយមហាវិថីទាំងពីរនោះរួមមាន៖ មហាវិថីសម្ដេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) និងមហាវិថី ឈុន គង់ ដែលទើបនឹងបានបើកការដ្ឋានសាងសង់កាលពីពេលថ្មីៗកន្លងទៅនេះ។
តាមការបញ្ជាក់ពីក្រុមហ៊ុនអាយអិនជី ហូលឌីង មហាវិថីថ្មី ឈុន គង់ នេះមានប្រវែង ៤០០០ ម៉ែត្រ ទទឹងលំហផ្លូវ ៥០ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ឆ្ពោះទៅកាន់ផ្លូវជើងឯក(ផ្លូវលេខ២១៧)។ ក្នុងនោះទំហំ ៣០ ម៉ែត្រជាតួផ្លូវសម្រាប់យានជំនិះ និងចិញ្ចើមផ្លូវទំហំ ១០ម៉ែត្រសងខាង។
តាមការបញ្ជាក់ពីលោក អ៊ឹង ស៊ីវម៉េង តំណាងក្រុមហ៊ុន អាយអិនជី ហូលឌីងបានឲ្យដឹងថា ផ្អែកតាមប្រតិទិនការងារ មហាវិថីដ៏សំខាន់មួយនេះគ្រោងនឹងបញ្ចប់ជាស្ថាពរនៅដំណាច់ឆ្នាំ ២០២៤ខាងមុខ។
សូមជ្រាបផងដែរថា មហាវិថី ឈុន គង់ នេះគឺជាផ្លូវមេទី៣ ក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុង ING City នៅក្នុងចំណោម បណ្តាញផ្លូវសរុបចំនួន ៦១ខ្សែ គឺបន្ទាប់ពីផ្លូវមេទី១ គឺមហាវិថីសម្តេច ហ៊ុន សែន និងផ្លូវមេទី២ គឺមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង៕