បងប្អូមួយចំនួនប្រហែលជាឆ្ងល់ហើយថានៅប្រទេសកម្ពុជាយើងការប្រាក់កម្ចីនៅប្រព័ន្ធធនាគារតែងតែថ្លៃជាងប្រទេសដែលគេមានសេដ្ឋកិច្ចជឿនលឿន។ ជាពិសេសនៅរយៈពេលចុងក្រោយនេះអតិផរណាប្រទេសយើងធ្លាក់ចុះមកទាបប៉ុន្ដែការប្រាក់កម្ចីធនាគារក្នុងស្រុកនៅតែខ្ពស់ដដែល។
ជុំវិញការប្រាក់កម្ចីធនាគារខ្ពស់ លោក ជំទាវ ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថានៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ក្រោមប្រធានបទ “ប្រាក់រៀល ប្រព័ន្ធបាគង និង ខេអេចខ្យូអ (KHQR) ដែលធ្វើឡើងនៅវិមានរដ្ឋសភាកាលពីថ្ងៃទី២០ខែមីនានេះថា កាលពីចុងឆ្នាំ២០២៤អតិផរណាប្រទេសកម្ពុជាយើងក្រោម១% ប៉ុន្ដែការប្រាក់កម្ចីនៅធនាគារនៅតែខ្ពស់។
លោក ជំទាវ បានពន្យល់ថាមូលហេតុដែលអត្រាប្រាក់កម្ចីនៅតែខ្ពស់ខណៈអត្រាអតិផរណាទាបគឺដោយសារតែប្រជាជនយើងខ្ចីប្រាក់ជាប្រាក់ដុល្លាររហូតដល់ទៅជាង៨០%។ ត្រង់នេះលោកជំទាវ បានបញ្ជាក់បន្ថែមថាប្រាក់ដុល្លារនៅសហរដ្ឋអាមេរិកឡើងថ្លៃដោយសារអាមេរិកត្រូវដំឡើងអត្រាការប្រាក់ដើម្បីទម្លាក់អតិផរណារបស់ខ្លួន ហើយចំពោះប្រទេសកម្ពុជា យើងចាយប្រាក់ដុល្លារច្រើន។ ជាពិសេសប្រជាជនយើងខ្ចីលុយធនាគារជាប្រាក់ដុល្លារមានរហូតដល់ទៅជាង៨០%។ ដូច្នេះបើការប្រាក់ដុល្លារនៅអាមេរិកថ្លៃ ការបញ្ចេញកម្ចីជាប្រាក់ដុល្លាររបស់ធនាគារក្នុងស្រុកក៏ថ្លៃទៅតាមហ្នឹង។ ហើយធនាគារជាតិនៃកម្ពុជាមិនអាចគ្រប់គ្រង់លើអត្រាប្រាក់កម្ចីជាប្រាក់ដុល្លារឡើយខណៈនេះគឺជាគោលនយោបាយហិរញ្ញវត្ថុរបស់ធនាគការកណ្ដាលអាមេរិក។
លោកជំទាវបានមានប្រសាសន៍បន្ថែមទៀតថាធនាគារជាតិគ្រប់គ្រងបានតែអត្រាការប្រាក់កម្ចីជាប្រាក់រៀលខ្មែរប៉ុណ្ណោះ តែជាអកុសលប្រជាជនយើងខ្ចីលុយជាលុយដុល្លារមានរហូតជាង៨០% ខណៈកម្ចីជាប្រាក់រៀលខ្មែរមានតែប្រមាណ១៣%ប៉ុណ្ណោះ ដូច្នេះធនាគារជាតិមិនមានឥទ្ធិពលខ្លាំងក្នុងការទម្លាក់អត្រាការកម្ចីប្រព័ន្ធធនាគារឡើយ។
ជុំវិញការប្រាក់កម្ចីនៅធនាគារខ្ពស់នេះដែរ លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដាលោកបណ្ឌិតធ្លាប់ពន្យល់ថាមូលហេតុចម្បងដែលធនាគារក្នុងស្រុកដំឡើងការប្រាក់គឺដោយសារតែការប្រាក់បរទេសឡើងថ្លៃ។ ត្រង់នេះលោកបណ្ឌិតធ្លាប់បង្ហើបថាធនាគារក្នុងស្រុកក៏ខ្ចីបុលពីបរទេសដែរដើម្បីបានដើមទុនយកមកផ្ដល់កម្ចីបន្តដល់ប្រជាជនក៏ដូចជាអាជីវកម្មក្នុងស្រុក។
ស្របពេលដែលការប្រាក់ពីបរទេសជាពិសេសប្រាក់ដុល្លារកាន់តែថ្លៃ ដូច្នេះការខ្ចីបុលពីបរទេសរបស់ធនាគារក្នុងស្រុកត្រូវចំណាយថ្លៃដើមកាន់តែខ្ពស់ អ៊ីចឹងពេលធនាគារក្នុងស្រុកបញ្ចេញកម្ចីបន្តទៅកាន់ប្រជាជនក៏ដូចជាអាជីវកម្ម ការប្រាក់កម្ចីក៏កាន់តែខ្ពស់ទៅតាមហ្នឹងដែរ។
ចំពោះការដំឡើងការប្រាក់សន្សំវិញ លោកបណ្ឌិតក៏បានពន្យល់ថាវាជាផ្នែកមួយនៃការប្រមូលទុនក្នុងស្រុក ខណៈការខ្ចីបុលពីបរទេសកាន់តែចំណាយថ្លៃដើមខ្ពស់ព្រោះថាការប្រាក់បរទេសកាន់ថ្លៃ ដូច្នេះការដំឡើងការប្រាក់សន្សំជាផ្នែកមួយដែលើកទឹកចិត្តពលរដ្ឋឲ្យយកលុយមកដាក់បញ្ញើនៅធនាគារ ហើយធនាគារក៏បានប្រភពទុនក្នុងស្រុកដើម្បីបញ្ចេញកម្ចីជាជាងពឹងលើការខ្ចីបុលពីបរទេសដែលត្រូវចំណាយថ្លៃដើមច្រើន។