សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីដែលមានឈ្មោះថា សិប្បកម្មស្វាយចន្ទីស្ទឹងត្រែង មានទីតាំងស្ថិតនៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្ដស្ទឹងត្រែង។ គ្រាប់ស្វាយចន្ទី ស្ទឹងត្រែង (HCST) ផ្គត់ផ្គង់ ផលិតផលទៅកាន់ទីផ្សារក្នុងស្រុក ដោយមានផែនការពង្រីកទៅកាន់ទីផ្សារអន្ដរជាតិ។ HCST គឺជាដៃគូរបស់ GIZ CRAS ក្រោមការប្រកួតប្រជែងរបស់មូលនិធិ AgriInnovaton។ កិច្ចសហប្រតិបត្តិការរបស់ GIZ និង HCST មានគោលបំណង ធ្វើឱ្យប្រសើរឡើងនូវខ្សែសង្វាក់តម្លៃគ្រាប់ស្វាយចន្ទីកម្ពុជា តាមរយៈការលើកកម្ពស់បច្ចេកទេសកសិកម្មដែលធន់នឹងអាកាស ធាតុ ការអភិវឌ្ឍផលិតផលកែច្នៃដែលមានគុណភាពខ្ពស់ ការពង្រីកអង្គភាពកែច្នៃ HCST និងការដំឡើងប្រព័ន្ធថាមពល ពន្លឺព្រះអាទិត្យ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងកម្មវិធីទស្សនកិច្ចព័ត៌មាន និងទស្សនកិច្ចសិក្សា របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហភាពអឺរ៉ុប អំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា អ្នកស្រី មុត ចរិយា ស្ថាបនិកសិប្បកម្មស្វាយចន្ទីស្ទឹងត្រែង បានមានប្រសាសន៍ថា អ្នកស្រីបានបង្កើតសិប្បកម្មនេះ ក្នុងកំឡុងពេលកូវីដ១៩ កំពុងរាតត្បាត ដោយត្រូវផ្អាកការងារ អ្នកស្រីនិងគ្រួសារបានទៅលេងស្រុកកំណើតនៅខេត្ដស្ទឹងត្រែង ហើយបានឃើញកសិករជាច្រើនដាំដុះស្វាយចន្ទី។ អ្នកស្រិក៏បានដឹងខ្លះៗពាក់ព័ន្ធនឹងសក្ដានុពលនៃដំណាំកសិឧស្សាហកម្មមួយនេះ។
កម្ពុជាគឺជាប្រទេសដែលផលិតគ្រាប់ស្វាយចន្ទីបានច្រើនជាងគេជាប់ចំណាប់ថ្នាក់លេខ 2 នៅលើពិភពលោក។ ក៏ប៉ុន្តែបើក្រឡែកទៅមើលពីការកែច្នៃគឺមានតិចតួចបំផុត។ រឿងផលិតវត្ថុធាតុដើមដែលមានគុណភាពល្អតែមិនអាចកែច្នៃបាន វាគឺជារឿងមួយដ៏គួរឲ្យសោកស្ដាយណាស់។
ដោយមានដើមកំណើតជាកូនកសិកររស់នៅខេត្តស្ទឹងត្រែងផងនោះ អ្នកស្រី មុត ចរិយា បានសម្រេចចិត្តប្រើទុនចំនួន ពីរម៉ឺនដុល្លារ ដើម្បីប្រមូលទិញគ្រាប់ស្វាយចន្ទីពីកសិករយកមកកែច្នៃ ទាំងដែលខ្លួនពុំធ្លាប់ធ្វើការងារទាំងអស់នេះទេពីមុនមក។ ប៉ុន្តែដោយចិត្តស្រឡាញ់ចង់ឱ្យផលិតផលខ្មែរដែលមានគុណភាពល្អមួយនេះ អាចនាំចេញនូវផលិតផលសម្រេចទៅឲ្យពិភពលោកបានស្គាល់។ ចង់ឱ្យកសិករខ្មែរអ្នកដាំដុះស្វាយចន្ទីមានទីផ្សារលក់ចេញស្រួល តម្លៃសមរម្យនិងមានផលចំណេញខ្ពស់។ ចង់ឃើញស្ត្រីមេផ្ទះ អ្នកមានបន្ទុកគ្រួសារមានកូនច្រើនអាចមានការងារធ្វើនៅជិតផ្ទះមិនបាច់ចំណាកស្រុក។
អ្នកស្រីបានស្រាវជ្រាវនិងធ្វើការសិក្សាយ៉ាងស៊ីជម្រៅអំពីលទ្ធភាពកែច្នៃរបស់គ្រាប់ស្វាយចន្ទី និងឆ្លៀតពេលទៅធ្វើការសិក្សារៀនសូត្របន្ថែមតាមរយៈគម្រោងនិងអង្គការនានាដែលមានបង្រៀនពាក់ព័ន្ធជាមួយនឹងផលិតផលគ្រាប់ស្វាយចន្ទី។ ដំណាំកសិ-ឧស្សាហកម្មមួយនេះអាចកែច្នៃបានច្រើនយ៉ាង តម្លៃខ្ពស់ តម្រូវការនៅលើពិភពលោកក៏ច្រើន ដូច្នេះអ្នកស្រីក៏សម្រេចចិត្តចាកចេញពីក្រុងសៀមរាបមកតាំងពីលំនៅ និងធ្វើការសាងសង់រោងសិប្បកម្មដើម្បីធ្វើការកែច្នៃចន្ទីនៅឆ្នាំ២០២១។
រយៈពេលពីរឆ្នាំក្នុងរបរកែច្នៃគ្រប់ស្វាយចន្ទី អ្នកស្រីបានពាំនាំនូវផលិតផលខ្មែរ ទៅកាន់ទីផ្សារពិភពលោក។ រហូតអ្នកស្រីអាចមានដៃគូដែលគេចង់សហការនាំចេញទៅកាន់ទីផ្សារអន្ដជាតិផងដែរ។ អ្នកស្រីបានមើលឃើញពីសក្ដានុពលនៃគ្រាប់ស្វាយចន្ទីខ្មែរកាន់តែច្បាស់ជាងមុន។
អ្នកស្រី មុត ចរិយា បានបន្ដទៀតថា បើនិយាយពីទីផ្សារគឺយើងមិនខ្វះនោះទេ មានតែខ្វះអ្នកផលិតនិងផ្គត់ផ្គង់ទៅឲ្យគេ។ បញ្ហាប្រឈមបច្ចុប្បន្នមិនមែនជារឿងទីផ្សារនោះទេ ការកង្វះនូវសង្វាក់ផលិតកម្មដើម្បីផលិតគ្រាប់ស្វាយចន្ទីផ្គត់ផ្គង់តែឲ្យដៃគូ។ កង្វះដើមទុនដើម្បីទិញគ្រឿងម៉ាស៊ីនទំនើបៗ ពង្រីករោងចក្រឲ្យកាន់តែធំដើម្បីអាចមានលទ្ធភាពផ្គត់ផ្គង់ទៅតាមតម្រូវការ។ តែយ៉ាងណាសិប្បកម្មរបស់អ្នកស្រីបានរៀបចំផែនការផលិតគ្រប់ស្វាយចន្ទីឲ្យបាន ៦០០០តោនក្នុងមួយឆ្នាំ នៅឆ្នាំ ២០២៤ និង ២០២៥ខាងមុខនេះ៕