ក្រុមហ៊ុនផលិតយន្តហោះដ៏ល្បីមួយរបស់ អាមេរិកដែលមានឈ្មោះថា Boeing ដែលមានតម្លៃជាង១២៧ពានលានដុល្លារ កំពុងត្រៀមខ្លួនចូលទៅវិនិយោគនៅក្នុងប្រទេសវៀតណាម ខណៈក្រុមហ៊ុននេះគ្រោងនិងផលិតខ្សែរសង្វាក់ផ្គត់ផ្គង់ ក៏ដូចជា គ្រឿងឧបករណ៍មួយចំនួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។
យោងតាមប្រភពខាងលើបានឱ្យដឹងថា ក្រុមហ៊ុន Boeing បាននិងកំពុងអភិវឌ្ឍវត្តមានរបស់ខ្លួននៅក្នុងប្រទេសវៀតណាម ដោយគ្រោងដាក់ទុន លើការកសាងសមត្ថភាពក្នុងស្រុក និងសហការជាមួយអង្គភាពវៀតណាមលើផ្នែកផលិតកម្ម ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មវិស្វកម្ម សុវត្ថិភាពអាកាសចរណ៍ និរន្តរភាព ការស្រាវជ្រាវ និងបច្ចេកវិទ្យា ការបណ្តុះបណ្តាល និងការអភិវឌ្ឍជំនាញ ជាដើម។
យោងតាមរបាយការណ៍ បច្ចុប្បន្ននេះ ក្រុមហ៊ុនផ្គត់ផ្គង់មួយចំនួនក្នុងប្រទេសវៀតណាមកំពុងគាំទ្រការផលិតគ្រឿងបន្លាស់យន្តហោះពាណិជ្ជកម្មមួយចំនួនរបស់ Boeing ដូចជា សមាសធាតុខាងក្នុងយន្តហោះ និងសមាសធាតុផ្សំ ប៉ុន្តែភាគច្រើនជាសមាសធាតុតូចៗដែលមានតម្លៃកើនឡើងមិនខ្ពស់នោះទេ។ សហគ្រាសដែលចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់លំហអាកាសភាគច្រើនបានមកពីវិស័យ FDI ដែលមានដើមទុនពីសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េជាដើម។
ក្នុងនោះដែរ លោក Steve Biegun តំណាងក្រុមហ៊ុន Boeing ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងជានាយកគ្រប់គ្រងសម្រាប់ប្រទេសវៀតណាម រំពឹងថានឹងជួបជាមួយមន្ត្រីរដ្ឋាភិបាលវៀតណាម ដោយផ្តោតលើភាពជាដៃគូដែលកំពុងកើនឡើងរបស់ក្រុមហ៊ុន Boeing ជាមួយវៀតណាម និងវិធីពង្រឹងសមត្ថភាពអាកាសចរណ៍ និងការពារជាតិរបស់ប្រទេសនេះ។
គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន Boeing បានដំណើរការជើងហោះហើរនៅក្នុងប្រទេសវៀតណាមតាំងពីឆ្នាំ ១៩៩៥ ហើយបានរួមចំណែកដល់ឧស្សាហកម្មក្នុងស្រុកដោយផ្តល់ជំនួយបច្ចេកទេសសម្រាប់វិស័យការពារជាតិ និងអាកាសចរណ៍ពាណិជ្ជកម្ម ព្រមទាំងជួយក្រុមហ៊ុនអាកាសចរណ៍វៀតណាមក្នុងការទទួលបានអាជ្ញាប័ណ្ណហោះហើរ non-stop ពីទីក្រុងហូជីមិញទៅកាន់ទីក្រុង San Francisco សហរដ្ឋអាមេរិក៕
អត្ថបទដោយ៖ ឌឿក ស្រី នុត