«ដើមឈូកស្រស់ស្អាតដុះចេញពីភក់ជ្រាំ ឯមនុស្សរឹងមាំតែងឆ្លងកាត់រឿងរ៉ាវជូរចត់ច្រើនក្នុងជីវិត»។ មានអ្នកខ្លះលួចអន់ចិត្តច្រណែន បុគ្គលលេចធ្លោលើពិភពលោកពីភាពជោគជ័យដ៏សម្បើមរបស់ពួកគេ។ ប៉ុន្តែតាមពិតទៅស្ទើរគ្រប់ភាពជោគជ័យ ភាពល្បីល្បាញ ទ្រព្យសម្បត្តិ មិនមែនធ្លាក់ពីលើមេឃ ឬកើតឡើងដោយឯកឯងនោះឡើយ វាសុទ្ធសឹងមានបង្កប់នូវការលះបង់ដ៏ធំធេង ពាក់លីកម្លាំងកាយចិត្ត បូជាពេលវេលាលើសលប់ និងរងការឈឺចាប់ជាច្រើន។
ជាក់ស្តែងលោក Barack Obama ធ្លាប់បានលើកឡើងនៅក្នុងការថ្លែងសិក្ខរកថាមួយកាលពីពេលកន្លងទៅយ៉ាងដូច្នេះថា៖ «ស្ទើរគ្រប់បុគ្គលជោគជ័យលើលោក គឺជាមនុស្សដែលបរាជ័យច្រើនបំផុត។ J.W Rowlings អ្នកដែលសរសេរសៀវភៅ Harry Potter សៀវភៅ Harry Potter របស់នាងដំបូង ត្រូវបានគេបដិសោធន៍ ១២លើ មុនពេលត្រូវបានបោះពុម្ភចេញផ្សាយ។ ចំណែកឯ Micheal Jordan ត្រូវបានគេបណ្តេញចេញពីក្រុមបាល់បោះនៅពេលដែលោករៀននៅថ្នាក់វិទ្យាល័យ។ គាត់បានចាញ់រាប់រយការប្រកួត និងខាកខាតបោះគ្រាប់បាល់បញ្ចូលកន្ត្រក់រាប់ពាន់គ្រាប់ នៅក្នុងអាជីពរបស់គាត់។ ប៉ុន្តែមានម្តងនោះ គាត់ធ្លាប់និយាយថា៖ ខ្ញុំធ្លាប់បរាជ័យម្តងហើយម្តងទៀតក្នុងជីវិត តែនោះហើយជាមូលហេតុធ្វើឲ្យខ្ញុំជោគជ័យ»។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះបានបន្តទៀតថា៖ «មនុស្សទាំងនេះជោគជ័យ ពីព្រោះពួកគេបានយល់ថា អ្នកមិនអាចអនុញ្ញាតឲ្យការបរាជ័យរបស់អ្នកកំណត់ថាអ្នកជានរណាឡើយ។ អ្នកត្រូវឲ្យការបរាជ័យទាំងនោះបង្រៀនអ្នក អ្នកត្រូវអនុញ្ញាតឲ្យពួកវាបង្ហាញអ្នកពីរបៀបធ្វើក្នុងផ្លុវថ្មីនៅគ្រាបន្ទាប់»។
យ៉ាងណាមិញ ប្រសិនបើពេលនេះជីវិតអ្នកកំពុងអាប់អួរ បរាជ័យម្តងហើយម្តងទៀត ចូលកុំអាប់អួរតាមជីវិត ដួលកន្លែងណាងើបកន្លែងហ្នឹង ប្រឹងបន្តទៀតថ្ងៃរបស់អ្នកនឹងមកដល់។ បុគ្គលជោគជ័យមិនមែនជាមនុស្សមិនធ្លាប់បរាជ័យទេ តែជាមនុស្សបរាជ័យ១០០ដង ក្រោក១០១ដង៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
Telegram: 0964997366