ទិញតាមចំណង់ ចង់តាមចំណូល ចុងខែមិនទាន់អង្គុយរអ៊ូ ធ្វើមុខជូរៗព្រោះដាច់លុយ បានក្លាយជាទម្លាប់ប្រចាំត្រកូលមួយ សម្រាប់មនុស្សភាគច្រើនដែលពិបាកទប់អារម្មណ៍ក្នុងការចាយវាយលុយកាក់ផ្តេសផ្តាស។ ខាងក្រោមនេះ គឺជាសំណួរធំៗ៣ ដែលអ្នកគួរសួរមកកាន់ខ្លួនឯង មុនសម្រេចចិត្តទិញអ្វីមួយ៖
១/. ហេតុអ្វីបានជាខ្ញុំត្រូវទិញរបស់នេះ?៖ សម្រាប់អ្វីគ្រប់យ៉ាងដែលអ្នកទិញត្រូវមានគោលបំណងជាក់ស្តែងលើសពីការដែលគ្រាន់តែចង់បាន។ ឧទាហរណ៍ ប្រសិនបើអ្នកកំពុងពិចារណាទិញឡានថ្មី ហេតុផលដែលល្អក្នុងការទិញវាប្រហែលជាអ្នកមានកូន ឬឪពុកម្តាយចាស់ជរា ហើយត្រូវការកន្លែងអង្គុយបន្ថែម។ បើអ្នកមានគម្រោងទិញកុំព្យូទ័រថ្មី ព្រោះកុំព្យូទ័រចាស់របស់អ្នកលែងដំណើរការជាដើម។
២/. តើវាបានបន្ថែមតម្លៃសម្រាប់ជីវិតខ្ញុំទេ?៖ នៅពេលអ្នកដឹងពីគោលបំណងក្នុងការទិញអ្វីមួយរួចហើយ ជំហានបន្ទាប់គឺភ្ជាប់គោលបំណងនោះទៅនឹងការផ្តល់តម្លៃត្រឡប់មកវិញ។ តើវាធ្វើឲ្យជីវិតអ្នកប្រសើរជាងមុនទេ? តើរបស់នោះធ្វើឲ្យអ្នកសប្បាយចិត្តយូរអង្វែងទេ ឬគ្រាន់តែជ្រើមជ្រួលតាមអារម្មណ៍មួយពេល?
៣/. តើខ្ញុំពិតជាត្រូវការវាឥឡូវនេះ ឬអាចចាំពេលក្រោយក៏បាន?៖ មនុស្សបច្ចុប្បន្នភាគច្រើនមានទំនោលចង់ទិញរបស់អ្វីមួយតាមការពេញចិត្តភ្លាមៗ ជាពិសេសការបញ្ជាទិញតាមអនឡាញតែម្តង។ ប្រហែលជាពួកគេយល់ថាការទិញទំនិញកំពុងពេញនិយម ឬទិញតាមចំណង់របស់ខ្លួនគឺជារឿងត្រឹមត្រូវ ប៉ុន្តែជាក់ស្តែងមិនដូច្នោះឡើយ វាអាចជាការខ្ជះខ្ជាយលុយ ឬជួនកាលទិញហើយទុកចោលក៏មាន។
យ៉ាងណាមិញ ចូរចំណាយលុយទៅលើរបស់ណាដែលអ្នកយល់ថា វាមានភាពចាំបាច់ពិតប្រាកដ ហើយរៀនសន្សំសំចៃ។ ប្រសិនបើអ្នកមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានទេ នោះវានឹងគ្រប់គ្រងលុយរបស់អ្នក ហើយលុយនឹងគ្រប់គ្រងស្ថានភាពជីវិតរបស់អ្នកទាំងស្រុងមិនខាន៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook