AirAsia Cambodia បានបន្តពង្រីកជើងហោះហើររបស់ខ្លួន ជាមួយនឹងជើងហោះហើរលើកដំបូងរវាងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា និងទីក្រុងហាណូយ ប្រទេសវៀតណាម។ ជើងហោះហើរថ្មីនេះ គឺជាព្រឹត្តិការណ៍មួយថ្មីផ្សេងទៀត ស្របពេលការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅប្រទេសវៀតណាមនឹងឈានចូលមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ។
ដើម្បីអបអរសាទរការសម្ពោធជើងហោះហើរអន្តរជាតិថ្មីនេះ យើងខ្ញុំសូមប្រកាសផ្តល់ជូនតម្លៃពិសេសចាប់ពី 99 USD តែប៉ុណ្ណោះ សម្រាប់ជើងហោះហើរជារៀងរាល់ថ្ងៃចន្ទ - ពុធ និង សុក្រ។ ជើងហោះហើរថ្មីនេះ អាចទទួលអ្នកដំណើរបានប្រមាណជាង 1,000 នាក់ ក្នុងមួយសប្តាហ៍ ដែលនឹងតភ្ជាប់រវាងទីក្រុងទាំង២ នេះ និងប្រើប្រាស់ជាមធ្យោបាយក្នុងការស្វែងរកបទពិសោធនថ្មីៗ នៃវិស័យ ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្មផងដែរ។
ទន្ទឹមនឹងការសម្ពោធជើងហោះហើរថ្មីនេះ អ្នកដំណើរទាំងអស់ត្រូវបានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង 10:00 នាទីព្រឹក (ម៉ោងនៅកម្ពុជា) ដែលជើងហោះហើរដំបូងនេះត្រូវបានទទួលការស្វាគមន៍ និង ជូនដំណើរយ៉ាងពិសេសពីសំណាក់ លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃ AirAsia Cambodia ដោយមានការចែកជូន “ក្រមា” ដែលត្រូវបានស្គាល់ថាជាមរតកវប្បធម៌ជាតិអរូបីរបស់ប្រទេសកម្ពុជា សម្រាប់ជាវត្ថុអនុស្សាវរីយ៌ក្នុងឱកាសដ៏វិសេសវិសាលមួយនេះ ។
ការផ្តល់ជូនដ៏ពិសេសមួយនេះមិនទាន់បញ្ចប់នោះទេ! ដើម្បីអបអរសាទរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៃប្រទេសវៀតណាម រាល់អ្នកដំណើរទាំងអស់ក៏ទទួលបាន អាំងប៉ាវក្រហមនាំសំណាង ដែលអាំងប៉ាវនីមួយៗមានរង្វាន់ដ៏មានអត្ថន័យ ធ្វើឱ្យអ្នកដំណើរទាំងអស់ ទទួលបាន អនុស្សាវរីយ៌ និងការចងចាំនាឱកាសនេះ ។
ជាមួយគ្នានេះផងដែរ មន្រ្តីអាកាសយានដ្ឋាន និងថ្នាក់ដឹកនាំ ក៏បានចូលរួមប្រារព្ធពិធីអបអរសាទរជើងហោះហើរត្រឡប់មកវិញផងដែរ ដែលបានហោះហើរចេញពីទីក្រុងហាណូយ នៅម៉ោង 12:30 នាទីថ្ងៃត្រង់ (ម៉ោងនៅវៀតណាម) ដើម្បីជូនដំណើរភ្ញៀវជាតិ និងអន្តរជាតិ ចាកចេញពីទឹកដីពោរពេញដោយវប្បធម៌អច្ឆរិយ “Land Of Blue Dragon”។
លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន AirAsia Cambodia បានមានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយក្នុងការអបអរសាទរ នៃការបើកសម្ពោធជើងហោះហើរថ្មីនេះសម្រាប់ក្រុមហ៊ុន AirAsia Cambodia តាមរយៈការតភ្ជាប់នៃទីក្រុងភ្នំពេញ និងទីក្រុងហាណូយ ជាពិសេសដើម្បីជាការអបអរសាទរឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៃប្រទេសវៀតណាមនេះផង។ ជើងហោះហើរថ្មីនេះនឹងផ្តល់នូវជម្រើសនៃការធ្វើដំណើរត្រង់ជាមួយតម្លៃដ៏សមរម្យរវាងទីក្រុងដ៏អស្ចារ្យទាំងពីរនេះ ការផ្លាស់ប្តូរវប្បធម៌ នឹងនាំមកនូវការជំរុញផ្នែកទេសចរណ៍ថែមទៀតផងដែរ។ ការទទួលបានចំនួនអ្នកដំណើរពេញសម្រាប់ជើងហោះហើរដំបូងនេះ បានបង្ហាញពីផលវិជ្ជមាន និងសក្ដានុពលយ៉ាងខ្លាំង សម្រាប់គោលដៅទាំងពីរ”។
លោកប្រធាននាយកប្រតិបត្តិ ក៏បានមានប្រសាសន៍បន្ថែមទៀតថា “ ជាមួយនឹងការបើកសម្ពោធដំណើរការជើងហោះហើរមួយនេះ យើងខ្ញុំមានទំនុកចិត្តក្នុងការតភ្ជាប់អ្នកដំណើរពីជុំវិញពិភពលោកមកកាន់ ប្រទេសកម្ពុជា និងវៀតណាម តាមរយៈបណ្តាញដ៏ធំទូលាយរបស់ក្រុមហ៊ុន AirAsia Group ជាង130 គោលដៅ” ។ គិតចាប់ពីក្រុមហ៊ុនអាកាសចរណ៍យើងខ្ញុំ បានបើកដំណើរការជើងហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនា ខែឧសភា ឆ្នាំ 2024 កន្លងមកនេះ ដោយរួមមាន ជើងហោះហើរក្នុងស្រុកឆ្ពោះទៅកាន់ ខេត្តសៀមរាប និងជើងហោះហើរអន្តរជាតិឆ្ពោះទៅកាន់ទីក្រុងសំខាន់ៗ ដូចជា កូឡាឡាំពួរ សិង្ហបុរី រហូតដល់ពេលបច្ចុប្បន្ននេះ យើងខ្ញុំបានពង្រីកជើងហោះហើរថ្មីបន្ថែមទៀតទៅកាន់ ទីក្រុងហូជីមិញ - ហាណូយ នៃប្រទេសវៀតណាម។
ដូច្នេះ មកដល់ពេលបច្ចុប្បន្ន សរុបជើងហោះហើរទាំងអស់ យើងខ្ញុំមានមោទនភាពសូមជម្រាបជូនថា ជា។ AirAsia Cambodia បានដឹកជញ្ជូនអ្នកដំណើរទៅ-មកជាង 10,000 នាក់ ក្នុងមួយសប្តាហ៍ ដែលបានចេញដំណើរទៅ-មក ពីព្រះរាជាណាចក្រកម្ពុជា។ AirAsia Cambodia បានចូលរួមចំណែកក្នុងការជំរុញកំណើនទេសចរណ៍ និងសេដ្ឋកិច្ច ជាមួយនឹងផែនការពង្រីកជើងហោះហើរឆ្ពោះទៅកាន់គោលដៅជាច្រើនទៀត នាពេលអនាគត។
កាលវិភាគជើងហោះហើររវាង ទីក្រុងភ្នំពេញ (PNH) និង ទីក្រុងហាណូយ (HAN)៖
គោលដៅហោះហើរ | លេខសម្គាល់ | ម៉ោងចេញដំណើរ | ម៉ោងទៅដល់ | ចំនួនជើងហោះហើរ |
ភ្នំពេញ - ហាណូយ | KT 620 | 10:00 | 12:00 | ចន្ទ, ពុធ, សុក្រ |
ហាណូយ - ភ្នំពេញ | KT 621 | 12:30 | 14:30 | ចន្ទ, ពុធ, សុក្រ |
សូមបញ្ជាក់ ៖ ម៉ោងចេញដំណើរ និងម៉ោងទៅដល់គឺគិតជាទម្រង់ 24 ម៉ោង (ម៉ោងក្នុងស្រុក) ។
*តម្លៃដែលដាក់លក់រួមបញ្ចូលទាំងតម្លៃមូលដ្ឋាន ពន្ធ និងថ្លៃសេវាផ្សេងៗ។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។