បំណុលអាចជាថ្នាំទិព្វជួយអ្នកឆ្លងផុតបញ្ហា ហើយក៏អាចជាថ្នាំពុលធ្វើឱ្យអ្នកធ្លាក់ខ្លួនវេទនាបានផងដែរ។ ខាងក្រោមនេះជាកំហុសធំ៣ ដែលនាំឱ្យអ្នកធ្វើការមានចំណូលមធ្យម ផុងខ្លួនជាប់ក្នុងបំណុលវ័ណ្ឌក រើខ្លួនលែងរួច រកលុយសម្រាប់តែសងគេ៖
១/. បង់រំលស់ផ្ទះខុស៖ បច្ចុប្បន្នការទិញផ្ទះកាន់តែងាយស្រួលជាងមុន ព្រោះប្រជាជនមានប្រាក់ចំណូលកាន់តែច្រើន ហើយពួកគាត់ក៏អាចខ្ចីប្រាក់ពីធនាគារដើម្បីទិញផ្ទះបានទៀតផង។ ប៉ុន្តែអ្នកត្រូវដឹងថាងាយស្រួលទិញ ក៏ងាយស្រួលផុងខ្លួនដូចគ្នា ប្រសិនបើអ្នកមិនប្រយ័ត្ន។
បញ្ហាដែលកើតមានកន្លងមកចំពោះអ្នកបង់រំលស់ផ្ទះគឺ ពេលទៅទិញផ្ទះថ្មី តែងមានអ្នកសាងសង់ផ្ទះឬម្ចាស់គម្រោង( developer) មួយចំនួន មិនចេញប័ណ្ណកម្មសិទ្ធឱ្យនោះទេ ហើយថែមទាំងនិយាយថា បើ ទិញផ្ទះគាត់ ត្រូវតែខ្ចីលុយពីគាត់ផ្ទាល់។ ត្រង់នេះដែរ បើអ្នកខ្ចីលុយពីម្ចាស់គម្រោង( អ្នកសាងសង់ឬក្រុមហ៊ុនសង់ផ្ទះ) នោះពួកគាត់នឹងយកអត្រាការប្រាក់ស្រេចតែគាត់កំណត់ អាចអត្រាការប្រាក់រហូតដល់ ១៦% ឬ ១៨%ជាដើម ខណៈគ្រឹះស្ថានហិរញ្ញវត្ថុស្របច្បាប់ យកអត្រាការប្រាក់ជាមធ្យមពី ៧%ទៅ១០%ប៉ុណ្ណោះ។ ការប្រាក់ខ្ពស់ ហានិភ័យក៏ខ្ពស់ ហេតុនេះហើយទើបឃើញមានមនុស្សជាច្រើនបង់រំលស់រាប់ឆ្នាំ ដល់គុណគូរលុយ បង់ដើមបានតែបន្តិចមួយ លុយរាប់ម៉ឺនដុល្លារផ្សេងទៀតសុទ្ធតែការប្រាក់សោះ។
២/. ចាយវាយមិនសំចៃ៖ លុយរកបានមិនចេះទុកដាក់ ថែមទាំងហ៊ានបង់រំលស់របស់ទ្រព្យមិនចាំបាច់ តែជាសម្ភារថ្លៃៗដូចជាទូរស័ព្ទសេរីថ្មី ម៉ូតូល្អ ឡានទំនើប។ លើសពីនោះក៏មានជួបជុំមិត្តភក្តិសប្បាយភ្លេចគិត។ បើកប្រាក់ខែមកសារ៉េសងគេគ្រប់ជ្រុង ចុងខែមិនទាន់ ដាច់លុយរលីង។
៣/. វិនិយោគខុស៖ ការវិនិយោគជាផ្លូវបង្កើនទ្រព្យ បង្កើតចំណូលអកម្ម បន្ថែមពីលើប្រាក់ខែ។ ប៉ុន្តែបើវិនិយោគខុស ប្រាកដជាអស់ទាំងប្រាក់ខែ បង្កើនទាំងបំណុលថែមទៀត។ បើចង់វិនិយោគត្រូវ អ្នកគួរវិនិយោគលើអ្វីដែលអ្នកមានចំណេះមានជំនាញច្បាស់លាស់ ឆ្លងកាត់ការសិក្សាស្រាវជ្រាវ មិនមែនឆ្លងតាមគំនិតអ្នកដទៃ ឮតែគេថាល្អក៏ល្អតាមគេនោះឡើយ។
ទន្ទឹមនឹងនោះចូរកុំយកទុនទាំងអស់ទៅដាក់ក្នុងការវិនិយោគតែមួយបើទោះជាវារីកចម្រើនខ្លាំងប៉ុនណាក្ដី។ អ្នកគួរតែគិតបន្ថែមទៅលើឱកាសវិនិយោគផ្លូវផ្សេងទៀត ឬពង្រីកទីផ្សារ បង្កើនជំនាញ ទាញចំណូលច្រកថ្មីៗជាប្រចាំ កុំរំពឹងឱកាសតែមួយច្រក៕