បំណុលអាក្រក់ បានក្លាយទៅជាជំងឺមហារីកដ៏កាចសាហាវដែលមនុស្សសម័យថ្មីភាគច្រើនពិបាកគេចផុតបំផុត។ ខាងក្រោមនេះ គឺជាហេតុផលធំៗទាំង១០ ដែលរុញមនុស្សឲ្យធ្លាក់ក្នុងរណ្តៅបំណុលជ្រៅ យោងតាមអ្នកជំនាញ John Boitnott ដែលបានសិក្សាលើផ្នែកហិរញ្ញវត្ថុអស់រយៈពេលជាង ២០ឆ្នាំ៖
១/. ប្រាក់ចំណូលទាប ឬគ្មានការងារធ្វើ៖ ប្រាក់ចំណូលជាសរសរស្តម្ភទ្រទ្រង់ជីវិត នៅពេលដែលចំណូលទាប ឬគ្មានចំណូល វាអាចធ្វើឱ្យមនុស្សបង្ខំចិត្តខ្ចីលុយគេ ដើម្បីទប់ទល់នឹងចំណាយប្រចាំថ្ងៃ។
២/. បាត់បង់ការងារ៖ ជាអ្នកធ្វើការ ប្រាកដជាត្រូវការប្រាក់ខែសម្រាប់ផ្គត់ផ្គង់ជីវភាព ប៉ុន្តែបើសុខៗត្រូវបាត់បង់ការងារ ប្រាកដណាស់យើងនឹងត្រូវស្វែងរកជំនួយដើម្បីផ្គត់ផ្គង់ការចំណាយបន្ត។
៣/. ការលែងលះ៖ បញ្ហាគ្រួសារគឺជារឿងដ៏ធំបំផុតមួយនៅក្នុងជីវិត ឱ្យតែមានការបែកបាក់គឺប្រាកដជាមានការខាតបង់ មិនថាតិចឬច្រើនទេ។ បើការបែកបាក់នោះមានជម្លោះថែមទៀត វារឹតតែតម្រូវឱ្យមានការចំណាយច្រើន ជួនកាលអាចឈានទៅដល់ការខ្ចីលុយគេមកប្រើថែមទៀតផង។
៤/. ការចំណាយដែលមិនរំពឹងទុក៖ បញ្ហាខ្លះយើងមិនអាចត្រៀមខ្លួនបានមុនទេ ជួនកាលក៏ធ្លាក់ខ្លួនឈឺភ្លាមៗ ជួនកាលក៏មានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដែលជាហេតុនាំឱ្យត្រូវបាត់បង់ទ្រព្យ ឬអ្នកខ្លះអាចធ្លាក់ទៅក្នុងរណ្តៅបំណុលតែម្តង។
៥/. ក្ស័យធន៖ អ្នកខ្លះខ្ចីលុយគេមករកស៊ី ប៉ុន្តែត្រូវជួបនឹងបញ្ហា ខូចទាំងមុខរបរ ខាតទាំងលុយ រហូតដល់ជាប់បំណុលវណ្ឌក។
៦/. គ្មានប្រាក់សន្សំ៖ នៅពេលដែលមនុស្សម្នាក់គ្មានលុយសន្សំ ច្បាស់ណាស់ថាពេលដែលមានតម្រូវការចំណាយចាំបាច់ណាមួយ គាត់នឹងគ្មានលុយត្រៀមទុកឡើយ។ ហេតុនេះបើចំណាយនោះជាតម្រូវការចាំបាច់ខ្លាំង តិចឬច្រើនគាត់ត្រូវតែខ្ចីលុយគេយកមកប្រើ។
៧/. ចំណាយលើការរស់នៅកើនឡើងខ្លាំង៖ កត្តាសេដ្ឋកិច្ចក៏អាចធ្វើឱ្យមនុស្សធ្លាក់ក្នុងបំណុលបានដែរ ព្រោះថាបើទំនិញឡើងថ្លៃប៉ុន្តែចំណូលមិនកើនឡើង ការចំណាយនឹងមានចំនួនខ្ពស់ជាងធម្មតា។ មនុស្សមានជម្រើស២ ទី១. កាត់បន្ថយការចំណាយ ទី២. បើកាត់មិនបានទេគឺត្រូវទៅរកខ្ចីគេមកចាយហើយ។
៨/. រស់នៅលើសពីសមត្ថភាព៖ មនុស្សខ្លះមានទម្លាប់រស់នៅស៊ីវីល័យ មិនថានៅក្នុងកាលៈទេសៈណាក៏ដោយ ពួកគេមានការចំណាយច្រើន ប៉ុន្តែចំណូលវិញគឺទាបជាងការចំណាយដាច់តែម្ដង។ ហេតុនេះហើយចង់ឬមិនចង់ ក៏គេពិបាកនឹងចៀសឱ្យផុតពីបំណុលណាស់។
៩/. ប្រើប្រាស់កាតឥណទានច្រើនពេក៖ កាតឥណទាន ពិតជាពេញនិយមណាស់នៅតំបន់អឺរ៉ុប ហើយពេលនេះនៅខ្មែរក៏មានដែរ។ កាតនេះយើងអាចចាយបានទាំងដែលវាគ្មានលុយ ប៉ុន្តែចាយបណ្ដើរជាប់បំណុលធនាគារបណ្ដើរ។ ដោយសារតែវាងាយចាយ ឆូតបានៗបែបនេះហើយ ទើបអាចធ្វើឱ្យមនុស្សចាយភ្លេចខ្លួន រហូតដល់ជាប់បំណុលច្រើនជ្រុល។
១០/. កំហុសក្នុងការគ្រប់គ្រងលុយ៖ ជាកំហុសដ៏ធំបំផុត ដែលកើតឡើងពីការខ្វះខាតចំណេះដឹងក្នុងការគ្រប់គ្រងលុយហើយវាក៏ជាហេតុផលដ៏ធំជាងគេមួយដែលអាចទាញមនុស្សឱ្យធ្លាក់ក្នុងបំណុលធ្ងន់ធ្ងរ។
ក្នុងនោះលោក John Boitnott អ្នកជំនាញផ្នែកហិរញ្ញវត្ថុ បានសង្កត់ធ្ងន់ថា មនុស្សអាចមានហេតុផលផ្សេងៗគ្នាជាច្រើនដែលនាំឱ្យគេជាប់បំណុល ប៉ុន្តែហេតុផលរួមដ៏ធំមួយគឺ ការខ្វះខាតចំណេះដឹងហិរញ្ញវត្ថុ។ ដូច្នេះបើអ្នកចង់ចេញផុតពីបញ្ហាលុយកាក់ ឬមិនចង់ធ្លាក់ក្នុងរណ្ដៅបំណុល សូមប្រញាប់សំលៀងចំណេះដឹងផ្នែកហិរញ្ញវត្ថុឱ្យបានប្រសើរឡើង តាមរយៈការអាន ការស្ដាប់អ្នកជំនាញ ការសង្គេត និងការអនុវត្តន៍ជាប្រចាំ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook