ក្រោយខំរកស៊ីរហូតដល់ទៅ ៣៩ឆ្នាំ កាលពីដើមឆ្នាំ២០២៥ កន្លងទៅនេះ ក្រុមហ៊ុន Wynne Transportation ដែលជាក្រុមហ៊ុនល្បីឈ្មោះមួយនៅសហរដ្ឋអាមេរិកបានប្រកាសដាក់ពាក្យសុំក្ស័យធនហើយ ដោយសារតែជាប់បំណុលបានជះឥទ្ធិពលខ្លាំងដល់ក្រុមហ៊ុន នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន The US Sun។
ប្រភពខាងលើបានបន្តឱ្យដឹងទៀតថា ក្រុមហ៊ុន Wynne Transportation បានបង្កើតឡើងតាំងពីឆ្នាំ ១៩៨៦ មកម្លេះដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់ ហើយក្រុមហ៊ុននេះដែរ គឺផ្តោតទៅលើការជួលរថយន្ត ជាពិសេសនោះគឺការដឹកជញ្ជូនទំនិញនិងប្រជាជនផងដែរ។
លោក M. Benjamin Jones ដែលជាប្រធានផ្នែករៀបចំរចនាសម្ព័ន្ធនៅក្រុមហ៊ុន Wynne Transportation បាននិយាយថា ក្រុមហ៊ុនបានដាក់ពាក្យសុំក្ស័យធនតាំងពីដើមឆ្នាំ ២០២៥ ដោយសារតែក្រុមហ៊ុនជួបវិបត្តិនៅបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ខណៈក្រុមហ៊ុនក៏ជួបបញ្ហាត្រូវសងការខូចខាតដល់ក្រុមហ៊ុន ETZ Transport Solutions, LLC រហូតដល់ជាង ៣២លានដុល្លារអាមេរិកឯណោះ។
ជាមួយគ្នានោះដែរ ក្រៅពីបង់ថ្លៃខូចខាតដល់ក្រុមហ៊ុនផ្សេងអស់រាប់លានដុល្លារក្រុមហ៊ុន Wynne Transportation ក៏បានជួបវិវាទបន្ថែមទៀតជាមួយក្រុមហ៊ុនផ្សេងៗដែលនាំឱ្យកិច្ចសន្យាសំខាន់ៗចំនួនពីរបានគ្រោងទុកគាំងស្តូកស្តឹងដែលបញ្ហាធ្លាក់ចុះទាំងនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រតិបត្តិការអាជីវកម្មនិងសាច់ប្រាក់របស់ក្រុមហ៊ុនផងដែរ។
យ៉ាងណាមិញ លោក John Montgomery ដែលជានាយកប្រតិបត្តិ Wynne Transportation បាននិយាយថា ទោះក្រុមហ៊ុនយើងជួបបញ្ហាអ្វីក៏ដោយបច្ចុប្បន្ននេះ យើងកំពុងតែបស្វែងរកហិរញ្ញប្បទានបន្ថែម ដើម្បីពង្រឹងជំហរហិរញ្ញវត្ថុរបស់យើងទន្ទឹមនឹងនោះ យើងនឹងបន្តបំពេញតម្រូវការអតិថិជនឱ្យបានល្អ ហើយយើងក៏នឹងព្យាយាមរក្សាបុគ្គលិករបស់យើងដែរ៕