ធនាគារ វីង នាំមុខគេលើចំណេះដឹងផ្នែកឌីជីថល និងបរិយាប័ន្នហិរញ្ញវត្ថុដោយទទួលបានពានរង្វាន់ទំនួលខុសត្រូវសង្គមចំនួនពីរ
Daneth MechFEBRUARY 7 2025

ធនាគារ វីង (ខេមបូឌា) ម.ក ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួនពីរបន្ថែមទៀតពីកម្មវិធីពានរង្វាន់ទំនួលខុសត្រូវសង្គមឆ្នើមលើកទី៦ របស់សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា។ ការទទួលស្គាល់ទាំងនេះបានគូសបញ្ជាក់បន្ថែមពីការប្តេជ្ញាចិត្តឥតងាករេរបស់ធនាគារ វីង ក្នុងការជំរុញបរិយាប័ន្នហរិញ្ញវត្ថុ និងចំណេះដឹងផ្នែកឌីជីថលនៅកម្ពុជា។

Photo 2025 02 07 13 34 07

លោក ហោ ប៊ុនថែ អគ្គនាយករង នៃធនាគារ វីង បានមានប្រសាសន៍ថា៖ “នៅធនាគារ វីង យើងជឿជាក់ថាការពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសមត្ថភាពឌីជីថល គឺជាមូលដ្ឋានគ្រឹះនៃអនាគតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ពានរង្វាន់ទាំងនេះគឺជាសក្ខីភាពមួយចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើងក្នុងការបំពាក់បំប៉នធនធាន​មនុស្សជំនាន់ក្រោយនូវចំណេះដឹង ព្រម​ទាំ​ង​ជំនួយផ្សេងៗ​ដែលពួកគេត្រូវការ ដើម្បីទទួលបានជោគជ័យនៅក្នុងពិភពឌីជីថល ដែលមានទំនាក់ទំនង​គ្នាទៅវិញទៅមក​ "។

ពានរង្វាន់បរិយាប័ន្នឌីជីថល៖ ការជំរុញ​កំណើន​នវានុវត្តន៍ និង សហគ្រិនភាព​

ធនាគារ វីង ត្រូវ​បាន​​ផ្តល់​កិត្តិយសតាមរយៈ​ការទទួលបានពានរង្វាន់បរិយាប័ន្នឌីជីថល សម្រាប់ភាពជាដៃគូរយៈពេលវែងជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”។ ចាប់តាំងពីឆ្នាំ២០២០មក ធនាគារ វីង បានផ្តល់ការគាំទ្រលើគំនិតផ្តួចផ្តើមជាច្រើន ដើម្បីជំរុញ​នវានុវត្តន៍និងសហគ្រិនភាពនៅក្នុងប្រទេសកម្ពុជា ដែលកម្មវិធីទាំងនោះរួមមាន៖ កម្មវិធីនវានុវត្តន៍បញ្រ្ចាសចាប់ពីរដូវកាលទី១រហូតដល់ទី៤, កម្មវិធីពន្លឿនអាជីវកម្មសហគ្រាសធុនតូច និងមធ្យមឌីជីថល, កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលឆ្នាំ២០២២, ២០២៣ និង២០២៥, កម្មវិធី Turing Hackathon រដូវកាលទី ៦និង៧ ព្រមទាំង​ដំណើរទស្សនកិច្ចរយៈពេល៦ថ្ងៃទៅកាន់ប្រទេសវៀតណាម ​ជាដើម​។

ធនាគារ វីង មិន​ត្រឹម​តែ​​ឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ​ប៉ុន្តែ​ថែម​ទាំង​​ចូលរួមយ៉ាងសកម្មលើដំណើរការវាយតម្លៃ​ដាក់ពិន្ទុ​នៅក្នុ​ង​កម្មវិធី​នីមួយៗ ព្រម​ទាំង​ចូលរួម​ដោយ​ផ្ទាល់ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បីខ្លួនជួយទៅដល់ការអភិវឌ្ឍ​ប្រព័ន្ធ​ធុរកិច្ចថ្មីនៅក្នុងប្រទេសផងដែរ​។

Photo 2025 02 07 13 34 08

ពានរង្វាន់ចំណេះដឹង​ផ្នែកហិរញ្ញវត្ថុ៖ ពង្រឹងអនាគតរបស់កម្ពុជាជាមួយនឹងចំណេះដឹង

ធនាគារ វីង ក៏ទទួលបានពានរង្វាន់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ភាពជាដៃគូជាមួយ អេបកត់លុយ ទៅលើគម្រោង "លុយ និងយុវជន" ដែលបានធ្វើឡើងចាប់ពី ខែតុលា ឆ្នាំ ២០២៤។ កម្មវិធីនេះនឹងជួយឱ្យនិស្សិតជាង ៥.០០០នាក់ មកពីសាលា​បណ្តុះបណ្តាលជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) និងសាកលវិទ្យាល័យនានានៅ​ក្នុង​ខេត្តចំនួន៨នូវចំណេះដឹងផ្នែកហិរញ្ញវត្ថុដ៏សំខាន់ ដើម្បីរៀបចំពួកគេឱ្យទទួលបានជោគជ័យនៅក្នុងសេដ្ឋកិច្ចឌីជីថលដែលកំពុងវិវត្តទៅមក។

គំនិតផ្តួចផ្តើមនេះស្របតាមយុទ្ធសាស្ត្រជាតិស្តីពីបរិយាប័ន្នហិរញ្ញវត្ថុ​ ២០១៩-២០២៥ ដែលមានគោលបំណងពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការពី ៥៩% ទៅ ៧០% នៅឆ្នាំ ២០២៥ ដោយផ្តោតលើការកាត់បន្ថយអាត្រាប្រជាជនដែលមិនមានគណនីធនាគារ ជាពិសេសគឺ​ស្ត្រីតែម្តង​។

ជាមួយគ្នានេះ កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ វីង លើបរិយាប័ន្នឌីជីថលបាន​គាំទ្រទៅដល់​ផែនទីបង្ហាញផ្លូវអភិឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥​​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែលជួយអភិវឌ្ឍកម្លាំងពលកម្មផ្នែក​បច្ចេកវិទ្យា និងមានសមត្ថភាពក្នុងការជំរុញការផ្លាស់ប្តូរឌីជីថលនៅតាម​​ក្រុមហ៊ុន​អាជីវកម្ម ស្ថាប័នរដ្ឋាភិបាល និងសហគមន៍។

ការទទួលស្គាល់ចំពោះការប្តេជ្ញាចិត្តឥតឈប់ឈរលើកម្មវិធីទំនួលខុសត្រូវសង្គម

ពានរង្វាន់ដែលធនាគារ វីង បានឈ្នះនៅក្នុងកម្មវិធីពានរង្វាន់ទំនួលខុសត្រូវសង្គមឆ្នើមលើកទី៦ របស់សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា គឺជាពានរង្វាន់ដែលធនាគារ វីង បានឈ្នះរយៈពេល២ឆ្នាំជាប់ៗគ្នា ហើយនេះគឺជាសក្ខីភាពចំពោះការខិតខំប្រឹងប្រែងលើទំនួលខុសត្រូវសង្គមដ៏ឆ្នើមរបស់ធនាគារមួយនេះ​។ ធនាគារ វីង នៅតែប្តេជ្ញាចិត្តធ្វើឱ្យមានផលវិជ្ជមានយូរអង្វែងនៅក្នុងសហគមន៍ដែលខ្លួនបម្រើ ដោយផ្តោតលើគំនិតផ្តួចផ្តើមទាំងឡាយណាដែលលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ បរិយាប័ន្នឌីជីថល និងការពង្រឹងសេដ្ឋកិច្ច។

Photo 2025 02 07 13 34 08 (2)

ការ​ចាប់ផ្តើមឆ្នាំ​២០២៥ ជាមួយភាពខ្លាំងក្លា៖ ការប្តេជ្ញាចិត្តបន្តទៅកាន់ឧត្តមភាព

កម្មវិធីពានរង្វាន់ទំនួលខុសត្រូវសង្គមឆ្នើមលើកទី៦ របស់សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ដ៏មានកិត្យានុភាពទាំងពីរនេះ ត្រូវបានធ្វើឡើងក្នុង​រយៈ​ពេល​ប៉ុន្មានសប្តាហ៍បន្ទាប់ពីត្រូវបានទទួលស្គាល់អំពីសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់របស់ខ្លួននៅក្នុងកម្មវិធីពានរង្វាន់ឆ្នើមរបស់ក្រុមហ៊ុនម៉ាស្ទ័តកាតឆ្នាំ២០២៤ ដោយបានទទួលពានរង្វាន់ឆ្នើមរហូតដល់ទៅបី ដែលធ្វើឱ្យ២០២៥ជាឆ្នាំនូវការចាប់ផ្តើមដ៏ល្អបំផុតសម្រាប់ធនាគារ វីង  ក៏ដូចជាពង្រឹងជំហររបស់ខ្លួនក្នុងនាមជាធនាគារឈានមុខគេក្នុងវិស័យធនាគារឌីជីថល និងកម្មវិធីទំនួលខុសត្រូវសង្គម ។

លោក ហោ ប៊ុនថែ បានបន្ថែមថា៖​ “យើងខ្ញុំពិតជាមានកិត្តិយសចំពោះការទទួលស្គាល់នេះ ហើយនៅតែប្តេជ្ញាធានាថា ប្រជាជនកម្ពុជាគ្រប់រូបមានលទ្ធភាពទទួលបានចំណេះដឹងហិរញ្ញវត្ថុ និងជំនាញឌីជីថលដែលពួកគេត្រូវការដើម្បីភាព​រីកចម្រើន ។ យើងទើបតែចាប់ផ្តើមតែប៉ុណ្ណោះ ហើយយើងនឹងបន្តការងាររបស់យើងទៅមុខទៀត ដើម្បីជំរុញការផ្លាស់ប្តូរជាវិជ្ជមាន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងប្រទេសកម្ពុជា”៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia