ក្រៅពីជាទឹកដីវ័យចំណាស់ដ៏វិសុទ្ធ និងធ្លាប់ជួបប្រទះនូវវិនាសកម្មនានាក្នុងគ្រាអតីតកាល កម្ពុជាបានស្ដារឡើងវិញជាថ្មី តាមរយៈការបង្ហាញសមត្ថភាព និងការខិតខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់ប្រជាជនខ្មែរគ្រប់រូប រហូតទទួលបានការកោតសរសើរជាច្រើនពីសហគមន៍អន្តរជាតិ ដូចខាងក្រោម៖
១/. សមិទ្ធផលសេដ្ឋកិច្ច៖ អត្រាកំណើនសេដ្ឋកិច្ចយ៉ាងរឹងមាំរបស់កម្ពុជាមុន COVID-19 បានឈានដល់ប្រមាណ ៥%-៧% ក្នុងមួយឆ្នាំ តាមរយៈភាពរីកចម្រើននៃវិស័យវិនិយោគ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការកើនឡើងនៃឧស្សាហកម្មដូចជា កសិកម្ម និងផលិតសម្លៀកបំពាក់។ ក្នុងនោះ អង្គការជាតិ និងអន្តរជាតិ បានកោតសរសើរយ៉េងខ្លាំងចំពោះភាពរីកចម្រើនដ៏លឿននេះ ដោយប្រទេសអូស្រា្តលីបានលើកឡើងថា៖ «កម្ពុជាគឺជាប្រទេសតូចមួយដែលកំពុងក្លាយជាដៃគូសេដ្ឋកិច្ចគួរឱ្យទុកចិត្តនៅអាស៊ី»។
២/. ជោគជ័យក្នុងការបំបាត់គ្រាប់មីន៖ បន្ទាប់ពីសង្គ្រាមវិនាសកម្មក្នុងរបប ខ្មែរក្រហម ប្រទេសកម្ពុជាមានគ្រាប់មីនរាប់លានកំណាត់។ រដ្ឋាភិបាលជាមួយនឹងអង្គការអន្តរជាតិ ដូចជា HALO Trust និង CMAC បានបំបាត់មីនទូទាំងប្រទេសយ៉ាងជោគជ័យ។ កាន់តែអស្ចារ្យទៅទៀត កម្ពុជាក៏បានផ្ញើអ្នកជំនាញទៅជួយបណ្តុះបណ្តាលឲ្យប្រទេសអ៊ុយក្រែនផងដែរ។ អង្គការសហប្រជាជាតិបានសរសើរជាពិសេសលើចំណុចនេះ។
៣/. គោលដៅវប្បធម៌ និងទេសចរណ៍ឈានមុខគេ៖ កម្ពុជាត្រូវបានជាប់ឈ្មោះជាអ្នកឈ្នះពាន Asia’s Leading Cultural Destination ឆ្នាំ ២០២៣ និង ២០២៤ ព្រមទាំង Asia’s Leading Youth Travel Destination ឆ្នាំ ២០២៤ ដោយ World Travel Awards។ ភាពអំណោយផលនៃសម្បត្តិធម្មជាតិ, បេតិកភណ្ឌប្រាសាទអង្គរ, របាំអប្សរា, និងសិល្បៈប្រពៃណីជាច្រើន បានលើកសម្រស់កម្ពុជាក្លាយជាផ្កាដ៏ក្រអូប ដែលកន្លង់បរទេសចាប់ចិត្តមិនចេះជិនណាយ។
៤/. ប្រជាជនរួសរាយ និងមានទឹកចិត្តល្អជាងគេលើលោក៖ នៅក្នុងការចាត់ចំណាត់ថ្នាក់កំពូលប្រទេសដែលមានភាពរួសរាយរាក់ទាក់បំផុត ទាំង១០ នៅក្នុងពិភពលោក របស់ស្ថាប័ន My International Movers បានឲ្យដឹងថា កម្ពុជា គឺជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ដែលមានប្រជាជនរួសរាយរាក់ទាក់មានទឹកចិត្តល្អ និងមានក្តីស្រឡាញ់ចេះជួយយកអាសាខ្លាំងបំផុតលើលោក។ បន្ថែមពីនេះ ស្ថាប័នអន្តរជាតិមួយនេះ ក៏បានលើកឡើងទៀតថា ប្រទេសកម្ពុជា គឺជាប្រទេសមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងកំពុងក្លាយជាឋានសួគ៌នៃជនបរទេសយ៉ាងសន្សឹមៗ សម្រាប់ការមកធ្វើដំណើរកម្សាន្ដ និងស្នាក់នៅ។
៥/. ការចូលរួមក្នុងបេសកកម្មសន្តិភាព៖ កម្ពុជាជាប្រទេសដែលបានចូលរួមយ៉ាងសកម្មក្នុងបេសកកម្មសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN) ដោយផ្ញើយោធាពិសេសទៅប្រទេសដូចជា ស៊ូដង់ និងម៉ាលីជាដើម។ ការចូលរួមនេះបង្ហាញពីក្តីប៉ងប្រាថ្នានៃជាតិខ្មែរដើម្បីផ្តល់សន្តិភាពដល់ពិភពលោក។ ក្នុងនោះអង្គការសហប្រជាជាតិ (UN) បានកោតសរសើរថា ថ្វីត្បិតតែកម្ពុជាជាប្រទេសមានចំណូលទាប តែមានស្មារតីខ្ពស់ជាងគេ ក្នុងបេសកកម្មនេះ។
យ៉ាងណាមិញ នេះគឺជាមោទកភាពមួយរបស់កម្ពុជាដែលកើតចេញពី បេះដូងប្រជាជនកម្ពុជា ការលះបង់ដើម្បីប្រយោជន៍រួម ការរួបរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីជួយឱ្យកម្ពុជាអាចឈរស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ សកម្មភាពនេះអាចនិងក្លាយជាកាតាលីករក្នុងការរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ និងវិនិយោគិនអន្តរជាតិឱ្យចូលមកវិនិយោគនៅកម្ពុជាកាន់កើនឡើងជាលំដាប់ ដែលជាដង្ហើមដ៏ធំមួយក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិ៕