ដោះបំណុល៤ម៉ឺន$ប្រើពេល៧ខែ ស្រ្តីវ័យ៣៣ឆ្នាំរកបានចំណូល៧០ម៉ឺន$ ធ្វើការតែ១០ម៉ោងក្នុង១សប្ដាហ៍
Toeuy HongJULY 14 20226 K views

អ្នកស្រី Michelle Schroeder-Gardner គឺជាស្ថាបនិក Making Sense of Cent ដែលអាចជួយមនុស្សជាច្រើនក្នុងការសម្រេចចិត្តដោយភាពវ័យឆ្លាតអំពីរបៀបរកប្រាក់ចំណូល សន្សំ ចំណាយ និងវិនិយោគ។ គាត់បានសងបំណុលអស់ ៤ម៉ឺនដុល្លារ ត្រឹមរយៈពេលតែ ៧ខែ ហើយពេលនេះគាត់ចំណាយពេលវេលាពេញម៉ោងជាមួយនឹងដំណើរកំសាន្តជុំគ្រួសារ ខណៈមានចំណូលអកម្មដល់ទៅ ៧៦ម៉ឺនដុល្លារក្នុងមួយឆ្នាំ។

តាមរយៈការចុះផ្សាយរបស់ សារព័ត៌មាន CNBC Make It បានឱ្យដឹងថា អ្នកស្រី Michelle គឺជាអ្នកជំនាញខាងវិភាគហិរញ្ញវត្ថុមួយរូប។ គាត់បានប្រើជំនាញដែលគាត់មានយកទៅសរសេរ និងធ្វើជាវីដែអូចែករំលែក នៅក្នុង Facebook, Instagram, YouTube និង Website ជាដើម។ ដំបូងឡើយការចែករំលែកនោះមិនទាន់រកចំណូលអ្វីបាននៅឡើយទេ ក៏ប៉ុន្តែគាត់ព្យាយាមបង្កើតប្រធានបទ ដោយប្រើគំនិតថ្មីៗធ្វើឱ្យអ្នកអាន និងអ្នកទស្សនាដែលតាមដានអាចយកគំនិតទាំងនោះទៅអនុវត្តន៍បាន រួចពួកគេក៏ចែករំលែកបន្តទៅអ្នកដទៃទៀត។

អ្នកស្រីតែងតែចងក្រងនូវគំនិតដែលបានចែករំលែកទុក ដល់ពេលដែលគាត់មានអ្នកគាំទ្រច្រើន​ គាត់ក៏បានបង្កើតវគ្គបង្រៀនមួយដោយយកគំនិតទាំងនោះធ្វើជាមេរៀន។ ទន្ទឹមនឹងការបន្តចែករំលែកនិងបើកវគ្គបង្រៀនផង បានធ្វើឱ្យគាត់កាន់តែមានភាពល្បីល្បាញ និងមានអ្នកតាមដានច្រើនឡើងៗ ជាហេតុធ្វើឱ្យចំណូលនៃការផ្សាយពាណិជ្ជកម្មក៏រត់ចូលមករកគាត់មួយបន្ថែមទៀត។

នៅក្នុងការផ្សាយពាណិជ្ជកម្មមាន២ គឺពាណិជ្ជកម្មដែលភ្ញៀវដាក់ឱ្យ និងពាណិជ្ជកម្មពីក្រុមហ៊ុន Facebook និង YouTube។ ចំពោះពាណិជ្ជកម្មដែលភ្ញៀវដាក់ឱ្យ អ្នកស្រីបញ្ជាក់ថា “ខ្ញុំទទួលផ្សាយតែផលិតផល ឬសេវាកម្មណាដែលខ្ញុំទុកចិត្តតែប៉ុណ្ណោះ ដើម្បីឱ្យអ្នកតាមដានខ្ញុំទទួលបានអ្វីដែលល្អៗ”

ស្រ្តីវ័យ៣៣ឆ្នាំរូបនេះ ក៏បានគូសបញ្ជាក់ដែរថា បច្ចុប្បន្នគាត់រស់នៅជាប្រចាំលើទូកទេសចរណ៍មួយ ជាមួយស្វាមីនិងកូនស្រីអាយុ៦ខែ ខណៈចំណូលរបស់គាត់នៅតែហូរចូលជាប្រចាំទោះបីជាគាត់ កំពុងតែចំណាយពេលដើរលេងក៏ដោយ។ អ្នកស្រីថែមទាំងបានផ្ដាំថា ពេលដែលអ្នកចែករំលែក សូមចែកនូវគំនិតថ្មីដែលអាចឱ្យគេយកទៅអនុវត្តន៍បាន ហើយនៅពេលដែលអ្នកល្បីសូមផ្សព្វផ្សាយតែអ្វីដែលល្អ ដើម្បីរក្សាទំនុកចិត្តរបស់អ្នកគាំទ្រ នៅពេលអ្នកធ្វើបែបនេះបានជីវិតរបស់អ្នកនឹងកាន់តែរីកចម្រើន៕

អត្ថបទដោយ៖ សូ សុខលី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia