ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា បានផ្តល់ការគាំទ្រសហគ្រិនខ្មែរ ក្នុងការរៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឆ្នាំ២០២៤ ដែលធ្វើឡើងនៅអគារមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ចាប់ពីថ្ងៃទី ២៤-២៥ ខែវិច្ឆិកា ដោយអនុញ្ញាតឱ្យសាធារណជនស្វែងយល់ពីការកសាងភាពជាសហគ្រិន និងនវានុវត្តបចេ្ចកវិទ្យាជាច្រើនផ្សេងទៀត។
ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិសហគ្រិនខ្មែរ បានមានប្រសាសន៍ ថា៖ “សហគ្រិនខ្មែរ សូមថ្លែងអំណរគុណដល់ធនាគារ វីង ក្នុងនាមជាដៃគូមួយក្នុងចំណោមដៃគូគាំទ្រផ្សេងទៀតសម្រាប់ ព្រឹត្ដិការណ៍ដ៏សំខាន់នេះ ដើម្បីលើកស្ទួយយុវជនដោយផ្តល់នូវចំណេះដឹង និងឱកាសក្នុងការបង្កើតផលវិជ្ជមានដើម្បីជា ផលប្រយោជន៍ទៅដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។”
សហគ្រិនខ្មែរ ដែលជាបរធនបាលកិច្ចរដ្ឋាភិបាល មានអាណត្ដិក្នុងការកៀរគរ និងគ្រប់គ្រងធនធាន ដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែរស់រវើក។
លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “យុវជននាពេលបច្ចុប្បន្ននឹងក្លាយជាធនធានស្នូលដ៏សំខាន់ ដើម្បីរួមចំណែកដោះស្រាយបញ្ហានាពេលអនាគត។ ការផ្តល់ឱ្យពួកគេនូវឧបករណ៍ ក៏ដូចជាចំណេះដឹងដើម្បីបង្កើតការច្នៃប្រឌិតព្រមទាំងអាចវិវឌ្ឍទៅជាសហគ្រិននោះមិនត្រឹមតែជាការវិនិយោគលើអនាគតរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែក៏រួមចំណែកកសាងភាពរុងរឿងសម្រាប់សហគមន៍ទាំងមូលផងដែរ។”
នៅក្នុងកម្មវិធីនេះ តំណាងធនាគារ វីង ក៏បានចូលរួមចែករំលែកទាក់ទិននឹងភាពច្នៃប្រឌិតបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលអាចឱ្យអ្នកចូលរួមស្វែងយល់ពីរបៀបដែលធនាគារ វីង ប្រើប្រាស់ភាពច្នៃប្រឌិតឌីជីថលដើម្បីដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃនៅក្នុង សហគមន៍។
ទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ២០២៤ របស់សហគ្រិនខ្មែរ មានការរៀបចំកម្មវិធីជាច្រើនទាក់ទងទៅនឹងវិស័យសហគ្រិនភាពនៅក្នុងប្រទេសកម្ពុជា។ កម្មវិធីទាំងនេះរួមមាន៖ សន្និសីទប្រចាំឆ្នាំស្តីពីការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅ កម្ពុជា ដែលជាវេទិកាសម្រាប់សហគ្រិន និងវិនិយោគិនស្វែងរកឱកាសសហការដែលផ្តល់ផលវិជ្ជមានទាំងផ្នែកសង្គម និងហិរញ្ញវត្ថុ, កម្មវិធីប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យ ២០២៥ សំដៅលើកម្ពស់សិស្សានុសិស្សធ្វើបទបង្ហាញគំនិតធុរកិច្ចដែលមានច្នៃប្រឌិត។ ចំណែកឯ កម្មវិធីយុវជនឆ្ពោះទៅអាជីវកម្ម មានគោលបំណងលើកស្ទួយដំណោះស្រាយ ដែលមានភាពច្នៃប្រឌិតរបស់យុវជន ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងស្រុក ខណៈដែលពិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរអបអរសាទរដល់ធុរកិច្ចឆ្នើមនៅកម្រិតវិទ្យាល័យ, សកលវិទ្យាល័យ, ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម ដែលធ្វើឱ្យវេទិកានេះកាន់តែមានសារៈសំខាន់ ក្នុងការជំរុញភាពច្នៃប្រឌិត និងនាំមកនូវផលវិជ្ជមានទៅដល់សង្គមថែមទៀតផង។
ធនាគារ វីង បានក្លាយជាដៃគូដ៏សំខាន់ក្នុងការគាំទ្របេសកម្មសហគ្រិនខ្មែរ ដែលរួមមាន៖ កិច្ចសហការលើភាពជាដៃគូយុទ្ធសាស្រ្តក្នុងឆ្នាំ២០២១ ដែលជួយទៅដល់សហគ្រាសធុនតូច និងមធ្យម ដែលជាសមាជិករបស់ សហគ្រិនខ្មែរ អាចទទួលបាននូវកម្ចី ក៏ដូចជាសេវាហិរញ្ញវត្ថុផ្សេងៗដើម្បីស្តារអាជីវកម្មបន្ទាប់ពីរងផលប៉ះពាល់ពីជំងឺរាតត្បាតសកល។ បន្ថែមលើនេះ ក្នុង ឆ្នាំ២០២៣ ធនាគារ វីង ក៏បានផ្តល់ការគាំទ្រកម្មវិធី ‘កម្មវិធីត្រៀមខ្លួនដើម្បីទទួលបានការវិនិយោគ’ ដែលជួយទៅដល់សហគ្រាសធុនតូច និងមធ្យមគ្រប់វិស័យទាំងអស់ដែលមានសក្តានុពលខ្ពស់ ដើម្បីទទួលបានទុនដែលចាំបាច់ក្នុងការពង្រីកអាជីវកម្មរបស់ពួកគេឱ្យបានកាន់តែរីកចម្រើនឡើង។
ស្របពេលដែលប្រទេសកម្ពុជាកំពុងបោះជំហានឆ្ពោះទៅរកភាពរីកចម្រើន កិច្ចសហការរវាងធនាគារ វីង និង សហគ្រិនខ្មែរ បានត្រៀមខ្លួនរួចរាល់ដើម្បីនាំមកនូវផលវិជ្ជមានយូរអង្វែងសម្រាប់ការអភិវឌ្ឍ នៅក្នុងប្រទេសកម្ពុជា។ តាមរយៈការផ្តល់ទំនុកបម្រុងភាពជាសហគ្រិនរបស់យុវជន និងការជំរុញគំនិតច្នៃប្រឌិតថ្មីៗ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះមិនត្រឹមតែជួយគូសវាសភាពជោគជ័យទៅដល់យុវជនជំនាន់ក្រោយប៉ុណ្ណោះទេ តែក៏បង្កើតនូវផលវិជ្ជមានសម្រាប់សហគមន៍ទាំងមូលថែមទៀតផង៕