អ្នកជំនាញប្រាប់មូលហេតុ ដែលអ្នកទិញធានារ៉ាប់រង អាចមិនទទួលបានសំណងពេលជួបហានិភ័យ
Toeuy HongSEPTEMBER 19 2023859 views

 អ្នកទិញធានារ៉ាប់រងមួយចំនួនប្រហែលជាមិនទាន់បានយល់ច្បាស់ពីលក្ខខណ្ឌនៃការធានារ៉ាប់រងជាពិសេសការធានារ៉ាប់រងអាយុជីវិត ពោលគឺមនុស្សមួយចំនួនដែលទិញសេវាធានារ៉ាប់រងអាយុជីវិតកើតទុក្ខមិនសុខចិត្តត្រង់ថាអ្នកទិញធានារ៉ាប់រងជួបគ្រោះថ្នាក់ ឬ មានជំងឺរហូតបាត់បង់ជីវិតតែសាច់ញាតិមិនទទួលបានសំណងពីក្រុមហ៊ុនធានារ៉ាប់រងទៅវិញ។

Than

ជុំវិញបញ្ហាខាងលើ លោក ព្រូ ស៊ីថន អគ្គនាយកនៃក្រុមហ៊ុនធារ៉ាប់រងអាយុជីវិត Forte Life បានលើកឡើងថាមូលហេតុដែលអ្នកទិញធានារ៉ាប់រងអាយុជីវិតជួបគ្រោះថ្នាក់រហូតបាត់បង់ជីវិត តែសាច់ញាតិមិនទទួលបានសំណងពីក្រុមហ៊ុនអាចដោយសារករណីមួយចំនួនដូចខាងក្រោមនេះ។

 

. ស្លាប់ដោយសារជំងឺអេដស៍

 ក្រុមហ៊ុនធានារ៉ាប់រងមួយចំនួនធំមិនធានាចំពោះករណីអតិថិជនរបស់ខ្លួនដែលទិញកញ្ចប់ធានារ៉ាប់រងហើយទទួលមរណភាពដោយសារជំងឺអេដស៍ឡើយ។ ដោយឡែកសម្រាប់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមួយចំនួនតូចដូចជាក្រុមហ៊ុន Forte Life គឺមិនមានលក្ខខណ្ឌលើកលែងនេះទេ ពោលគឺក្រុមហ៊ុននឹងផ្តល់សំណងករណីមរណភាពដោយសារជំងឺអេដស៍។  

Than1

. ធ្វើអត្តឃាតខ្លួនឯង

 បើករណីអតិថិជនទិញធានារ៉ាប់រង រួចធ្វើអត្តឃាតក្នុងអំលុងពេល២ឆ្នាំដំបូង  នោះគឺក្រុមហ៊ុនមិនផ្តល់ការទូទាត់សំណងធានារ៉ាប់រងឡើយ ព្រោះករណីបែបនេះមានន័យថាអតិថិជនមានបំណងធ្វើអត្តឃាតខ្លួនឯងដើម្បីទទួលបានសំណងពីការធានារ៉ាប់រងអាយុជីវិត។ ច្បាប់នៅបណ្តាប្រទេសជាច្រើនសុទ្ធតែមានកំណត់លក្ខខណ្ឌលើកលែងបែបនេះ។

 

. ការមិនប្រាប់ព័ត៌មានពិតពីរឿងសុខភាព

 ដូចរៀបរាប់ខាងលើរួចមកហើយថាការទិញធានារ៉ាប់រងក៏ដូចជាការជាវសេវាហិរញ្ញវត្ថុ ឬ ទិញផ្ទះ ឬ ខ្ចីលុយធនាគារដែរ ពោលគឺត្រូវគោរពគោលការណ៍មួយចំនួន ។ ភាគច្រើនបំផុតគឺក្រុមហ៊ុននឹងសាកសួរពីបញ្ហាសុខភាព និងរបៀបរបបរស់នៅក្នុងអំលុងពេលទិញធានារ៉ាប់រង ដែលតម្រូវឲ្យមានការផ្តល់ព័ត៌មានពិត និងត្រឹមត្រូវ។

 

ជុំវិញបញ្ហានេះ លោក ព្រូ ស៊ីថនក៏បានបញ្ជាក់ផងដែរ ប្រសិនបើអ្នកខ្លួនឯងពិតជាមិនដឹងថាខ្លួនឯងមានជំងឺទេនោះមិនជាអ្វីនោះទេ។ ប៉ុន្ដែក្នុងករណីមិនប្រាប់ព័ត៌មានពិតពីបញ្ហាសុខភាព ហើយពេលទទួលមរណភាពក្រុមហ៊ុនស៊ើបដឹង នោះសាច់ញាតិរបស់អ្នកមិនទទួលបានសំណងឡើយ ជាពិសេសប្រសិនបើកើតឡើងក្នុងអំលុងពេល២ឆ្នាំក្រោយទិញផលិតផលធានារ៉ាប់រងរួច។

 

. ការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ

 ការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌផ្សេងៗរបស់ អតិថិជនដែលបណ្តាលឲ្យសាមីខ្លួនបាត់បង់ជីវិត ក្រុមហ៊ុនធានារ៉ាប់រងនឹងមិនផ្ដល់សំណងដល់សាច់ញាតិរបស់អតិថិជនឡើយ ព្រោះការធានារ៉ាប់រងអាយុជីវិតមិនគួរប្រើប្រាស់ជាយន្តការលើកទឹកចិត្តដល់ការប្រព្រឹត្តអំពើខុសច្បាប់ឡើយ។។

 

. ករណីធ្វើឃាតដោយអ្នកទទួលផល

ត្រង់នេះ លោក ព្រូ ស៊ីថនបានលើកឧទាហរណ៍ថាបុរសជាប្ដីបានទិញធានារ៉ាប់រងអាយុជីវិតហើយបានចុះហត្ថលេខាឲ្យប្រពន្ធជាអ្នកទទួលផលបើក្នុងករណីបុរសជាប្ដីទទួលមរណភាព។ ក្នុងករណីនេះប្រសិនបើប្រពន្ធមានបំណងចង់បានសំណងពីធានារ៉ាប់រង ដូច្នេះគាត់មានចេតនាសម្លាប់ស្វាមី នោះក្រុមហ៊ុនធានារ៉ាប់រងមិនទូទាត់សំណងឡើយបើក្រុមហ៊ុនស្រាវជ្រាវដឹងពីការស្លាប់ដោយមានការគ្រោងទុកជាមុនពីភរិយា។ ក្នុងករណីនេះដែរក្រុមហ៊ុនត្រូវផ្តល់សំណងទៅអ្នកទទួលផលផ្សេងទៀតដែលមិនមានការពាក់ព័ន្ធនឹងបទល្មើស ទៅតាមលំដាប់ និងចំណែកនៃផលប្រយោជន៍ធានារ៉ាប់រង។ ចំណែកដែលក្រុមហ៊ុនមិនផ្តល់ជូនអ្នកទទួលផលជាភរិយាដែលជាអ្នកបង្កហេតុ ឬ ផ្សំគំនិត នឹងត្រូវបង្វែរចូលមូលនិធិអភិវឌ្ឍវិស័យធានារ៉ាប់រង។

 

លោក ព្រូ ស៊ីថនបានបញ្ជាក់ផងដែរថាដើម្បីចៀសវាងមានការយល់ច្រឡំថាក្រុមហ៊ុនធានារ៉ាប់រងមិនផ្ដល់សំណងពេលអតិថិជនជួបគ្រោះថ្នាក់ អ្នកទិញធានារ៉ាប់រងគួរអានពីលក្ខខណ្ឌនិងគោលការណ៍ឲ្យបានច្បាស់លាស់ថាតើការធានារ៉ាប់បង់នឹងទូទាត់សំណងនៅក្នុងលក្ខខណ្ឌបែបណាខ្លះ៕

Than3

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia