សេដ្ឋី Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft គឺជាសេដ្ឋីម្នាក់ដែលប្រមូលទិញដីស្រែចំការច្រើនបំផុតនៅហសរដ្ឋអាមេរិក ដែលធ្វើឲ្យមនុស្សមួយចំនួនមានការងឿងឆ្ងល់ថាតើសេដ្ឋីវ័យ៦៧ឆ្នាំរូបនេះមានគម្រោងធ្វើអ្វីជាមួយដីស្រែចំការដែលគាត់បានប្រមូលទិញរាប់សិបហិកតា។
បើយោងតាមរបាយការណ៍ដីធ្លីនៃអ្នកកាន់កាប់ដីច្រើនបំផុតទាំង១០០នៅសហរដ្ឋអាមេរិកនៅឆ្នាំ២០២២បានបង្ហាញថាសេដ្ឋី Bill Gates កាន់កាប់ដីស្រែចំការចំនួន២៧៥,០០០Acres( ប្រមាណជាង១១ម៉ឺនហិកតា) ជាអ្នកដែលកាន់កាប់ដីស្រែចំការច្រើនបំផុតនៅសហរដ្ឋអាមេរិក។
ចំពោះចម្ងល់ជុំវិញលោកប្រមូលទិញដីស្រែទុកយ៉ាងច្រើន កាលពីពេលថ្មីៗនេះនៅក្នុងវេទិកានៃកម្មវិធី” Ask me everything” របស់ Reddit លោក Bill Gates បានឲ្យដឹងថាតាមពិតលោកកាន់កាប់ដីស្រែចំការត្រឹមតែ១ភាគ៤០០០នៃដីស្រែចំការនៅសហរដ្ឋអាមេរិកប៉ុណ្ណោះ។
លោកបានបង្ហើបទៀតថាមូលហេតុដែលលោកវិនិយោគទិញដីស្រែច្រើនគឺដើម្បីធ្វើឲ្យដីស្រែចំការទាំងនោះមានសកម្មភាពសេដ្ឋកិច្ច ឬមានការផលិតជាជាងទុកទំនេរចោល។ មួយវិញទៀតការវិនិយោគរបស់លោកលើដីស្រែនឹងជួយឲ្យមានសង្វាក់ផលិតកម្មជាពិសេសបង្កើតការងារជូនប្រជាជនកាន់តែច្រើន។
តាមពិតទៅសេដ្ឋី Bill Gates មានគំនិតវិនិយោគមិនខុសពីសេដ្ឋី Warren Buffett ដែលជាមិត្តសម្លាញ់របស់លោកឡើយ ពោលគឺពួកគាត់ទាំង២តែងតែវិនិយោគលើអ្វីដែលបម្រើផលប្រយោជន៍ដល់មនុស្សជាតិ។ ជាក់ស្ដែងការវិនិយោគលើដីស្រែចំការគឺវាអាចជួយផលិតជាផលិតផលសិកម្មដូចជាអាហារដើម្បីបំពេញតម្រូវការរស់នៅរបស់មនុស្ស។
សេដ្ឋី Bill Gates ក៏ធ្លាប់លើកឡើងផងដែរថាមូលហេតុដែលគាត់មិនវិនិយោគលើគ្រីបតូដោយសារតែគ្រីបតូគ្មានតម្លៃពិតប្រាកដ មិនការវិនិយោគលើដីស្រែចំការវាផ្ដល់ជាកន្លែងសម្រាប់ដាំដំណាំ ផលិតអាហារបម្រើផលប្រយោជន៍ដល់មនុស្សជាតិនិងសេដ្ឋកិច្ចជាតិទាំងមូល។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នសេដ្ឋី Bill Gates មានទ្រព្យប្រមាណ១១៣ពាន់លានដុល្លារជាប់ជាសេដ្ឋីមានជាងគេបំផុតលេខ៤លើពិភពលោក។ សេដ្ឋីរូបនេះតែងតែឈរនៅកំពូលតារាងជាសេដ្ឋីដែលបរិច្ឆាគលុយច្រើនបំផុតជួយដល់មនុស្សជាតិជាពិសេសលើផ្នែកសុខភាពជាដើម៕