គិតមកដល់បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការចុះបញ្ជីដីធ្លីសរុបចំនួន ៧.៧ លានក្បាលដីហើយ ខណៈក្បាលដី ៧ លានត្រូវបានចេញបណ្ណជូនម្ចាស់កម្មសិទ្ធិផងដែរ។ ដោយឡែកនៅសល់តែ ១.៥ លានក្បាលដីទៀតប៉ុណ្ណោះ ការវាស់វែងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនេះ នឹងត្រូវបញ្ចប់ជាស្ថាពរ។ នេះបើយោងតាមការបញ្ជាក់ពីឯកឧត្ដម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល។
ថ្លែងនៅក្នុងវេទិការសារព័ត៌មានស្តីពី សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពៅទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដមបានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ថា កន្លងទៅនេះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានវាស់ដីចុះបញ្ជីបាន ៧ លាន ៧ សែនក្បាលដី បានចេញបណ្ណ ៧ លានបណ្ណ។ ក្រសួងបានវាស់ដីបន្ថែម ៣ លានក្បាលដីទៀត ហើយនឹងចេញបាន ៥៩ ម៉ឺនបណ្ណជូនប្រជាពលរដ្ឋ ហើយក្រសួងរំពឹងថា ក្បាលដីដែលនៅសេសសល់ ១ លាន ៥ សែនទៀតនឹងត្រូវបញ្ចប់ការវាស់វែងឆាប់ៗនាពេលខាងមុខនេះ។
ឯកឧត្ដមបានបន្ថែមថា ការវាស់វែងនេះ អនុញ្ញាតឲ្យក្រសួងរៀបចំប្លង់ព្រំប្រទល់រដ្ឋបាល នាមភូមិសាស្ដ្រ ប្លង់ហេដ្ឋារចនាសម្ព័ន្ធ ទីធ្លារសាធារណៈ ប្លង់គោលប្រើប្រាស់ដី និងពង្រីកកំណើនជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ។
សូមជម្រាបផងដែរថា សម្រាប់ការចុះបញ្ជីដីធ្លីនេះ គឺសម្រូវឲ្យម្ចាស់ដី ត្រូវរៀបចំឯកសារភ្ជាប់មកធ្វើដូចខាងក្រោម៖
១. ករណីប្ដីប្រពន្ធដាក់ឈ្មោះទាំងពីរនាក់ (ទ្រព្យរួម)
- អត្ដសញ្ញាណប័ណ្ណ (បញ្ជាក់)
- សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍
- សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (បញ្ជាក)
២. ករណីប្ដីប្រពន្ធតែដាក់ឈ្មោះតែម្ខាង (ទ្រព្យប្ដី ឬប្រពន្ធ)
- អត្ដសញ្ញាណប័ណ្ណ (បញ្ជាក់)
- សេចក្ដីចម្លងសំបុត្រអាពាហ៍ ពិពាហ៍
- សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (បញ្ជាក់)
- លិខិតបញ្ជាក់ប្រភេទទ្រព្យ
៣. ករណីនៅលីវ (ទ្រព្យលីវ)
- អត្ដសញ្ញាណប័ណ្ណ (បញ្ជាក់)
- សេចក្ដីចម្លងសំបុត្រកំណើត
- សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (បញ្ជាក់)
- លិខិតបញ្ជាក់ភាពនៅលីវ
៤. ករណីមេម៉ាយ ឬពោះម៉ាយ
- អត្ដសញ្ញាណប័ណ្ណ (បញ្ជាក់)
- សេចក្ដីចម្លងសំបុត្រកំណើត
- សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (បញ្ជាក់)
- លិខិតបញ្ជាក់មេម៉ាយ ឬពោះម៉ាយ៕