ជិតដាច់ឆ្នាំ២០២៤ហើយគួរចាប់ផ្ដើមធ្វើ! សកម្មភាព៥អ្នកគួរធ្វើជាបន្ទាន់ បើមិនចង់រស់នៅជីវិតដាច់យ៉ៃគ្មានសល់អ្វីសោះ
Toeuy HongNOVEMBER 24 202465 views

មានមនុស្សជាច្រើនកំពុងរស់នៅមានលុយត្រឹមតែចំណាយហើយគ្មានសល់លុយជាដុំកំភួនសម្រាប់សម្រេចគោលដៅហិរញ្ញវត្ថុធំៗក្នុងជីវិតទាល់តែសោះ។ ចំណែកអ្នកខ្លះទៀតមិនទាន់ដល់ពេលបើកប្រាក់ខែផងអស់លុយចាយបាត់ ជាពិសេសមនុស្សមួយចំនួនទៀតរកចំណូលបានច្រើនតែរស់នៅហាក់បីដូចជាខ្វះខាតថែមទាំងជំពាក់បំណុលគេទៀត។

បើសិនបើអ្នកកំពុងរស់នៅខ្វះខាតលុយនិងរស់នៅបានត្រឹមតែមួយចាយៗ ខាងក្រោមនេះគឺជាសកម្មភាពមួយចំនួនដែលអ្នកគួរចាប់ផ្ដើមគិតគូធ្វើនៅក្នុងឆ្នាំថ្មីបើចង់ឲ្យជីវភាពរបស់អ្នកផ្លាស់ប្ដូរអាចសល់លុយច្រើនជាងមុន។

 

. យល់ពីមូលដ្ឋានគ្រឹះនៃហិរញ្ញវត្ថុ

មូលដ្ឋានគ្រឹះនៃហិរញ្ញវត្ថុមានចំនួន៤សំខាន់គឺ រកលុយ សន្សំលុយ វិនិយោគ និងការការពារ។ ប្រសិនបើអ្នកយល់ច្បាស់ពីមូលដ្ឋានគ្រឹះហិរញ្ញវត្ថុទាំង៤នេះ អ្នកនឹងរស់នៅមិនរងសម្ពាធនៃលុយកាក់ រស់នៅមានសេរីភាពហើយអ្នកនឹងដឹងក្បួនកសាងទ្រព្យ។ ដូច្នេះអ្នកគួររៀនពីមូលដ្ឋានគ្រឹះហិរញ្ញវត្ថុទាំង៤នេះពោលគឺរៀនរកលុយ រៀនសន្សំលុយ រៀនវិនិយោគ និងរៀនពីវិធីការពារទ្រព្យរបស់អ្នកកុំឲ្យបាត់បង់។

 

. ជួយខ្លួនឯងជាមុនសិន

 ប្រជាជនកម្ពុជាភាគច្រើនតែងតែមើលរំលងការជួយខ្លួនឯង។ ការជួយខ្លួនឯងត្រង់នេះគឺចង់សំដៅដល់ការដកលុយមួយផ្នែកនៃចំណូលមកសន្សំទុកមុននឹងចំណាយលើរឿងចាំបាច់ផ្សេងៗនៅក្នុងការរស់នៅ។  ជាការពិតណាស់អ្នកខ្លះរកចំណូលបានឬបើកប្រាក់ខែបែងចែកបង់ធនាគារ និងចំណាយចាំបាច់ផ្សេងៗ តែភ្លេចដកលុយសម្រាប់សន្សំ។

 

ការជួយខ្លួនឯងជាមុនសិនតាមរយៈដកលុយមកសន្សំមុននឹងចំណាយវាពិតជាជៈឥទ្ធិពលល្អដល់ជីវិតរបស់អ្នក។ មូលហេតុដែលអ្នកគួរដកលុយមកសន្សំគឺដើម្បីធ្វើឲ្យអ្នកអារម្មណ៍ស្ងប់ពោលគឺមិនខ្លាចខ្វះខាតលុយចាយ ធ្វើឲ្យអ្នកមានស្ថិរភាពផ្នែកហិរញ្ញវត្ថុ កាត់បន្ថយការចំណាយ កសាងលុយបម្រុងពេលមានអាសន្ន និងអាចវិនិយោគកសាងប្រភពចំណូលដើម្បីចិញ្ចឹមយើងពេលចាស់ទៅ។

 

. ចៀសវាងបំណុលអាក្រក់

 បំណុលអាក្រក់គឺសំដៅដល់របស់ដែលធ្វើឲ្យអ្នកកាន់តែអស់លុយថែម។ ដូច្នេះគួរចៀសវាងបំណុលអាក្រក់។ ឧទាហរណ៍ឡានគឺជារបស់ចាំបាច់ពេលអ្នកមានគ្រួសារប៉ុន្ដែបើអ្នកត្រូវការឡានអាចទិញតម្លៃធូថ្លៃល្មមចៀសវាងទិញឡានថ្លៃពេកព្រោះឡានគឺតម្លៃវាធ្លាក់ថ្លៃយ៉ាងឆាប់រហ័សហើយជាទូទៅមនុស្សប្រើប្រាស់ឡានមិនបានបង្កើតចំណូលឡើយ។

 

ត្រូវចាំថាបំណុលអាក្រក់គឺប្រៀបដូច​ចោរឆក់យកអនាគត់របស់អ្នកពោលគឺបើអ្នកមានបំណុលអាក្រក់ជាប់ខ្លូនច្រើន អ្នកនឹងបាត់ឱកាស វិនិយោគ ឱកាសរកស៊ីនិងឱកាសកសាងទ្រព្យ ព្រោះលុយដែលរកបានគឺសម្រាប់តែដោះបំណុល ដូច្នេះគ្មានពេលនិងគ្មានឱកាសកសាងទ្រព្យឡើយ។

 

. ចាប់ផ្ដើមរៀនវិនិយោគ

  មានផ្លូវសំខាន់២ដែលអ្នកគួរធ្វើដើម្បីអាចកសាងទ្រព្យ សល់ទ្រព្យ សល់លុយកាន់តែច្រើនហើយផ្លូវទាំង២នេះគឺចេញរកស៊ីនិងវិនិយោគ។ ចំពោះការវិនិយោគអាចបែងចែកជា២គឺទីមួយវិនិយោគលើខ្លួនឯងដែលសំដៅដល់ការវិនិយោគលើចំណេះដឹង ជំនាញដើម្បីបង្កើនឥទ្ធិពលរកចំណូលឲ្យបានកាន់តែច្រើននាពេលខាងមុខ។ ឧទាហរណ៍បើភាសាអង់គ្លេសអ្នកមានកម្រិត អ្នកអាចចាយពេលទៅរៀនអង់គ្លេសបន្ថែមដើម្បីអាចប្រើប្រាស់ភាសាអង់គ្លេសរកចំណូលបាន។

 

ចំណែកវិនិយោគមួយទៀតគឺវិនិយោគលើវិស័យផ្សេងៗដូចជាវិនិយោគអចលនទ្រព្យ វិនិយោគលើផ្សារហ៊ុន វិនិយោគលើមាស វិនិយោគក្នុងអាជីវកម្ម និងការវិនិយោគផ្សេងៗ។ យ៉ាងណាមិញមុននឹងវិនិយោគលើអ្វីមួយអ្នកត្រូវធ្វើការសិក្សាស្រាវជ្រាវនិងស្វែងយល់ឲ្យបានយល់ពីអ្វីដែលអ្នកបម្រុងនឹងវិនិយោគដើម្បីកាត់បន្ថយហានិភ័យក្នុងការវិវិនិយោគហើយបានមកវិញនូវផលចំណេញ។

 

. កសាងទំនាក់ទំនង

ត្រូវចាំថាមានទំនាក់ទំនងកាន់តែច្រើន អ្នកនឹងកាន់តែកើនលុយព្រោះទំនាក់ទំនងគឺជាលុយពោលគឺ កាលណាយើងមានទំនាក់ទំនងជាមួយមនុស្សកាន់តែច្រើនអ្នកនឹងទទួលបានឱកាសកាន់តែច្រើន ដូចជាឱកាសការងារ ឱកាសរកចំណូល ឱកាសរកស៊ី ឱកាសវិនិយោគដែលសុទ្ធតែជាឱកាសក្នុងការរស់ប្រាក់ចំណូល៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia