នៅថ្ងៃនេះ ធនាគារ អេស៊ីលីដា បានចុះបញ្ជីបោះផ្សាយលក់មូលបត្របំណុលជាផ្លូវការនៅលើផ្សារមូលបត្រកម្ពុជា(ផ្សារហ៊ុនកម្ពុជា) ប៉ុន្ដែមានប្រជាជនយើងជាច្រើនប្រហែលជាមិនទាន់ដឹងច្បាស់ទេថាតើមូលបត្របំណុលឬហៅម្យ៉ាងទៀតថាសញ្ញាបណ្ណនេះមានន័យដូចម្ដេច។
តាមពិតទៅមូលបត្របំណុលឬសញ្ញាបណ្ណគឺជាកិច្ចសន្យាខ្ចីប្រាក់រវាងបុគ្គលឬស្ថានប័នដែលបោះផ្សាយលក់មូលបត្របំណុលនិងបុគ្គលឬស្ថាប័នដែលទិញមូលបត្របំណុល។
ត្រង់នេះបុគ្គលឬស្ថានប័នដែលបោះផ្សាយលក់មូលបត្របំណុលគឺជាកូនបំណុល។ ចំណែកបុគ្គលឬស្ថាប័នដែលទិញមូលបត្របំណុលគឺជាម្ចាស់បំណុល ដូច្នេះហើយបុគ្គលឬស្ថានប័នដែលបោះផ្សាយលក់មូលបត្របំណុល មានកាតព្វកិច្ចបង់ការប្រាក់ហើយនឹងប្រាក់ដើមទៅតាមពេលវេលាជាក់លាក់ណាមួយដូចមានចែងក្នុងកិច្ចសន្សា។
ឧទាហរណ៍ជាក់ស្ដែងថ្ងៃនេះ ធនាគារ អេស៊ីលីដា បោះផ្សាយលក់បណ្ណបំណុល ១បណ្ណ២៥ដុល្លារ ដោយផ្ដល់ការប្រាក់៨.៥%ក្នុងមួយឆ្នាំ។ ដូច្នេះបើអ្នកទិញបណ្ណបំណុល អេស៊ីលីដា១ដុល្លារ ២៥ដុល្លារនោះអ្នកគឺជាម្ចាស់បំណុល ហើយអេស៊ីលីដាជាកូនបំណុល អញ្ចឹងហើយធនាគារ អេស៊ីត្រូវបង់ការប្រាក់និងប្រាក់ដើមទៅឲ្យអ្នកទៅតាមពេលវេលាជាក់លាក់ណាមួយ។
ជាក់ស្ដែងបើអ្នកទិញបណ្ណបំណុល អេស៊ីលីដា១បណ្ណ២៥ដុល្លារ ជាមួយការការប្រាក់៨.៥% នោះអ្នកនឹងទទួលបានការប្រាក់២.១២ដុល្លារក្នុង១ឆ្នាំនៃប្រាក់ដើម២៥ដុល្លាររបស់អ្នក។
អាចនិយាយឲ្យស្រួលយល់ថា ពេលអ្នកទិញបណ្ណបំណុលគឺប្រៀបដូចដាក់លុយនៅធនាគារយកការប្រាក់អញ្ចឹងគ្រាន់តែអាចខុសគ្នាតែរយៈពេលនិងអត្រាការប្រាក់ប៉ុណ្ណោះ។
ជាទូទៅបណ្ណបំណុលអាចមានរយៈពេលពី៣ទៅ៥ឆ្នាំឬអាចដល់១០ឆ្នាំក៏មានដែរ។ ចំពោះបណ្ណបំណុលអាស៊ីលីដាមានរយៈពេល៧ឆ្នាំដោយ១ឆ្នាំអ្នកបានការប្រាក់៨.៥% ហើយចំពោះការប្រាក់គេគិតឲ្យអ្នកទិញបណ្ណបំណុលរៀងរាល់៣ខែម្ដងហើយពេលគ្រប់៧ឆ្នាំគេនឹងសងប្រាក់ដើមមកឲ្យអ្នកវិញគ្រប់ចំនួនបូកជាមួយការប្រាក់ដែលអ្នកត្រូវទទួលបាន៕