នាវាទេសចរណ៍ខ្នាតយក្ស របស់សហរដ្ឋអាម៉េរិក WESTERDAM ដែលត្រូវបានអនុញ្ញាតឱ្យចូលចត នៅកំពង់ផែព្រះសីហនុ កាលពីអំឡុងផ្ទុះកូវីដ១៩ នាពេលនេះបានត្រឡប់ចូលមកប្រទេសកម្ពុជាជាថ្មីម្តងទៀត ដោយនាវាខ្នាតយក្សមួយនេះបាននាំភ្ញៀវទេសចរចម្រុះសញ្ជាតិ សរុបប្រមាណ ១៨៧៣នាក់ និងនាវិកចំនួន ៧៧៦នាក់ចូលមកកាន់ទឹកដីប្រទេសកម្ពុជាផងដែរ។
ជាក់ស្តែង យោងតាមការចុះផ្សាយដោយក្រសួងទេសចរណ៍ បានឱ្យដឹងថា ភ្ញៀវទេសចរណ៍ សរុបប្រមាណ ១៨៧៣នាក់នេះនឹងទៅទស្សនាគោលដៅទេសចរណ៍នានានៅកម្ពុជា រួមមានតំបន់ឆ្នេរ វត្តអារាមនិងផ្សារក្នុងខេត្តព្រះសីហនុ រាជធានីភ្នំពេញ សៀមរាប កំពត កែប និងកំពង់ស្ពឺ ជាដើម។
គួរជម្រាបផងដែរថា កាលពីអំឡុងផ្ទុះជំងឺរាតត្បាតកូវីដ-១៩ខ្លាំង ក្នុងឆ្នាំ២០២០ នាវា Westerdam ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីជួយសង្គ្រោះអ្នកទេសចររាប់ពាន់នាក់ បន្ទាប់ពីប្រទេសមួយចំនួនបានបដិសេធមិនឲ្យចូលចត ក្រោមហេតុផលខ្លាចចម្លងមេរោគកូវីដ-១៩។ក្រោយការចូលចត ភ្ញៀវទេសចរនៅលើនាវានោះ មានសេចក្តីសប្បាយរីករាយជាខ្លាំង រហូតមានអ្នកខ្លះស្រក់ទឹកភ្នែក និងរំភើបដឹងគុណឥតគណា៕