ពីមួយថ្ងៃទៅមួយថ្ងៃ អ្វីៗកាន់តែទំនើបនិងជឿនលឿនខ្លាំងដែរ ដោយមនុស្សអាចជជែកគ្នាសួរពីនេះពីនេះតាមរយៈតេឡេក្រាម ឬតាមរយៈឆាតបានផងដែរ។ ជាពិសេសនោះសម័យនេះ មនុស្សក៏កាន់តែពេញនិយមក្នុងការផ្ញើសារតាមរយៈ Telegram ជាដើម ព្រោះវាបានផ្តល់ទំនុកចិត្តទៅឱ្យមនុស្សគ្រប់ៗគ្នាតែម្តង ប៉ុន្តែតាមរយៈភាពជឿនលឿននេះដែរ ក៏មានជនខិលខូចមួយចំនួនព្យាយាមក្លែងបន្លំបោកបញ្ឆោតយើងបានគ្រប់ពេលដែរ។
ខាងក្រោមនេះគឺជាក្បួនបោកចំនួន៣ តាមរយៈតេឡេក្រាមបើបងប្អូនមិនប្រយ័ត្ន ឬចេះតែចុចផ្តេសផ្តាស នឹងប្រាកដជាត្រូវគេធើបាបមិនខានឡើយ៖
១.ក្បួនឆបោកបន្លំ Phishing
នាពេលថ្មីៗ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឱ្យដឹងថា ពេលនេះមានការឆបោកបន្លំ Phishing នៅក្នុង Telegram ពាក់ព័ន្ធនឹងអ្នកវាយប្រហារក្លែងបន្លំជាគណនីពិតរបស់ Telegram ផ្លូវការ ដោយប្រើផ្លាកសញ្ញាដែលបានផ្ទៀងផ្ទាត់ (Verified Badge) ដើម្បីធ្វើឱ្យគណនីរបស់ពួកគេមើលទៅគួរឱ្យទុកចិត្ត រួចផ្ញើខ្លឹមសារបំភិតបំភ័យ ជាមួយតំណភ្ចាប់ក្លែងក្លាយ ដើម្បីទាញយកព័ត៌មានសម្ងាត់របស់ដើម្បីលួចគណនីយកទៅប្រព្រឹត្តិបទល្មើស។
បងប្អូនត្រូវដឹងថា សញ្ញានេះ មិនមែនជាសញ្ញានៃគណនីពិតប្រាកដនោះទេ អ្នកណាក៏អាចទិញសេវាកម្មបង់ប្រាក់នេះបានដែរ ដើម្បីប្រើប្រាស់អត្ថប្រយោជន៍បន្ថែមនៅក្នុង TELEGRAM PREMIUM។
២. បោកប្រាស់តាមរយៈការប្រើប្រាស់និមិ្មត្តសញ្ញា
មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា មានជនខិលខូចមួយចំនួនបានបន្លំប្រើប្រាស់រូបសញ្ញាផ្សេងៗនៅក្នុងតេឡេក្រាមរួចក៏ឆាតមកតេឡេក្រាមយើងដើម្បីឱ្យយើងវិនិយោគនេះ វិនិយោគនោះដោយបានលុយរាប់ពាន់ផងដែរ។
ជាក់ស្តែង ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញគណនីបណ្តាញសង្គមមួយចំនួនបានប្រើប្រាស់និមិ្មត្តសញ្ញា និងឈ្មោះធនាគារជាតិនៃកម្ពុជា ដោយមិនមានការអនុញ្ញាតក្នុងចេតនាទុច្ចរិតបង្កើតរូបភាពបំភាន់ភ្នែក ដើម្បីផ្សព្វផ្សាយពីគម្រោងវិនិយោគ ឬប្រតិបត្តិការជួញដូរផលិតផលហិរញ្ញវត្ថុក្រៅផ្លូវការ។
សូមបញ្ជាក់ផងដែរថា ធនាគារជាតិនៃកម្ពុជា ពុំមានក្រុម ឆាណែល ឬគណនី Telegram ឬបណ្តាញទំនាក់ទំនងសង្គមផ្សេងៗទៀត សម្រាប់ផ្សព្វផ្សាយឱ្យសាធារណជនចូលរួមវិនិយោគលើទីផ្សារហិរញ្ញវត្ថុ ដូចជា ហាងឆេងមាស អត្រាប្តូរប្រាក់ ឬទ្រព្យឌីជីថលឡើយ។
៣. ប្រើលីងបញ្ឆោត
កន្លងទៅ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការជូនដំណឹងទៅដល់អ្នកប្រើប្រាស់ Telegram ទាំងអស់សូមមេត្តាប្រុងប្រយ័ត្ន ចំពោះការបោកបញ្ឆោតថ្មីដល់អ្នកប្រើប្រាស់កម្មវិធី Telegram តាមរយៈការផ្ញើដំណរភ្ជាប់បោកបញ្ឆោត (Link ក្លែងក្លាយ ដូចភ្ជាប់ក្នុងរូបភាពខាងក្រោម) ទៅកាន់សារទូរស័ព្ទ SMS ដើម្បីអោយអ្នកប្រើប្រាស់កម្មវិធី Telegram បំពេញព័ត៌មាន និងឈានទៅដល់ការយកគណនីអ្នកប្រើប្រាស់មកគ្រប់គ្រងពីជនអានាមិក៕