ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ក្រោយបញ្ចប់ការវាស់វែង ចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធិដីធ្លីរួចរាល់ ក្រសួងរំពឹងថា នឹងជួយប្រមូលចំណូលពន្ធពាក់ពន្ធនឹងអចលនទ្រព្យប្រមាណ២៥០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ។ ការលើកឡើងនេះត្រូវបានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារកាលពីចុងសប្ដាហ៍កន្លងទៅ។
យោងតាមរបាយការណ៍ប្រចាំឆ្នាំបានឱ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានវាស់វែង និងចុះបញ្ជីដីធ្លីបានចំនួនជាង ៧លាន ៧សែនក្បាលដី និងបានចេញបណ្ណប្រមាណ ៧លានបណ្ណ ។ នៅក្នុងអាណត្តិទី៧នេះ ក្រសួងបានវាស់វែងដីធ្លីបន្ថែមបានប្រមាណ ៣លានក្បាលដី និងចេញបណ្ណប្រមាណ ៥៩ម៉ឺនបណ្ណបន្ថែមទៀត ។ចំណែកក្បាលដីនៅសេសសល់ប្រមាណ ១,៥លានទៀត ដែលក្រសួងរំពឹងថានឹងបញ្ចប់នៅពេលឆាប់ៗនេះ ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបន្តថា ការវាស់វែងបញ្ចប់នេះ នឹងអនុញ្ញាតឱ្យក្រសួងអាចរៀបចំប្លង់ព្រំប្រទល់រដ្ឋបាល និងនាមភូមិសាស្ត្រ ប្លង់ហេដ្ឋារចនាសម្ព័ន្ធ និងទីធ្លាសាធារណៈ ប្លង់គោលប្រើប្រាស់ដី និងពង្រីកកំណើនជីវភាពប្រជាជនឱ្យកាន់តែប្រសើរ ។ហើយ ការបញ្ចប់ការវាស់វែងចុះបញ្ជី និងចេញបណ្ណនេះដែរ ក៏អាចបញ្ចប់នូវវិវាទដីធ្លី រវាងរដ្ឋ និងឯកជន និងរវាងឯកជន និងឯកជន។
គួរជម្រាបផងដែរថា នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ចូលរួមបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កន្លងទៅនេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក៏បានគ្រោងកញ្ចប់ថវិកាប្រមាណ១០០លានដុល្លារ ដើម្បីបញ្ចប់ដំណើរការវាស់វែងដីធ្លី ចុះបញ្ជី និងចេញបណ្ណឱ្យបានសព្វគ្រប់នៅមុនដំណាច់ឆ្នាំ២០២៩ ហើយការបញ្ចប់ការងារទាំងនេះ នឹងអាចបញ្ចប់វិវាទដីធ្លីនៅទូទាំងប្រទេស៕