ជាធម្មតាប្រសិនបើក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជនិងក្រសួងពាក់ព័ន្ធ ក្នុងករណីដែលក្រុមហ៊ុនមិនអាចបន្តដំណើរទៅមុខហើយសម្រេចចិត្តបិទទ្វារ អ្នកត្រូវតែស្នើសុំបិទក្រុមហ៊ុនឲ្យបានត្រឹមត្រូវដើម្បីចៀសវាងជួបបញ្ហាត្រូវពន្ធដារពិន័យអស់លុយរាប់ពាន់រាប់ម៉ឺនដុល្លារ។
ទាក់ទងនឹងការបិទក្រុមហ៊ុននេះដែរ លោក គង់ គឹមសុផាត ស្ថាបនិកក្រុមហ៊ុន Making It Easy Cambodia ដែលជាក្រុមហ៊ុនផ្ដល់សេវាចុះបញ្ជីក្រុមហ៊ុនសម្រាប់បរទេសដែលចង់បើកក្រុមហ៊ុននៅកម្ពុជាបានចែករំលែកពីរបៀបបិទក្រុមហ៊ុនឲ្យបានត្រឹមត្រូវដើម្បីចៀសវាហានិភ័យពីការពិន័យពីពន្ធដារ។
១. ដាក់ពាក្យស្នើសុំបិទនៅអគ្គនាយកដ្ឋានពន្ធដារ
នៅពេលដែលក្រុមហ៊ុអ្នករកស៊ីខាតឬទៅមុខលែងរួចឬមួយក៏ចង់បិទក្នុងប្រការណាមួយ អ្នកត្រូវតែដាក់ពាក្យស្នើសុំបិទក្រុមហ៊ុនទៅអគ្គនាយកដ្ឋានពន្ធដារឬសាខាពន្ធដាណាមួយទៅតាមទំហំអាជីវកម្មតូចឬធំទៅតាមប្រភេទ។ បន្ទាប់ពីដាក់ពាក្យហើយនៅពេលដែលពន្ធដារវាយត្រាលើពាក្យស្នើសុំបិទហើយនោះពន្ធដារលែងគិតកាតព្វកិច្ចបង់ពន្ធនាពេលខាងមុខទៀតហើយ។
២. អគ្គនាយកដ្ឋានពន្ធដារនឹងធ្វើសវានកម្ម
នៅពេលដែលអ្នកបានដាក់ពាក្យស្នើសុំបិទទៅពន្ធដារហើយនោះពន្ធដាធ្វើសវនកម្មថាតើពន្ធចាប់ពីពេលនេះថយទៅក្រោយវិញថាតើអ្នកបានបង់ពន្ធបានត្រឹមត្រូវឬអត់។ ត្រង់នេះបើពន្ធដារឃើញថាបង់ពន្ធត្រឹមហើយនោះ មិនមានការកំណត់ពន្ធឡើងវិញទេ។
ប៉ុន្ដែបើពន្ធដារឃើញថាមានបញ្ហានិងសង្ស័យនោះពន្ធដារនិងតម្រូវឲ្យកំណត់ពន្ធឡើងវិញ។ ហើយនេះជាពេលវេលាឆ្លើយឆ្លងរវាងអ្នកនិងពន្ធថាតើអ្នកព្រមឬអត់ទាក់ទងនឹងការកំណត់ពន្ធឡើងវិញ។យ៉ាងណាមិញបើអ្នកមានឯកសារគាំទ្រច្បាស់ថាបានបង់ពន្ធត្រឹមត្រូវនិងមានឯកសារត្រឹមត្រូវនោះពន្ធដារនឹងចេញលិខិតផ្លូវការមួយដើម្បីបញ្ជាក់ថាតើអ្នកត្រូវបង់ពន្ធបន្ថែមដើម្បីបញ្ចប់ក្រុមហ៊ុនរបស់អ្នកឬអត់។
៣. បិទនៅក្រសួងពាណិជ្ជកម្ម
ភ្ជាប់ទៅនឹងចំណុច២ខាងលើ នៅពេលដែលពន្ធដារចេញលិខិតផ្លូវការបញ្ជាក់ពីស្ថានភាពសារពើពន្ធផ្លូវការហើយនោះអ្នកអាចយកលិខិតនេះភ្ជាប់ជាមួយនឹងឯកសារផ្សេងទៀតយកទៅស្នើសុំបិទក្រុមហ៊ុននៅក្រសួងពាណិជ្ជកម្ម។ បន្ទាប់មកក្រសួងពាណិជ្ជកម្មនឹងចេញការផ្សព្វផ្សាយជាសធារណៈលើការសែតទើបការបិទក្រុមហ៊ុនរបស់អ្នកបិទបានត្រឹមត្រូវតាមច្បាប់៕