នៅថ្ងៃទី០២ ខែមេសា យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express បានឱ្យដឹងថា នាយកដ្ឋានឧតុនិយមថៃបានព្រមាននិងព្យាករណ៍ពីរលកកម្តៅក្នុងប្រទេស ដោយសីតុណ្ហភាពកម្តៅអាចនឹងឡើងខ្ពស់ដល់ ៤៣-៤៤,៥ អង្សាសេ ក្នុងខែមេសាដោយសារព្យុះរដូវក្តៅ តែនឹងមានសីតុណ្ហភាពធូរស្រាលម្តងម្កាលម្តងឡើងម្តងចុះ។
ប្រភពដដែលបានឱ្យដឹងថារលកអាកាសធាតុក្តៅខ្លាំងនេះអាចនឹងវាយលុកតំបន់ភាគឦសាន និងភាគខាងកើតនៃប្រទេសថៃដែលមានសម្ពាធទាប ដោយសីតុណ្ហភាពខ្ពស់បំផុតនៅក្នុងតំបន់ទាំង២នេះអាចឡើងដល់៤៣-៤៤អង្សាសេក្នុងអំឡុងខែមេសានេះ។
យ៉ាងណាមិញបើតាមស្ថានភាពអាកាសធាតុកាលពីថ្ងៃទី៣១ ខែមីនា នៅតំបន់ភាគខាងត្បូង-កណ្តាល ដែលរួមមានទីក្រុងបាងកក មានសីតុណ្ហភាពអតិបរិមា៣៨-៤២អង្សាសេ។ ក្នុងនោះនៅភាគខាងជើងប្រទេសថៃកម្តៅបានកើនឡើងដល់៤២អង្សាសេនៅតំបន់ខ្លះ ខណៈនៅខេត្តភាគឦសាន និងភាគខាងកើត សីតុណ្ហភាពអតិបរិមាប្រមាណ៤០អង្សាសេ។
គួរជម្រាបថាខែមេសាជាខែដែលក្តៅបំផុត នៅក្នុងប្រទេសថៃនិងបណ្តាប្រទេសជិតខាង ដោយប្រទេសទាំងមូលជួបប្រទះនឹងរលកកម្តៅខ្លាំង ដោយកាលពីឆ្នាំ២០២៣កន្លងទៅ សង្កាត់បាងណា ដែលជាតំបន់មួយនៃទីក្រុងបាងកក ក៏ធ្លាប់បានឡើងកម្តៅខ្ពស់ខ្លាំងបំផុតក្នុងប្រវត្តិសាស្រ្តដល់៥០,២អង្សាសេ។
ដូច្នេះចំពោះបងប្អូនប្រជាពលរដ្ឋ គ្រប់ទីកន្លែង ជាពិសេសកុមារតូចៗ មនុស្សចាស់ និងអ្នកដែលត្រូវធ្វើការក្រោមកម្តៅថ្ងៃច្រើន សូមមេត្តាថែរក្សាសុខភាព ការពារកុំនៅក្រោមកម្តៅថ្ងៃផ្ទាល់យូរពេក និងទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់៕
អត្ថបទដោយ៖ ពីង ជូអេង