VINFAST គឺជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីរបស់វៀតណាមដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ ដោយលោក Pham Nhat Vuong។ នៅឆ្នាំ ២០២២ ក្រុមហ៊ុនមានទ្រព្យសរុបចំនួន ២៣ ពាន់លានដុល្លា និងអាចលក់រថយន្តអស់ ៧៤០០គ្រឿង។ ទន្ទឹមនឹងនេះដែរបច្ចុប្បន្នក្រុមហ៊ុនបានបញ្ចេញនៅរថយន្តអគ្គិសនីដំបូងគេនៅក្នុងត្រកូលរបស់ខ្លួនគឺ VinFast VF3 ខណៈដែលរថយន្តម៉ូដែលថ្មីនេះត្រៀមអង្រួនទីផ្សារក្នុងស្រុក។
យោងតាមការចុះផ្សាយរបស់គេហទំព័រ CARSCOOP កាលពីម្សិលមិញនេះបានឱ្យដឹងថា VinFast បានបញ្ចេញនៅរថយន្តអគ្គិសនីស៊េរីថ្មីរបស់ខ្លួន mini VinFast VF3 ដោយកូនឡានមួយនេះមានការរចនាបែបប្រអប់ (boxy design) ដែលមានទ្វារពីរ អាចជិះបានចំនួន៥នាក់។ បើនិយាយពីប្រវែងវិញ VinFast VFមានប្រវែង ១២២.៥ អ៊ីង (៣១១៤ មីលីម៉ែត្រ) ខណៈទំហំនេះ វែងជាងរថយន្ត Mini ដើម រហូតដល់ទៅ ២.៥ អ៊ីង (៦៤មីលីម៉ែត្រ)។
ស្របគ្នានេះដែរក្រុមហ៊ុន VinFast មិនទាន់បានបង្ហាញលក្ខណៈពិសេសជាច្រើនទៀតនៅឡើយទេ ប៉ុន្តែក្រុមហ៊ុនបានឱ្យដឹងថា VF 3 នឹងត្រូវបានបំពាក់ដោយកង់ទំហំ ១៦ អ៊ីញ ខណៈតម្លៃ ថាមពលថ្ម និងពេលវេលានៃការសាក ក្រុមហ៊ុនមិនទាន់បានបង្ហើបនៅឡើយទេ។
គួរបញ្ជាក់ផងដែរថា កូនឡានអគ្គិសនីនេះ ត្រូវបានបង្កើតឡើងសម្រាប់តែទីផ្សារក្នុងស្រុកប៉ុណ្ណោះ មិនសម្រាប់ពិភពលោកទេ ព្រោះក្រុមហ៊ុនមានគោលបំណងឱ្យអ្នកដែលញៀន ឬនិយមចូលចិត្តឡានទៅមើលនៅប្រទេសខ្លួនផ្ទាល់៕