បណ្ដាញសង្គម TikTok ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ByteDance របស់ចិន នឹងបណ្តាក់ទុនចំនួន ១២៧ ពាន់លានបាត ឬស្មើនឹងប្រមាណ ៣.៨ ពាន់លានដុល្លារអាមេរិក នៅក្នុងប្រទេសថៃលើសេវាកម្មបង្ហោះទិន្នន័យ។ នេះបើតាមការបញ្ជាក់ពីក្រុមប្រឹក្សាភិបាលនៃការវិនិយោគថៃបាននិយាយកាលពីថ្ងៃពុធ និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន Bangkok Post។
ប្រភពដដែលបានឲ្យដឹងថា មជ្ឈមណ្ឌលទិន្នន័យថ្មីនេះ មានគោលបំណងគាំទ្រសកម្មភាពរបស់ក្រុមហ៊ុនដែលពាក់ព័ន្ធជាមួយគេហទំព័រវីដេអូដ៏ពេញនិយមទូទាំងពិភពលោក ដែលបានធ្វើឱ្យមានភាពជោគជ័យលើពាណិជ្ជកម្មអេឡិចត្រូនិកផងដែរ។ ខណៈប្រតិបត្តិការនៃគម្រោងនេះ ត្រូវបានគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២៦ ខាងមុខ។
ការវិនិយោគរបស់ក្រុមហ៊ុនចិននៅពេលនេះ បានធ្វើឡើងដោយអង្គភាពដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ហើយនឹងគាំទ្រសកម្មភាពរបស់ក្រុមហ៊ុនដែលពាក់ព័ន្ធ។ ការបណ្ដាក់ទុនដ៏ធំសម្បើមនេះ គឺស្ថិតក្នុងចំណោមគម្រោងថ្មីដែលមានតម្លៃ ៥ ពាន់លានដុល្លារត្រូវបានអនុម័តនិងបានប្រកាសកាលពីថ្ងៃពុធ។
គួរបញ្ជាក់ដែរថា ការបណ្ដាក់ទុនវិនិយោគរបស់ TikTok នេះកើតឡើងបន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ពិភពលោកគ្រោងបង្កើតមជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេសថៃ។ ជាក់ស្ដែងកាលពីឆ្នាំមុន Google បាននិយាយថាខ្លួននឹងវិនិយោគ ១ ពាន់លាននៅក្នុងមជ្ឈមណ្ឌលទិន្នន័យនៅ Chon Buri ។ មួយឆ្នាំបន្ទាប់ Amazon Web Services បានប្រកាសការវិនិយោគចំនួន ៥ ពាន់លានដុល្លារនៅក្នុងប្រទេសនេះរយៈពេល ១៥ ឆ្នាំ។ ហើយក្រុមហ៊ុន Microsoft ក៏បានប្រកាសថាខ្លួននឹងបើកមជ្ឈមណ្ឌលទិន្នន័យក្នុងតំបន់ដំបូងរបស់ខ្លួននៅប្រទេសថៃនេះផងដែរ៕