នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យដំណើរការសាកល្បងផ្លូវថ្មើរជើង (Walk Street) នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយពីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមសេចក្ដីជូនដំណឹងនៅថ្ងៃទី៣០ ខែមករា បានឲ្យដឹងថា ដើម្បីឱ្យដំណើរការបើកសាកល្បងផ្លូវថ្មើរជើង (Walk Street) ប្រកបដោយជោគជ័យ រក្សាបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញស្នើសុំបិទផ្លូវ និងពង្វាងចរាចរចំពោះយានយន្តគ្រប់ប្រភេទតាមពេលវេលា និងម៉ោង ដូចបានជម្រាបជូនខាងលើ ដើម្បីទុកឱ្យប្រជាពលរដ្ឋធ្វើដំណើរថ្មើរជើង៖
១- បិទកំណាត់តិរវិថីព្រះស៊ីសុវត្ថិ ចាប់ពីកែងវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់កែងវិថី ឧកញ៉ា ឈុន (ផ្លូវលេខ២៤០) ប្រវែង ១.៩៣៥ម៉ែត្រ
២- បិទកំណាត់វិថីកាត់ទទឹង ចាប់ពីកែងតីរវិថីព្រះស៊ីសុវត្ថិ ដល់កែងមហាវិថីព្រះនរោត្តម រួមមាន៖ វិថីព្រះអង្គនន្ទ (ផ្លូវលេខ១០២), រុក្ខវិថីព្រះមហាក្សត្រិយានីកុសុមៈ (ផ្លូវលេខ១០៦), រុក្ខវិថី ឧកញ៉ា អ៊ឹង ប៊ុនហូវ (ផ្លូវលេខ១០៨), វិថីព្រះអង្គឌួង (ផ្លូវលេខ១១០), វិថីក្រឡាហោមគង់ (ផ្លូវលេខ១១៨), រុក្ខវិថីនេមរៈភូមិន្ទ (ផ្លូវលេខ១៣០), វិថីឧកញ៉ា អ៊ុន (ផ្លូវលេខ១៣៦), វិថី ព្រះអង្គហស្សកណ្ឌ (ផ្លូវលេខ១៤៤), កំណាត់វិថីឧកញ៉ាអ៊ុក លន់ (ផ្លូវលេខ១៤៨) និងវិថី តេជោដំឌិន (ផ្លូវលេខ១៥៥)
៣- បិទវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤), វិថីឧកញ៉ា សន្ធរម៉ុក (ផ្លូវលេខ៩៨) ចាប់ពីកែងតីរវិថី ព្រះស៊ីសុវត្ថិ ដល់កែងវិថីព្រះអង្គយុគន្ធរ (ផ្លូវលេខ១៩)
៤- បិទវីថីព្រះអង្គមន្តវណ្ណ (ផ្លូវលេខ១៧៨) ចាប់ពីផ្នែកខាងកើតនៃវិថីព្រះអង្គអេង (ផ្លូវលេខ១៣) រហូតដល់កែងតីរវិថីព្រះស៊ីសុវត្តិ
៥- មហាវិថីសម្តេចសុធារស បិទចាប់ពីកែងវិថីតេជោដំឌិន (ផ្លូវលេខ១៥៤) ដល់កែងវិថីឧកញ៉ា ឈុន (ផ្លូវលេខ២៤០)។
ចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយកំណាត់គឺវិថីព្រះស៊ីសុវត្ថិ ចាប់ពីកែងវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់កែងវិថីឧកញ៉ា ឈុន (ផ្លូវលេខ២៤០) និងនៅតាមបណ្តោយវិថីព្រះអង្គអេង (ផ្លូវ លេខ១៣) ដល់កែងវិថីព្រះអង្គមន្តវណ្ណ (ផ្លូវលេខ១៧៨) ត្រូវយកយានជំនិះរបស់បងប្អូនចេញពីតំបន់ថ្មើរជើង ឱ្យបានមុនពេលដែលបានកំណត់ខាងលើ ដើម្បីសម្រួលដល់ការដើរកម្សាន្តរបស់ភ្ញៀវជាតិ និងអន្តរជាតិ៕