បុរសជនជាតិចិនវ័យ៤០ឆ្នាំ Liang Wenfeng គឺជាអ្នកបង្កើតAI DeepSeek ដែលដាក់ឱ្យពិភពលោកប្រើប្រាស់ជាសាធារណៈ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ខណៈត្រឹម១ថ្ងៃ AI នេះអាចទាញប្រជាប្រិយភាពពាសពេញពិភពលោក វ៉ាដាច់ Chatgpt របស់អាមេរិក ធ្វើឱ្យមេធំក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយចំនួន ដេកភ័យត្បិតអីភាគហ៊ុនក្រុមហ៊ុនធ្លាក់ចុះ។
ផ្តើមពីយុវជនដែលងប់ងុលនឹងគណិតវិទ្យា Liang Wenfeng បានបញ្ចប់ការសិក្សាការសិក្សាពីសកលវិទ្យាល័យ Zhejiang ជាមួយនឹងសញ្ញាបត្រអនុបណ្ឌិតផ្នែកវិស្វកម្មព័ត៌មានអេឡិចត្រូនិច និងវិទ្យាសាស្ត្រកុំព្យូទ័រ។ នៅពីរបីឆ្នាំបន្ទាប់ពីបញ្ចប់ការសិក្សា យុវជនរូបនេះ តែងសហការជាមួយមិត្តភក្តិដែលជាអ្នកវិទ្យាសាស្ត្រកុំព្យូទ័រពីរបីនាក់ សរសេរកូដបង្កើតបច្ចេកវិទ្យាថ្មីៗជាមួយនឹងចក្ខុវិស័យថាធ្វើឱ្យចិនក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យាពិភពលោក។
ជាសហគ្រិនបច្ចេកវិទ្យាធ្លាប់បរាជ័យបះជើង ដោយសារបញ្ហាក្រឡប់ចាក់ទីផ្សារភាគហ៊ុននៅប្រទេសចិន ក្នុងការវិនិយោគបង្កើតបច្ចេកវិទ្យា Ai សម្រាប់គ្រប់គ្រងទិន្នន័យហិរញ្ញវត្ថុ តែពេលបច្ចុប្បន្ននេះ Liang បានធ្វើឱ្យសេដ្ឋីបច្ចេកវិទ្យាគ្រាក់ៗនៅអាមេរិកដេកភ័យ ដោយសារតែ Ai Deepseek ។
ជាក់ស្តែងដូចជាមេធំ Meta និងលោក Jensen Huang ដែលជាម្ចាស់ក្រុមហ៊ុនថ្លៃជាងគេបំផុតលើលោក ផលិតបន្ទះឈីប NIVIDIA ទើបខាតលុយអស់៤០០លានដុល្លារ ដោយសារបញ្ហាភាគហ៊ុនដែលបណ្តាលមកពី ប្រជាប្រិយភាពរបស់កម្មវិធីមកថ្មីរបស់ចិន ដែលសាធារណៈជនអាចប្រើដោយឥតគិតថ្លៃ និងមានសមត្ថភាពខ្លាំងប្រហាក់ប្រហែលផលិតបច្ចេកវិទ្យារបស់អាមេរិក។
ស្របពេលជាមួយគ្នានេះលោក Donald Trump ក្បាលម៉ាស៊ីនដឹកនាំថ្មីរបស់អាមេរិក ក៏បានព្រមានមន្រ្តីនិងអ្នកអភិវឌ្ឍបច្ចេកវិទ្យានៅអាមេរិកទាំងអស់ ឱ្យប្រុងប្រយ័ត្នជាមួយនឹងដៃគូប្រកួតប្រជែងចិន និងកុំភ្លេចខ្លួនក្នុងការពង្រឹងសមត្ថភាពឱ្យសោះ។
Deepseek ទើបបង្កើតបានរយៈពេល២០ខែនិងចាយទុនមិនដល់៥ពាន់លានដុល្លារ តិចជាង AI របស់ក្រុមហ៊ុនអាមេរិកល្បីៗនានាបួនទៅប្រាំដង លោក Liang Wenfeng បាននិយាយនៅក្នុងសុន្ទរកថាមួយថាចិននឹងមិននៅ ត្រឹមតែអ្នកដើរតាមនោះទេ ប្រសិនបើសហរដ្ឋអាមេរិក អាចអភិវឌ្ឍនឹងដឹកនាំក្តោបក្តាប់ឧស្សាហកម្មទាំងអស់នោះ ហេតុអ្វីចិនមិនអាច៕