ក្បាច់ស្រីគ្រប់គ្រងហិរញ្ញវត្ថុ! បើកហាងដំបូងៗចេះតែ១ក្បាច់នេះអាចដឹងភ្លាមៗថារកស៊ីចំណេញឬខាត
Toeuy HongJANUARY 30 2025361 views

ពេលបើកហាងរកស៊ីដំបូងៗ អ្នករកស៊ីមួយចំនួនមិនសូវមានបទពិសោធន៍នោះទេជាពិសេសបពិសោធន៍គ្រប់គ្រងលំហូរសាច់ប្រាក់នៅក្នុងអាជីវកម្ម ដូច្នេះហើយទើបធ្វើឲ្យអ្នករកស៊ីបើកហាងមួយចំនួនបរាជ័យបើកបានតែមួយភ្លែតក៏ត្រូវបង្ខំចិត្តបិទទ្វារទៅវិញ។ អ៊ីចឹងបើកហាងដំបូងៗបើចង់ដឹងចំណេញខាតការគ្រប់គ្រងលំហូរសាច់ប្រាក់គឺរឿងចាំបាច់បំផុត។

ទាក់ទងនឹងរឿងគ្រប់គ្រងលំហូរសាច់ប្រាក់នេះដែរ ថ្ងៃនេះ Business Cambodia សូមចែករំលែកពីក្បួនគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងអាជីវកម្មសម្រាប់អ្នកបើកហាងដំបូងដែលការគ្រប់គ្រងនេះគឺជាក្បាច់ស្រី ហើយបើអ្នកធ្វើបាននោះ អ្នកដឹងថាហាងអ្នករកស៊ីចំណេញឬក៏ខាត ហើយក៏អាចជួយអ្នកឲ្យលែងខាតទៀតដែរ។ ការគ្រប់គ្រងហិរញ្ញវត្ថុក្នុងអាជីវកម្មដោយប្រើក្បាច់ស្រីគឺត្រូវអនុវត្តដូចខាងក្រោមនេះ។

រកចំណូលដែលលក់បានសរុបមកបែងចែក

ត្រង់នេះអ្នកត្រូវយកចំណូលសរុបដែលអ្នកលក់បានក្នុងមួយថ្ងៃមកធ្វើការបែងចែកដាក់ក្នុងស្រោមសំបុត្រទៅតាមប្រភេទចំណាយនីមួយៗប្រចាំថ្ងៃ។

 

ឧទាហរណ៍ស្រោមសំបុត្រទី១ អ្នកត្រូវដកចំណាយថ្លៃដើមសរុប។ ឧទាហរណ៍ចំណូលសរុបថ្ងៃនេះអ្នកលក់បាន៣០០ដុល្លារ ហើយថ្លៃដើមចាយអស់១០០ដុល្លារ ដូច្នេះអ្នកអាចដក១០០ដុល្លារដាក់ក្នុងស្រោមសំបុត្រជាការចំណាយថ្លៃដើម។

 

ស្រោមសំបុត្រទី២ ដកចំណាយថ្លៃជួលទីតាំង។ ឧទាហរណ៍ថ្លៃជួលតាំង២០០ដុល្លារក្នុងមួយខែ ហើយចែកនឹង៣០ថ្ងៃនោះស្មើមួយថ្ងៃអ្នកចាយអស់ប្រមាណ៧ដុល្លារលើថ្លៃជួលតាំង។ ដូច្នេះអ្នកត្រូវដក៧ដុល្លារដាក់ក្នុងស្រោមសំបុត្រដែលជាការចំណាយថ្លៃជួលទីតាំង។

 

ស្រោមសំបុត្រទី៣គឺអ្នកត្រូវដកចំណាយថ្លៃទឹកភ្លើង។ ឧទាហរណ៍ថ្លៃទឹកភ្លើងចំណាយអស់ប្រចាំខែ១០០ដុល្លារ ចែកនឹង៣០ថ្ងៃស្មើនឹងមួយថ្ងៃចាយលើទឹកភ្លើងអស់៣.៥ដុល្លារ។ ដូច្នេះដក៣.៥ដុល្លារដាក់ក្នុងស្រោមសំបុត្រសម្រាប់ចំណាយថ្លៃទឹកភ្លើង។

 

ស្រោមសំបុត្រទី៤គឺដកថ្លៃចំណាយប្រាក់ខែបុគ្គលិក។ ឧទាហរណ៍ប្រាក់ខែបុគ្គលិក២៥០ដុល្លារក្នុងមួយខែ ចែកនឹង៣០ថ្ងៃស្មើនឹងមួយថ្ងៃអស់ប្រមាណ៩ដុល្លារ ដូច្នេះដក៩ដុល្លារមកដាក់ក្នុងស្រោមសំបុត្រសម្រាប់ចំណាយថ្លៃបុគ្គលិក។

 

ស្រោមសំបុត្រទី៥ ដក១០%នៃប្រាក់ចំណូលសរុបលក់បានប្រចាំថ្ងៃមកសន្សំ ដូច្នេះបើចំណូលពីការលក់សរុប៣០០ដុល្លារ នោះអ្នកត្រូវដក៣០ដុល្លារដាក់ក្នុងស្រោមសំបុត្រសម្រាប់សន្សំទុកជាលុយបម្រុងពេលមានបញ្ហាលំហូរសាច់ប្រាក់នៅក្នុងអាជីវកម្ម។

 

សរុបមកដូចអ្វីដែលបានរៀបរាប់ខាងលើឃើញថាចំណូលពីការលក់សរុបប្រចាំថ្ងៃគឺ៣០០ដុល្លារ។ ហើយបន្ទាប់ពីដកចំណាយទៅតាមប្រភេទចំណាយដាក់ក្នុងស្រោមសំបុត្រឃើញថាចំណាយសរុបទាំងអស់ចំនួន១៤៩.៥ដុល្លារដែលជាចំណាយសរុបប្រចាំថ្ងៃហើយនៅសល់១៥០.៥ដុល្លារក្រោយពីដកចំណាយគឺជាប្រាក់ចំណេញសុទ្ធប្រចាំថ្ងៃរបស់អ្នក។

 

នេះគឺជាក្បាច់ស្រីក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់អ្នកចាប់បើកហាងដំបូងៗ ហើយវាមិនពិបាកធ្វើនោះ ហើយក៏មិនទាមទារឲ្យអ្នកខ្លាំងខាងផ្នែកគណនេយ្យនោះដែរ។ សំខាន់អ្នកត្រូវដឹងថាតើអាជីវកម្មអ្នកមានកញ្ចប់ចំណាយអ្វីខ្លះ ហើយត្រូវបែងចែកកញ្ចប់ចំណាយប្រចាំថ្ងៃដូចដែលបានរៀបរាប់ខាងលើនោះអ្នកនឹងដឹងច្បាស់ថាថ្ងៃនេះអ្នករកស៊ីចំណេញឬខាត។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia