ផ្នត់គំនិតគឺជារឿងសំខាន់ណាស់ ត្បិតថាមនុស្សម្នាក់ក្លាយជាបែបណា ជោគជ័យឬ ជោគជាំ វាអាស្រ័យមួយភាគធំទៅលើផ្នត់គំនិតនេះឯង។ ដូច្នេះហើយទើបមនុស្សគ្រប់គ្នាត្រូវយកចិត្តទុកដាក់ទៅលើការបណ្ដុះផ្នត់គំនិតឱ្យបានរឹងមាំ ដើម្បីអាចសម្រេចគោលដៅជីវិតរបស់ខ្លួន។
ខាងក្រោមនេះគឺជាផ្នត់គំនិតធំៗទាំង៥ ដែលអ្នកគួរចាប់យក ក៏ដូចជាប្រកាន់ភ្ជាប់ឱ្យបាន ដើម្បីអាចសាងទ្រព្យ សល់លុយ សម្រេចផែនការជីវិតនៅឆ្នាំ២០២៥៖
១. ទុកបញ្ហាជាឱកាស៖ សួរសំណួរមួយទៅកាន់ខ្លួនឯងថា បើគេចពីបញ្ហាមួយហ្នឹងតើធ្វើឱ្យជីវិតយើងរីកចម្រើនដែរទេ? ចុះបើតតាំងជាមួយបញ្ហានោះបានតើនឹងរីកចម្រើនអ្វីខ្លះ? ត្រូវចាំថាកាលណាអ្នកហ៊ានតតាំង បើចាញ់អ្នកបានបទពិសោធន៍ទុកប្រើប្រាស់លើកក្រោយ ហើយបើឈ្នះសមត្ថភាពរបស់អ្នកនឹងកាន់តែរីកចម្រើនឡើងមួយកម្រិតទៀត។ ហេតុនេះហើយបានជាគេនិយាយថា បញ្ហាជាឱកាស បើអ្នកគេចបញ្ហាអ្នកក៏គេចពីឱកាសរីកចម្រើនដែរ។
២. អបអរនឹងភាពរីកចម្រើនរបស់អ្នកដទៃ៖ គេថាជីវិតគឺជាការប្រកួតប្រជែង ប៉ុន្តែមិនមានន័យថាអ្នកត្រូវតែឈ្នះគេគ្រប់គ្នាទើបអស្ចារ្យនោះទេ។ ពាក្យថាប្រកួតប្រជែងនៅត្រង់នេះ គឺមានន័យថាប្រជែងជាមួយនឹងសមត្ថភាពចាស់របស់ខ្លួន ដោយប្រើសមត្ថភាពថ្មីៗ ដើម្បីបន្តរីកចម្រើន។ ហេតុនេះហើយសូមឈប់យល់ច្រឡំ ឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ឈប់ឃើញគេល្អជាងខ្លួនមិនបាន។ ផ្ទុយទៅវិញគួររៀនទះដៃសាទរពេលគេជោគជ័យ ព្រោះគេខំទើបគេបានប្រសើរ បើចង់ប្រសើរដែរយើងត្រូវតែខំ ស្អប់គេមិនបានធ្វើឱ្យអ្នកចម្រើនឡើយ។
៣. រៀននិយាយវិជ្ជមាន៖ ក្រៅពីវិជ្ជមានចំពោះបញ្ហា អ្នកក៏ត្រូវតែវិជ្ជមានជាមួយនឹងលទ្ធផលល្អៗរបស់ខ្លួនផងដែរ។ មានន័យថា រាល់ពេលសម្រេចបាននូវលទ្ធផលល្អៗ អ្នកត្រូវចេះលើកទឹកចិត្តខ្លួនឯង ដោយការស្វែងយល់ថា យើងបានធ្វើសកម្មភាពអ្វីខ្លះដើម្បីសម្រេចបានសមិទ្ធផលនោះ។
ឧទាហរណ៍ថាអ្នកសម្រេចគម្រោងធំមួយ ពាក្យដែលអ្នកគួរសរសើរទៅកាន់ខ្លួនឯងមិនមែនគ្រាន់តែ «ខ្ញុំពូកែ ខ្ញុំអស្ចារ្យ ខ្ញុំឧស្សាហ៍» នោះទេ ប៉ុន្តែគួរប្ដូរមកជាកត់ត្រាវិញថា ដើម្បីសម្រេចរឿងហ្នឹងបាន ខ្ញុំបានយកចិត្តទុកដាក់ខ្លាំង, លះបង់ពេលវេលាខ្លាំង, ធ្វើការស្រាវជ្រាវច្រើន។ ការកត់ត្រាជួយឱ្យអ្នកចាំបានល្អជានិយាយ កត់បែបនោះជារឿយៗអ្នកនឹងក្លាយជាមនុស្សដែលសម្បូរទៅដោយដំណោះស្រាយដែលមានប្រសិទ្ធភាព ក្លាយជាមនុស្សខ្លាំង មានអ្នកត្រូវការច្រើន ចំណូលអ្នកច្បាស់ជាកើនមិនខាន។
៤. ហ៊ានទទួលស្គាល់ការបរាជ័យ៖ ការដួលគឺជារឿងធម្មតា ការដួលមិនមែនមានន័យថាដល់ទីបញ្ចប់នោះទេ។ ហេតុនេះហើយត្រូវហ៊ានទទួលស្គាល់ការពិតមួយនេះ ប្រសិនបើអ្នកកំពុងចាយលុយខុស កុំខ្លាចក្នុងការទទួលស្គាល់ថាខ្លួនឯងខុស ហើយព្រមកែសម្រួលឱ្យត្រូវឡើងវិញ។ ព្រោះថានៅពេលដែលអ្នកទទួលកំហុសហើយព្រមផ្លាស់ប្ដូរ អ្នកនឹងទទួលបានលទ្ធផលដែលល្អ ខុសពីមុន។
៥. កុំភ្លេចគោលដៅធំក្នុងជីវិត៖ ពេលរីកចម្រើនកុំភ្លេចខ្លួន ពេលចំណូលកើន កុំចាយដាច់ចំណង។ មាននុស្សច្រើនណាស់ដែលខំរកស៊ីក្លាយជាអ្នកមានហើយ ត្រឡប់មកជាក្រវិញ ព្រោះតែការភ្លេចខ្លួន។ ហេតុនេះហើយអ្នកត្រូវតែដាស់តឿនខ្លួនឯងជានិច្ចថា រាល់សមិទ្ធផលដែលអ្នកបានសម្រេចនៅពេលនេះ គ្រាន់តែជាដំណាក់កាលមួយប៉ុណ្ណោះ វាមិនមែនជាជីវិតទាំងមូលឡើយ។ ដូច្នេះត្រូវបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីរក្សាបាននូវភាពរីកចម្រើន កើនសមត្ថភាព សម្រេចបាននូវគោលដៅធំរបស់ជីវិត។
ត្រូវចាំថា គំនិតនិងលុយ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធិ មនុស្សមាន២នាក់ផ្សេងគ្នាសមត្ថភាពដូចគ្នា មានប្រាក់ខែដូចគ្នា អាចសល់លុយតិចៗច្រើន គឺអាស្រ័យលើផ្នត់គំនិតរបស់ពួកគេរៀងៗខ្លួន។ អាស្រ័យហេតុនេះហើយ ចាប់ពីឆ្នាំថ្មីទៅ អ្នកត្រូវយកចិត្តទុកដាក់លើផ្នត់គំនិតរបស់ខ្លួនឯង ដើម្បីសម្រេចបាននូវគោលដៅជីវិតដែលបានកំណត់ទុក៕