ជាធម្មតាជារៀងរាល់ឆ្នាំអំឡុងចូលឆ្នាំចិននិងវៀតណាម ប្រជាជនវៀតណាតែងតែចាយលុយទិញរបស់របរដើម្បីរៀបចំចូលឆ្នាំថ្មីនិងដើរលេងសប្បាយនៅក្នុងឆ្នាំថ្មី។ យ៉ាងណាមិញសម្រាប់ចូលឆ្នាំថ្មីនៅក្នុងឆ្នាំ២០២៥នេះ បែរជាប្រជាជនវៀតណាមចាយលុយត្បិតត្បៀតទៅវិញ។
បើយោងតាមការចុះផ្សាយរបស់ Vietnamnews បានឲ្យដឹងថាតម្រូវការនៃពលរដ្ឋវៀតណាដើរទិញឥវ៉ាន់សម្រាប់ចូលឆ្នាំថ្មីមានការធ្លាក់ចុះ។ ហើយមូលហេតុដែលប្រជាជនចាយលុយត្បិតត្បៀតអំឡុងចូលឆ្នាំថ្មីគឺដោយសារតែពួកគាត់ផ្ដោតលើការចំណាយឲ្យមានប្រសិទ្ធភាពនិងសម្រាកនៅផ្ទះជាជាងដើរលេងទៅក្រៅ។
បើតាមការស្ទង់មតិរបស់អ្នកស្រាវជ្រាវទីផ្សារដែលមានឈ្មោះថា Nielsen IQ បានឲ្យដឹងថាពលរដ្ឋវៀតណាដែលបានចូលរួមស្ទង់មតិចំនួន១២០០នាក់នៅក្នុងទីក្រុងហូជីមីញបង្ហាញថាពួកគាត់នឹងកាត់បន្ថយការចំណាយដើម្បីចៀសវាងចាយខ្ជះខ្ជាយបើទោះបីជាពួកគាត់មានស្ថានភាពហិរញ្ញវត្ថុល្អប្រសើរក៏ដោយ។
លើសពីនេះពលរដ្ឋវៀតណាមកាត់បន្ថយចំណាយ ហើយគិតគូរឿងសន្សំសំចៃដោយសារពួកគាត់មានអារម្មណ៍ថាគ្រឿងទេសនិងរបស់របរផ្សេងៗគឺឡើងថ្លៃនៅរយៈពេល៦ខែចុងក្រោយនេះ៕