ព្រឹត្តិការណ៍ រត់ជាមួយ វីង រៃអង្គាសថវិកាជាង ២០លានរៀល ដើម្បីជួយទ្រទ្រង់សុខុមាលភាពកុមារកម្ពុជា
Daneth MechJANUARY 13 2025

ក្នុងកាយវិការបង្ហាញពីស្មារតីដ៏រស់រវើកអំពីសាមគ្គីភាពក្នុងសហគមន៍ អ្នកចូលរួមប្រមាណ ៨៥០នាក់ ដែលមានទាំងសមាជិកគ្រួសារ និងមិត្តភក្តិ របស់បុគ្គលិកនិងដៃគូអាជីវកម្មវីង បានមកជួបជុំគ្នានៅបុរីប៉េងហួតបឹងស្នោ ដើម្បីចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុង “រត់ជាមួយ​ វីង ដើម្បីកុមារកម្ពុជា”។ រៀបចំឡើងដោយ​ វីង កម្មវិធីនេះធ្វើឡើងប្រកបដោយអត្ថន័យបំផុតដោយមានការច្របាច់បញ្ចូលគ្នានូវសកម្មភាពកីឡាដើម្បីសុខភាព និងការរួមចំណែកបរិច្ចាគជួយទ្រទ្រង់បេសកកម្មសង្គ្រោះជីវិតរបស់មន្ទីរពេទ្យកុមារអង្គរ។

Photo 2025 01 13 16 08 46

Photo 2025 01 13 16 08 49

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកក្រុមហ៊ុន វីង បានសម្តែងការអរគុណទៅដល់អ្នកចូលរួម ដោយបានលើកឡើងថា៖ “យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកចូលរួមទាំងអស់ដែលបានធ្វើឱ្យព្រឹត្តិការណ៍នេះដំណើរការទៅដោយរលូន។ ការចូលរួមនេះនឹងជួយទ្រទ្រង់ដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យកុមារអង្គរ ក៏ដូចជាជំរុញឱ្យមាននូវគំនិតផ្តួចផ្តើមផ្សេងៗទៀត ក្នុងគោលបំណងលើកកម្ពស់បញ្ហាសុខភាព ពង្រឹងចំណងសហគមន៍ និងផ្តល់ការគាំទ្រ ទៅដល់កុមារដែលត្រូវការជំនួយបំផុត។ ការចូលរួមនៅក្នុងព្រឹត្តិការណ៍នេះទៀតសោត ក៏បានផ្តល់ឱ្យអ្នកចូលរួមពង្រឹងនូវសុខុមាលភាពផ្ទាល់ខ្លួន ជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នាចំពោះបុព្វហេតុដ៏មានអត្ថន័យ ​ដោយបង្កើតបាននូវផលវិជ្ជមានយូរអង្វែងទៅដល់អាយុជីវិតកុមារជាច្រើនពាន់នាក់ផងដែរ។

ដោយមានការទទួលស្គាល់ពីការរួមចំណែកដ៏សំខាន់ចំពោះវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា មន្ទីរពេទ្យកុមារអង្គរ បានផ្តល់ការព្យាបាលទៅដល់កុមារប្រមាណ ១០០.០០០ ក្នុងមួយឆ្នាំៗដោយឥតគិតថ្លៃ ពោលគឺបានព្យាបាលកុមារចន្លោះពី ៣០០​ ទៅ ៤០០នាក់ ក្នុងមួយថ្ងៃ។ ដើម្បីរួមចំណែកក្នុងបេសកកម្មនេះ វីង បានបរិច្ចាគថវិកាចំនួន ១០.០០០រៀល សម្រាប់បុគ្គលិកម្នាក់ៗដែលបានចុះឈ្មោះរត់ក្នុងកម្មវិធីម៉ារ៉ាតុងនេះ ដោយបានរៃអង្គាសមានចំនួនជាង ២០លានរៀល ដើម្បីបរិច្ចាគជូនដល់មន្ទីរពេទ្យកុមារអង្គរ។

ថ្លែងក្នុងកម្មវិធីនេះលោក  អ៊ីវ គឹមសួរ ប្រធានក្រុមប្រឹក្សាផ្តល់យោបល់ និងជាអ្នកតំណាងមន្ទីរពេទ្យកុមារអង្គរ បានលើកឡើងថា៖ “យើងខ្ញុំពិតជាមានការស្ងើចសរសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាដែលបានបង្ហាញឱ្យឃើញយ៉ាងច្បាស់នៅថ្ងៃនេះផ្ទាល់តែម្តង។ ការរួមចំណែកនេះនឹងជួយឱ្យបេសកកម្មយើងខ្ញុំឆ្ពោះទៅមុខដើម្បីប្រាកដថាកុមារទាំងអស់ស័ក្តិសមនឹងទទួលបានការថែទាំប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត។”

Photo 2025 01 13 16 08 47 (2)

Photo 2025 01 13 16 08 47

Photo 2025 01 13 16 08 48 (2)

កម្មវិធីរត់​ប្រណាំងម៉ារ៉ាតុងនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម និងស្មារតីរួបរួមនៅក្នុងសហគមន៍ប៉ុណ្ណោះទេ​ តែក៏ផ្តល់នូវឱកាសដ៏សប្បាយរីករាយសម្រាប់ការជួបជុំជាលក្ខណៈគ្រួសារទៀតផងដែរ។ លោកស្រី ហ៊ូ ស៊ីដានី ដែលជាបុគ្គលិក វីង មួយរូបបានចូលរួមនៅក្នុងកម្មវីធីនេះបានលើកឡើងថា៖ “នៅក្នុងជីវិតរស់នៅដ៏មមាញឹកប្រចាំថ្ងៃ យើងមិនសូវមានពេលវេលាគ្រប់គ្រាន់ មិនថាការចំណាយពេលជាមួយក្រុមគ្រួសារ ការលេងកីឡា ឬការរួមចំណែកទៅដល់សហគមន៍នោះឡើយ។  យ៉ាងណាមិញ កម្មវិធីនេះបានអនុញ្ញាតឱ្យនាងខ្ញុំចូលរួមសកម្មភាពកីឡាតាមរយៈការរត់ ហើយថែមទាំងអាចជួបជុំជាមួយក្រុមគ្រួសារ​ និងមិត្តភក្តិនាថ្ងៃចុងសប្តាហ៍ ដែលជាការបង្កើតទម្លាប់ដ៏ល្អមួយសម្រាប់សុខភាព  ហើយអាចរួមចំណែកជួយសង្គ្រោះអាយុជីវិតកុមារថែមទៀតផង។

វីង តែងតែចូលរួមគាំទ្រឥតងាករេដើម្បីជួយទៅដល់មន្ទីរពេទ្យកុមារអង្គររហូតមកតាមរយៈគំនិតផ្តួចផ្តើមរៃអង្គាសជាច្រើនដូចជាបុណ្យផ្កាសាមគ្គីជាដើម។ ហើយព្រឹត្តិការណ៍ “រត់ជាមួយ វីង ដើម្បីកុមារកម្ពុជា" ពិតជាបានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់ វីង ដើម្បីនាំមកនូវផលវិជ្ជមានទៅដល់សង្គម ក៏ដូចជាជំរុញឱ្យមានវប្បធម៍ការផ្តល់ត្រលប់ទៅសង្គមវិញតាមរយៈកម្មវិធីសប្បុរសធម៌នានា។

Photo 2025 01 13 16 08 48

លើសពីនេះ វីង ក៏តែងតែយកចិត្តទុកដាក់ចំពោះទំនួលខុសត្រូវសង្គម ដោយបានចូលរួមក្នុងគំនិតផ្តួចផ្តើមជាច្រើន ក្នុងគោលបំណងលើកកម្ពស់សុខភាព និងការចូលរួមអភិវឌ្ឍនៅក្នុងសហគមន៍ផងដែរ។ កម្មវិធីទាំងនេះរួមមាន៖ ការរៀបចំកម្មវិធីរត់ដើម្បីកុមារកម្ពុជា, ការឧបត្ថម្ភទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរ, ការគាំទ្រដល់កម្មវិធីសប្បុរសធម៌ផ្សេងៗទៀតដូចជា ការរត់ និងជិះកង់ចម្ងាយ ២៥០ គ.ម តាមបណ្ដោយទន្លេមេគង្គ និងការគាំទ្រទៅដល់អង្គការ Happy Football Cambodia Australia ដែលអង្គការនេះផ្តល់នូវកម្មវីធីកីឡាបាល់ទាត់ដ៏មានសុវត្ថិភាពទៅដល់កុមារដែលមានជីវភាពខ្វះខាតនៅក្នុងខេត្តសៀមរាប។ បន្ថែមពីនេះ វីង ក៏បានសហការឧបត្ថម្ភក្លឹបបាល់ទាត់បឹងកេត និងព្រឹត្តិការណ៍ជិះកង់ដែលរៀបចំឡើងដោយសមាគមធនាគារនៅកម្ពុជា ក៏ដូចជាសកម្មភាព និងព្រឹត្តិការណ៍កីឡាជាច្រើនទៀតផងដែរ៕

Photo 2025 01 13 16 08 48 (3)

Photo 2025 01 13 16 08 50

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia