លោក សុខ វឿន តស៊ូធ្វើការពីCO ក្លាយជា CEO ដឹកនាំគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុល្បីឈ្មោះ LOLC  
Ping Chou EngJANUARY 13 2025166 views

LOLC គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយដែលត្រូវបានបង្កើតឡើងក្នុងប្រទេសកម្ពុជា ១៩៩៤ ដែលជួយឱ្យស្ត្រីនៅតាមជនបទអាចទទួលបានសេវាហិរញ្ញវត្ថុ សម្រាប់សហគ្រាសខ្នាតតូច និងត្រូវបានគេស្គាល់ថាជាក្រុមហ៊ុន Thaneakea Phum Cambodia, Ltd ។

 

រហូតដល់ឆ្នាំ២០១៥ ត្រូវបានប្តូរឈ្មោះមក LOLC វិញ ដោយបច្ចុប្បន្ន គ្រឹះស្ថាននេះមាន លោក សុខ វឿន ជាប្រធាននាយកប្រតិបត្តិ ដែលបានកាន់តំណែងចាប់តាំងពីឆ្នាំ២០១៤។​

 

ផ្តើមការងារពីមន្រ្តីឥណទាននៅធនាគារ អេស៊ីលីដា ពីឆ្នាំ២០០០ ដល់ ឆ្នាំ២០០១ លោក សុខ វឿន បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ វិទ្យាសាស្ដ្រសេដ្ឋកិច្ច ជំនាញគ្រប់គ្រងសហគ្រាស ក្នុងឆ្នាំ២០០០ និងថ្នាក់អនុបណ្ឌិត ផ្នែកគ្រប់គ្រងអាជីវកម្មជំនាញហិរញ្ញវត្ថុនិងធនាគារ ពីសាកលវិទ្យាល័យបៀលប្រាយកម្ពុជាក្នុងឆ្នាំ២០០៥។ ធ្វើការងារពីឆ្នាំ២០០១ ដល់ ឆ្នាំ២០០៥លោកក៏ត្រូវបានដំឡើងតំណែងជាប្រធានផ្នែកគ្រប់គ្រងឥណទាន នៅការិយាល័យកណ្តាល។

 

ប្រឡូកការងារនៅច្រើនស្ថាប័ន ក្នុងវិស័យហិរញ្ញវត្ថុ លោកក៏ចាប់ផ្ដើមបោះជំហានដំបូងជាមួយ LOLC ជាប្រធាននាយកប្រតិបត្តិការ នៅក្នុងខែមេសា ឆ្នាំ២០១០ ហើយលោកត្រូវបានដំឡើងតំណែង ជាអនុប្រធាននាយកប្រតិបត្តិ នៅខែធ្នូ ឆ្នាំ២០១២។ រយៈពេល២ឆ្នាំក្រោយនៅ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៤ លោកត្រូវបានក្រុមប្រឹក្សាភិបាល តែងតាំងជាប្រធាននាយកប្រតិបត្តិគ្រឹះស្ថាន។

 

ថ្វីត្បិតតែជាកូនកសិករស្រុកស្រែចម្ការ មានដើមកំណើតមកពីស្រុកមង្គលបូរី CEO រូបនេះក៏បានបន្តការរៀនសូត្រ ដូចជាការចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនទាំងក្នុងនិងក្រៅប្រទេស អំពីជំនាញដូចជាភាពជាអ្នកដឹកនាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ការគ្រប់គ្រងឥណទាន ការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងហានិភ័យ អភិបាលកិច្ចនិង ការច្នៃប្រឌិតទៅលើប្រព័ន្ធឌីជីថលជាដើម។

 

ក្នុងនាមជាអ្នកដឹកនាំមានវ័យ៤៩ឆ្នាំ លោក សុខ វឿន បានចែករំលែកជាទស្សនៈវិស័យ នៅក្នុងវីដេអូបទសម្ភាសន៍ជាមួយសារព័ត៌មានមួយ អំពីអ្វីដែលជួយឱ្យលោកជោគជ័យក្នុងអាជីព​ថា ធ្វើអ្វីធ្វើឱ្យគិត គិតអ្វីឱ្យមានកំណើត

 

លោកក៏បានបន្តគូសបញ្ជាក់ថា៖ ការងារល្អគឺការធ្វើការងារជាក់ស្តែង មានវិន័យ អត់ធ្មត់និងលះបង់​ ហើយមិនមែនយើងមានការងារល្អហើយយើងឈប់រៀននោះទេ គឺត្រូវបន្តការរៀនសូត្រគ្រប់ពេលគ្រប់វ័យ មិនថានៅថ្នាក់រៀន តាមរយៈកិច្ចប្រជុំឬប្រព័ន្ធអនឡាញនោះទេ ពោលគឺត្រូវអភិវឌ្ឍន៍ចំណេះដឹងនិងជំនាញរបស់យើងជាប្រចាំ​ រៀនដោយមានប្រភពនិងទិន្ន័ន័យច្បាស់លាស់គួរឱ្យជឿទុកចិត្តបាន។ 

 

គួរជម្រាបផងដែរថាគិតត្រឹមខែកញ្ញា ឆ្នាំ២០២៤ ស្ថិតក្រោមការដឹកនាំរបស់ លោកប្រធាននាយកប្រតិបត្តិ សុខ វឿន  គ្រឹះស្ថានមីក្រូហិរញ្ញាវត្ថុ LOLC Cambodia Plc. ដែលជាគ្រឹះស្ថានលេចធ្លោមួយនៅកម្ពុជា​ ក្រោមបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុននៅសិង្ហបុរីមួយនេះ មានទ្រព្យសកម្មជាង ១.៥៧ ពាន់លានដុល្លារអាមេរិក និងបុគ្គលិកមានបទពិសោធន៍ជាង៣ពាន់នាក់៕

 

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia