ក្រុមហ៊ុន Thien Y Environmental Energy Joint Stock Company ដែលជាក្រុមហ៊ុនរបស់ប្រទេសចិន ដែលបានកំពុងតែដំណើរការរោងចក្រកែច្នៃសំរាម ទៅជាថាមពលអគ្គិសនី នៅប្រទេសវៀតណាម ពេលនេះបានបង្ហាញចំណាប់អារម្មណ៍ចង់មកវិនិយោគនៅកម្ពុជាដែលហើយ។
ជាក់ស្តែង កាលពីថ្មីៗនេះឯកឧត្ដម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួងបរិស្ថាន ដើម្បីបំពញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល៣ថ្ងៃ។
នៅក្នុងជំនួបនេះ ឯកឧត្ដម សាបូ អូហ្សាណូ បានទទួលជួបពិភាក្សាការងារជាមួយ លោក Pan Yaoda អគ្គនាយក ក្រុមហ៊ុន Thien Y Environmental Energy Joint Stock Company បានលើកឡើងពីគោលបំណងចង់មកធ្វើការវិនិយោគលើការកែច្នៃសំរាម ទៅជាថាមពលអគ្គិសនី និងវិនិយោគនៅលើផ្នែកផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។ លោកអគ្គនាយកក្រុមហ៊ុន បានបញ្ជាក់ថា ក្រុមហ៊ុនមានជំនាញ និងបច្ចេកវិទ្យាថ្មី ក្នុងការកែច្នៃសំរាម ដើម្បីធ្វើជាថាមពលអគ្គិសនីនៅប្រទេសចិន និងវៀតណាម។
ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ ស្វាគមន៍ចំពោះបណ្តាក្រុមហ៊ុននានា ដែលមានបំណងធ្វើការវិនិយោគនៅកម្ពុជា ដែលគិតគូរលើបរិស្ថាន និងជួយលើកម្ពស់ការអភិវឌ្ឍជីវភាពប្រជាជននិងបង្កើនេសដ្ឋកិច្ចជាតិ។
ឯកឧត្តមប្រធានប្រតិភូ ក៏បានស្នើឱ្យក្រុមហ៊ុនធ្វើផែនការ និងសិក្សាគម្រោងលម្អិត ហើយលើកយកពីគោលបំណងចំពោះការវិនិយោគលើការកែច្នៃសំរាម ដើម្បីផលិតជាថាមពលអគ្គិសនី ដែលអាចជួយដោះស្រាយបញ្ហាសំរាម និងជួយលើកកម្ពស់បរិស្ថាន ដើម្បីរាយការណ៍ជូនឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាននៅពេលបន្ទាប់ពីទស្សនកិច្ចផងដែរ៕