ធនាគារជាច្រើនរបស់វៀតណាមកំពុងជួបបញ្ហាកំណើនឥណទានធ្លាក់ចុះរហូតបង្ខំចិត្តនាំគ្នាទម្លាក់ការប្រាក់កម្ចីខណៈអ្នករកស៊ីជាច្រើនបានងាកទៅពឹងលើកម្ចីពីបុគ្គលនិងក្រុមហ៊ុនឯកជនផ្សេងៗជាច្រើនទៀត។
បើយោងតាម Vietnamnews បានឲ្យដឹងថាធនាគារBIDV បញ្ចេញកញ្ចប់លុយប្រមាណ៣០០ពាន់ពាន់លានដុងដើម្បីត្រៀមបញ្ចេញកម្ចីដោយទម្លាក់ការប្រាក់ពីចន្លោះ០.៥%ទៅ២%ដែលជាអត្រាការប្រាក់មួយទាប។
ចំណែកធនាគារ Agribank បានឲ្យដឹងថាខ្លួនបានធ្វើការកែប្រែអត្រាការប្រាក់កម្ចីចំនួន៦ដងរួចហើយសម្រាប់ជួយសម្រួលដល់អាជីវកម្មជាច្រើន។ សម្រាប់កម្ចីរយៈពេលខ្លីគឺចាប់ពី៥%ប្រចាំឆ្នាំ ចំណែកកម្ចីរយៈពេលមធ្យមនិងវែងចាប់ពី៨%ក្នុងមួយឆ្នាំដោយមានកញ្ចប់លុយ១០០ពាន់ពាន់លានដុង និង៥០០លានដុងទៀតសម្រាប់អតិថិជនសាជីវកម្ម។ បើតាមការស្រាវជ្រាវនៅក្នុងធនាគារ មានធនាគារ Vietinbank, Vietcombank, TPBank, Sacombank និងMSB ដែលបានធ្លាក់ការប្រាក់ពី០.៥%ទៅ២%។
អ្នកជំនាញផ្នែកធនាគារលោកវេជ្ជបណ្ឌិត Nguyễn Trí Hiếu បានឲ្យដឹងថាទំនោរនៃការប្រាក់ធ្លាក់ចុះប៉ុន្ដែវាអាចបង្កហានិភ័យដល់សេដ្ឋកិច្ចជាតិពោលគឺមានន័យថាធនាគារតែត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពេលផ្ដល់កម្ចីហើយអាជីវកម្មនិងក្រុមហ៊ុនផ្សេងៗមិនអាចខ្ចីស្រួលៗនោះទេ។
ក្រៅពីបញ្ហាកំណើនឥណទានក្នុងប្រព័ន្ធធនាគារធ្លាក់ចុះ ធនាគារវៀតណាមក៏ជួបបញ្ហាមួយទៀតគឺកម្ចីខូចក្នុងប្រព័ន្ធធនាគារកើនឡើងខ្លាំងផងដែរ។ ជាក់ស្ដែងបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានVietnamnet បានឲ្យដឹងថាកម្ចីខូច(NPL)នៅក្នុងប្រព័ន្ធធនាគារវៀតណាមទាំងមូលបានឡើងដល់៣%គិតត្រឹមដំណាច់ខែកុម្ភៈឆ្នាំ២០២៣ពោលគឺកើនឡើងទ្វេដងបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២។
ជុំវិញកម្ចីខូចនេះដែរ ក្នុងនោះមានធនាគារមួយចំនួនមានកម្ចីខូចលើស៣%ដែលលើសពីច្បាប់ធនាគារកណ្ដាលរបស់វៀតណាមបានកំណត់ទៅទៀត។ ក្នុងនោះធនាគារ NCB មានកម្ចីខូចដល់ទៅ២៣% VPBank ៦.២៤% BaovietBank ៤.៦៩% និងធនាគារ VIB ៣.៦៤%ផងដែរ។ ហើយកម្ចីខូចត្រូវបានគេព្យាករថានឹងកើនឡើងខណៈទីផ្សារអចលនទ្រព្យនិងប័ណ្ណបំណុលមិនទាន់ងើបឡើងវិញហើយកម្ចីខូចក្នុងអចលនទ្រព្យនិងប័ណ្ណបំណុលមានច្រើន៕