ស្រ្តេស បាក់ទឹកចិត្ត គ្មានអារម្មណ៍ធ្វើការ អាចនិយាយបានថាមនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់ជួប ហើយក៏មានអ្នកខ្លះកំពុងជួប រហូតដល់ធ្វើការសុខៗស្រាប់តែចង់លាឈប់។ ដូច្នេះសេដ្ឋីនិពន្ធលោក Brain Tracy បានណែនាំឱ្យធ្វើរឿង៤នេះជាបន្ទាន់ ដើម្បីធ្វើឱ្យជីវិតរីករាយក្នុងការងារត្រឡប់មកវិញ។
១. ស្វែងរកឬសគល់ធ្វើឱ្យចង់ឈប់៖ លោក Brian និយាយថាប្រសិនបើអ្នកបាក់ទឹកចិត្តលែងចង់ធ្វើការ តែនៅព្យាយាមប្រាប់ខ្លួនឯងឱ្យដោះស្រាយបញ្ហាបាក់ទឹកចិត្តនោះ ដោយមិនដឹងមូលហេតុ ទោះបីជាអ្នកប្រឹងធ្វើការដល់ស្លាប់ ក៏វានៅតែធ្វើឱ្យអ្នកបាក់ទឹកចិត្តកាន់តែខ្លាំងឡើងៗដែរ។
ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍ថាលែងចង់ធ្វើការសូមកុំអង្គុយលួងលោមខ្លួនឯងហើយរង់ចាំពេលវេលាអាក្រក់កន្លងផុតទៅ ឬធ្វើចិត្តត្រជាក់ជាមួយភាពបរាជ័យអី សូមស្វែងរកមូលហេតុធំបំផុតនៃបញ្ហាដែលធ្វើឱ្យទឹកចិត្តធ្លាក់ចុះហើយព្យាយាមដោះវាម្តងមួយជំហានៗឱ្យអស់លទ្ធភាព រហូតអាចរកឃើញដំណោះស្រាយដ៏សមស្របមួយ។
២. សុំជំនួយពីមិត្តរួមការងារដែលគួរឱ្យទុកចិត្តបាន៖ បញ្ហាបាក់ទឹកចិត្តនៅកន្លែងការងាររបស់បុគ្គលិកត្រូវបានគេសិក្សាថាមានចំនួនរហូតដល់ទៅ៧៦% ឯណោះដែលធ្លាប់ជួបបទពិសោធន៍នេះ ប្រភពនៃមូលហេតុគឺបណ្តាលមកពីកន្លែងការងារមានភាពអាប់អួរ មេមិនសូវយកចិត្តទុកដាក់គាំទ្រ បុគ្គលិកគ្នាឯងរើសអើងនិងការងារមិនសូវទៅមុខ។
ដូច្នេះចូររៀនសុំជំនួយពីមិត្តរួមការងារដែលទុកចិត្តបាន ហើយប្រសិនបើការងារមួយចំនួនពិបាកធ្វើ ឬមិនសូវយល់គួរតែសួរនិងរៀនពីអ្នកដទៃឱ្យបានច្រើន។ ការធ្វើបែបនេះអាច ជួយសម្រួលការងារមួយផ្នែករបស់អ្នក អាចផ្លាស់ប្តូរបទពិសោធន៍ថ្មី និងចុះសម្រុងជាមួយមិត្តរួមការងារច្រើនជាងមុនផងដែរ។
៣. ដាក់គោលដៅដែលអាចមើលឃើញក្នុងការងារ៖ គោលដៅក្នុងការងារអ្នកណាក៏អាចដាក់បានដែរ ថាតើខែនេះនឹងសម្រេចអ្វី ធ្វើនៅពេលណា ចំនួនប៉ុន្មាន ត្រូវបញ្ចប់ទៅវិញនៅពេលណា។ ដោយឡែកអ្វីដែលធ្វើឱ្យបុគ្គលិកបាក់ទឹកចិត្តនោះគឺដោយសារដាក់គោលដៅដែលលើសពីសមត្ថភាពដែលមាន និងគោលដៅមិនជាក់លាក់។
ដូច្នេះដើម្បីអាចដោះស្រាយកង្វល់នេះបានបុគ្គលិកត្រូវមានគោលដៅជាមួយការងារ ហើយកំណត់គោលដៅថាធ្វើដើម្បីអ្វី ធ្វើនៅពេលណា បញ្ចប់នៅពេលណាឱ្យបានច្បាស់លាស់ ហើយត្រូវតែប្តូរផ្តាច់បង្ខំខ្លួនឯងធ្វើការងារនោះឱ្យហើយតាមពេលដែលបានកំណត់ទុកជាដាច់ខាត។
៤. ផ្លាស់ប្តូរទម្លាប់បង្កើនផលិតភាព៖ គ្រប់គ្នាសុទ្ធតែជួបវិបត្តិ ជួបបញ្ហា តែយើងពិតជាមិនអាចអង្គុយស្ងៀមមួយកន្លែងហើយរង់ចាំឱ្យពេលវេលាផ្លាស់ប្តូរបញ្ហាទេ គឺវាកើតចេញពីសកម្មភាពផ្លាស់ប្តូរខ្លួនឯង មានគោលដៅជាមួយខ្លួនឯង យកចិត្តទុកដាក់ជាមួយខ្លួនឯងឱ្យបានច្រើន អភិវឌ្ឍន៍ខ្លួនឱ្យបានលឿនបំផុត រៀនអ្វីថ្មីៗ ដើម្បីបង្កើនទំនុកចិត្តហើយមានផលិតភាពនិងការផ្តោតក្នុងការធ្វើការងារឱ្យមានប្រសិទ្ធិភាពបំផុត ។
គួរជម្រាបថាលោក Brian Tracy គឺជាវាគ្មិនសាធារណៈលើកទឹកចិត្តជនជាតិកាណាដា-អាមេរិក ផ្នែកអភិវឌ្ឍន៍ខ្លួនឯងនិង គំនិតលក់នៅជុំវិញពិភពលោក។ បច្ចុប្បន្នគាត់គឺជាសេដ្ឋីអ្នកនិពន្ធ និងបានសរសេរសៀវភៅជាង ៨០ក្បាលដែលត្រូវបានបកប្រែរាប់សិបភាសា និងត្រូវបានគេទទួលស្គាល់ជាហូរហែថា បានផ្លាស់ប្តូរផ្នត់គំនិតរបស់មនុស្សជាច្រើន ៕